រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ កុម្ភៈ ២០១៤ បានសម្រេចលើកពេលប្រកាសសាលក្រមប្រឆាំងមន្រ្តីរាជការ២រូប បម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ឋនឹងអំពើពុករលួយជាង២លានរៀល ទៅធ្វើនៅថ្ងៃទី២៥ កុម្ភៈ បន្ទាប់ពីបានបើកសវនាការសួរដេញដោលអស់ពេលជាច្រើនម៉ោងនោះរួចមក ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងដែរថា សវនាការនេះ គឺកំបាំងមុខជនជាប់ចោទទំាងពីរ និងមានវត្តមានផងដែរ ពីមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាដើមបណ្តឹង និងសាក្សី ។
សេចក្តីរាយការណ៏បានបន្ថែមថា ជនជាប់ចោទក្នងសំណុំរឿងពុករលួយទទួលសំណូកពីបុគ្គលិកដែលចង់ឡើងកំាបា្រក់ ប្រព្រឹត្តតំាងពីអំឡុងខែវិច្ឆិកា ២០១១ ហើយដែលត្រូវបានរត់គេចខ្លួននោះ ម្នាក់ឈ្មោះ សេង រដ្ឋា អាយុ៥២ឆ្នាំ ភេទប្រុស មានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងធនធានមនុស្ស នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងម្នាក់ទៀតឈ្មោះ ញាន ប៉ុន ភេទប្រុស ជាប្រធានការិយាល័យធនធានមនុស្ស នៃក្រសួងសាធារណការនិងដឹកជញ្ជូន ( អ្នកសមគំនិតរកលុយឲ្យជនជាប់ចោទខាងលើ ) ។
គួរបញ្ជាក់ដែរថា ជនជាប់ចោទទំាងពីរ ត្រូវអង្គភាពបើកការស៊ើបអង្កេតស្រាវជ្រាវអស់ពេលជាច្រើនខែ បន្ទាប់ពីបានទទួលពាក្យបណ្តឹង និងបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងចាត់ការកាលពីឆ្នាំ២០១៣កន្លងទៅ ៕
ចែករំលែកព័តមាននេះ