រាជធានីភ្នំពេញ ៖ លោកស៊ិន វិសាល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ កុម្ភៈ ២០១៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះង្វៀន ធីគិមញី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម ពីបទជួញដូរថ្នាំញៀនខុសច្បាប់ប្រភេទមេតំហ្វេតាមីនទម្ងន់ជាង១.៥គីឡូក្រាម សម្រេចដាក់ពន្ធនាគារ២៨ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល ។
ការប្រកាសនេះធ្វើឡើងនៅចំពោះមុខជនជាប់ចោទ ហើយសំណុំរឿងជួញដូរថ្នាំញៀនឆ្លងដែននេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២១ មករា ២០១៤ ។
យោងតាមតុលាការបានឱ្យដឹងថា ជនជាប់ចោទឈ្មោះង្វៀន ធីគិមញី នេះ ជាប់ពាក់ព័ន្ធនឹងរត់ពន្ធថ្នាំញៀនមកពីប្រទេសឥណ្ឌា ឆ្ពោះមកកម្ពុជា ដោយឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញនៅក្នុងរាជធានីភ្នំពេញកាលពីអំឡុងខែកក្កដា ២០១៣ ។ មន្ត្រីប៉ូលិសប្រឆាំងការជួញដូរថ្នាំញៀន សហការជាមួយនឹងមន្ត្រីគយប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឆែកឆេររកឃើញនៅក្នុងវ៉ាលីសសម្លៀកបំពាក់របស់ជនជាប់ចោទ និងបានឃាត់ខ្លួនតែម្តង ។
ចែករំលែកព័តមាននេះ