ខេត្តស្វាយរៀង៖ សេចក្តីរាយការណ៍ឱ្យដឹងថា ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យដួលរលំផ្ទះសង្កត់លើស្ត្រីម្នាក់ស្លាប់ និងកូន២នាក់រងរបួសធ្ងន់ កើតឡើងកាលពីវេលាម៉ោងប្រមាណ១ និង២០នាទីរសៀលថ្ងៃទី១ សីហា ស្ថិតក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះពិន សៀន ជាកសិករអាយុ៤៧ឆ្នា ំនិងកូនស្រីរងរបួស២នាក់ ១-ឈ្មោះសុខ នី អាយុ៥ឆ្នាំ និង២-ឈ្មោះ សុភាន់ ភេទប្រុស អាយុ២ឆ្នាំ អ្នកទាំង៣រស់នៅក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងកូនៗកំពុងញាំបាយនៅខាងក្រោមផ្ទះ ដោយមិនបានចាប់អារម្មណ៍ ។ ខណៈនោះស្រាប់តែមេឃភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងហើយផ្ទះក៏ដួលរលំសង្កត់ពីលើបាក់ចង្កេះបាក់ភ្លៅសន្លប់ស្លូកស្តឹង និងកូន២នាក់ក៏រងរបួសសន្លប់ទាំងម្តាយនិងកូនតែម្ដង ។
បន្ទាប់មកបុរសជាប្តីបានស្រែកហៅអ្នកស្រុកមកគាស់ផ្ទះឡើង ទាញយកប្រពន្ធនិងកូនៗចេញមកក្រៅរួចហៅរថយន្តសាមុយមកដឹកបញ្ជូនទីមន្ទីពេទ្យខេត្តដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយផ្ទះនៅឆ្ងាយរយៈពេលជាច្រើនម៉ោងទម្រាំរថយន្តសង្គ្រោះទៅដល់ដឹកមកដល់មន្ទីរពេទ្យស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតគួរឲ្យសសង្វេគបំផុត ។
ករណីគ្រោះធម្មជាតិដោយភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់នេះ ក៏បានធ្វើអោយរលំផ្ទះប្រជាពលរដ្ឋ១ខ្នង និងរបេីកដំបូលផ្ទះ៧ខ្នងទៀតផងដែរ។ បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី នៅថ្ងៃទី២ សីហា ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ