ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ក្រោយ​..ដាក់ដំណើរការ​សាលា​ឧទ្ធរណ៍​ខេត្ត​3​ និង​តុលាការ​ជំនាញ​2

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​នឹង​ដាក់​ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​នៅ​ក្នុង​ខេត្ត​ចំនួន៣ និង​តុលា​ការ​ជំនាញ​២​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លី​ន ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​នឹង​ដាក់​ឱ្យ​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​នៅ​ក្នុង​ខេត្ត​ចំនួន៣ និង​តុលា​ការ​ជំនាញ​២​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លី​ន ។

លោក ជិន ម៉ា​លី​ន បាន​លើក​ឡើង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ស្តី​ពី​«​សមិទ្ធផល​១​ឆ្នាំ ក្រោយ​ការ បោះ​ឆ្នោត​» ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា បច្ចុប្បន្ន​នេះ​កម្ពុជាមាន​សាលា​ឧទ្ធរណ៍​តែ​មួយ​ទេ គឺ​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​ដោះស្រាយ​គ្រប់​សំណុំរឿង​ដែល​បាន​បញ្ជូន​ពី​គ្រប់​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ។

លោក​បញ្ជាក់​ថា «​អី​ុ​ចឹ​ង​រយៈពេល​១​ឆ្នាំ​នេះ​យើង​បាន​សាងសង់​សាលាឧទ្ធរណ៍​តំបន់​បាន​ចំនួន​៣​ខេត្ត គឹ​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ហើយ​ដំណើរការ​សាងសង់​នេះ​បាន​៨០​ភាគរយ​ហើយ និង​រំពឹង​ថា​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​នេះ​(២០២០)» ។

លោក ជិន ម៉ា​លី​ន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ទាក់ទង​នឹង​ការ​រៀបចំ​ចាត់តាំង​តុលាការ គឺ​ការ​ដាក់​ឲ្យ​ដំណើរ​តុលាការ​ជំនាញ ដែល​ច្បាប់​បាន​បង្កើត​មាន​៤​គឺ ១-​តុលាការ​ព្រហ្មទណ្ឌ ២-​តុលាការ​រដ្ឋប្បវេណី ៣-​តុលា​ការ​ពាណិជ្ជកម្ម និង​៤-​តុលាការ​ការងារ ។

ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ តុលាការ​ដែល​ដំណើរការ​មាន​តែ​២ គឺ​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី ចំណែក​តុលាការ​២​ទៀតកំពុង​ស្ថិត​ក្នុង​ដំណើរការ​សិក្សា​រៀបចំ​ធនធានមនុស្ស និង​ការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់​គតិ​យុ​ត្ត​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​នៃ​តុលា
ការ​ទាំង​ពីរ​នេះ​(​តុលាការ​ពាណិជ​កម្ម និង​តុលា​ការងារ​) ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​បង្កើត​សាលាដំបូង​នៅ​ខេត្ត​កែប​មួយទៀត ដែល​បច្ចុប្បន្ន​មាន​សាលាដំបូង​តែ​២៤ ហើយ​នៅ​ពេល​បច្ចុប្បន្ន​ខេត្ត​កែប​បាន​ប្រើប្រាស់​តុលា​ការ​រួម​គ្នា​ជាមួយ​តុលាការ​ខេត្តកំពត ។លោក ជិន ម៉ា​លី​ន បញ្ជាក់​ថា «​អី​ុ​ចឹ​ង​ទេ​អាច​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ ប្រ​សិន​អ្វី​ៗ​ធ្វើ​តាមការ​គ្រោងទុក​របស់​យើង​រួម​មាន គម្រោង​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​បទដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន យើង​អាច​បើក​ការ​សាងសង់​សាលាដំបូង​ខេត្ត​កែប​នៅ​ឆ្នាំ​ក្រោយ​» ។

លោក ជិន ម៉ា​លី​ន បាន​លើក​ពី​មូលហេតុ​ដែល​បង្កើត​ស្ថាប័ន​តុលាការ ព្រមទាំង​តុលាការ​ជំនាញ​នេះ គឺជា​គោលការណ៍​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​ប្រជា​ពល​ដ្ឋ​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម តាម​រយៈ​ការ​លើកតម្កើង​ការ​ទទួល​បាន​យុត្តិធម៌ ។ ការ​ទទួល​បាន​យុត្តិធម៌ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​យុត្តិធម៌​មាន​ភាព​ងាយស្រួល ។ លោក​បន្ថែម​ថា ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​អាណត្តិរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌​បាន​សម្រេចលទ្ធផល​មួយ​ចំនួន ដែល​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​គឺ​ក្រសួងយុត្តិធម៌​បាន​បង្កើត​អង្គភាព​រដ្ឋបាល​តុលាការ ។

លោក ជិន ម៉ា​លី​ន បញ្ជាក់​ថា «​អី​ុ​ចឹ​ង​យើង​បង្កើត​អង្គភាព​រដ្ឋបាល​តុលាការ​នេះ​នៅ​គ្រប់​សាលា​ដំបូង និង​តុលាការ​គ្រប់​ជាន់ថ្នាក់​(​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​) ។ អង្គភាព​តុលាការ គឺជា​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​សាធារណជន​ធ្វើការ​ទាក់ទង​មក​តុលាការ ក៏​ដូច​ជា​អ្នក​នាំ ពាក្យ​របស់​តុលាការ​ផង​ដែរ ។ ក្នុង​រយៈ​១​ឆ្នាំ​នេះ យើង​បាន​ធ្វើ​ទំនើប​កម្ម​ដោយ​បាន​បំពាក់​បច្ចេកទេស​កុំព្យូទ័រ​ដើម្បី​គ្រប់គ្រង​សំណុំរឿង ។

អី​ុ​ចឹ​ងមក​ដល់​ពេល​នេះ សាលាដំបូង​មាន​២៤ ហើយ​សាលា​ដំបូង​២១ បាន​បំពាក់​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រង​សំណុំរឿង​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​បង្កើត​ការ​គ្រប់គ្រង​ទិន្នន័យ​តាម​រយៈ​ប្រព័ន្ធ​កុំ​ព្យូទ័​រ ហើយ​ឆ្នាំ​បន្តបន្ទាប់​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​សាលាដំបូង​ទាំងអស់​» ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ