ខេត្តក្រចេះ ៖ អាជីវករលក់បន្លែ ត្រីសាច់ នៅផ្សារផែលើ ជួរមាត់ទន្លេ ស្ថិតក្នុងក្រុងក្រចេះ ចំនួនជិត២០០នាក់ បាននាំគ្នាជំទាស់តវ៉ាជាលើកទី២ ក្រោយពីអាជ្ញាធរខេត្តបានព្យាយាមរារាំងពួកគាត់មិនឱ្យមកលក់ និងផ្ទេរទំនិញ ត្រីសាច់លើផ្លូវផ្សារផែលើ ដោយបង្ខំពួកគាត់ឱ្យចូលទៅលក់ក្នុងផ្សារបន្លែរបស់ក្រុមហ៊ុនឯកជនមួយដែលបានសាងសង់រួចហើយ ។
ការជំទាស់តវ៉ារបស់អាជីវករទាំងនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ កុម្ភៈ ក្រោយពីអាជ្ញាធរប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីរារាំងពួកគាត់មិនឱ្យចូលលក់ ឬផ្ទេរទំនិញ ជញ្ជូនបន្លែ ត្រីសាច់នៅផ្សារផែលើមួយនេះ ។ ទីតាំងផ្សារផែលើមួយកន្លែងនេះ ស្ថិតនៅជាប់មាត់ទន្លេក្នុងទីប្រជុំជនក្រុងក្រចេះ ត្រូវបានអាជ្ញាធររៀបចំឱ្យអាជីវករសម្រាប់ផ្ទេរ និងជញ្ជូនទំនិញដូចជា បន្លែ ត្រីសាច់មួយចំនួន គឺធ្វើឡើងតាំងពីពាក់កណ្តាលអធ្រាត្ររហូតទល់ភ្លឺ ។ បើទោះបីជាអាជ្ញាធរបានខិតខំព្យាយាមរារាំងពួកគាត់មិនឱ្យលក់ ឬផ្ទេរទំនិញនៅទីតាំងផ្សារមួយនេះ និងបង្ខំឱ្យពួកគាត់ចូលទៅលក់ក្នុងផ្សារវិនិយោគឯកជនថ្មីមួយកន្លែងទៀតយ៉ាងណាក៏ដោយ ក៏ក្រុមអាជីវករនៅតែអះអាងថា មិនព្រមធ្វើតាមដោយសារតែពួកគាត់គ្មានលទ្ធភាពទិញតូបសម្រាប់លក់ក្នុងផ្សារថ្មីនោះទេ ។
ផ្សារបន្លែមួយកន្លែងដែលអាជ្ញាធរបានវិនិយោគឱ្យឯកជននេះ មានទីតាំងនៅខាងក្រោយផ្សារសាមគ្គី ក្រុងក្រចេះ ចម្ងាយជាង១០០ម៉ែត្រពីគ្នា ហើយសព្វថ្ងៃនេះក៏មានអាជីវករលក់បន្លែ ត្រីសាច់មួយចំនួនបានចូលទៅតាំងលក់ក្នុងផ្សារមួយនេះអស់ហើយដែរ ។ ជាមួយនឹងការចុះរារាំងពីសំណាក់កងកម្លាំងប្រដាប់អាវុធនាយប់នោះ ក៏មានការចុះសម្របសម្រួលពីសំណាក់លោកហង្ស ចាន់ឌី អភិបាលក្រុងក្រចេះ ជាមួយនឹងក្រុមអាជីវករដែរ ។ ស្ថានភាពបានតានតឹងអស់រយៈពេលជាច្រើនម៉ោង ដោយអាជីវករជាច្រើនរយនាក់បានឈរតម្រៀបគ្នាត្រៀបត្រាពេញរង្វង់មូលព្រាបស ក្នុងទីប្រជុំជនក្រុងក្រចេះ ខណៈមានកងកម្លាំងប្រដាប់អាវុធដាក់បារ៉ាស់បាំងផ្លូវមិនឱ្យពួកគាត់ចូលទៅកាន់ទីតាំងធ្លាប់លក់ដូរនោះ ។ ក្រុមអាជីវករអះអាងថា ទោះជាអាជ្ញាធរក្រុងបង្ខំឱ្យពួកគាត់ចាកចេញ និងបិទផ្លូវមិនអនុញ្ញាតឱ្យដឹកជញ្ជូនបន្លែផ្សេងៗតាមទូក ឬកាណូតពីតំបន់ដទៃក្នុងខេត្ត មកផ្ទេរនិងលក់ដូរបន្តនៅកន្លែងចាស់ទៀតយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែមិនព្រមទទួលយកវិធានការរបស់អាជ្ញាធរក្រុងដែលតម្រូវឱ្យចូលទៅលក់ក្នុងផ្សារឯកជននោះដែរដោយសារតែពួកគាត់គ្មានលទ្ធភាពទិញកន្លែងថ្មីដែលមានតម្លៃខ្ពស់ និងមានទីតាំងចង្អៀត ហើយលក់ដូរនៅតាមសំយាបផ្ទះរបស់គេទៀតផង ។
ក្រុមអាជីវករនិយាយថា កាលពីពាក់កណ្តាលឆ្នាំ២០១២ កន្លងទៅ ពួកគាត់បានទិញកន្លែងលក់ដូរនៅទីតាំងផែលើនេះពីគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយអនាម័យ និងបរិស្ថានតាមដងផ្លូវរបស់អាជ្ញាធរខេត្ត ក្នុងតម្លៃចាប់ពី១០០ដុល្លារទៅដល់៥០០ដុល្លារក្នុងមួយកន្លែងទៅតាមទំហំផ្សេងៗគ្នា ។ ដូច្នេះ ពួកគាត់ទាំងអស់គ្នាដាច់ខាតមិនចូលទៅលក់នៅក្នុងផ្សារវិនិយោគរបស់ឯកជននោះទេ តែបើអាជ្ញាធរក្រុងតម្រូវឱ្យពួកគាត់ទៅលក់នៅបរិវេណផ្សារសាមគ្គីក្រុងក្រចេះនោះ ពួកគាត់មិនជំទាស់ទេ ព្រោះផ្សារនេះជាផ្សាររបស់រដ្ឋ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អភិបាលក្រុងក្រចេះ លោកហង្ស ចាន់ឌី ធ្លាប់បានឱ្យដឹងថា អាជ្ញាធរក្រុងបានជូនដំណឹងដល់អាជីវករទាំងអស់នៅផ្សារផែលើនេះឱ្យពួកគាត់ត្រៀមលក្ខណៈដើម្បីចូលទៅលក់ក្នុងផ្សារវិនិយោគថ្មីវិញ ចៀសវាងការកើតមានគ្រោះថ្នាក់ចរាចរណ៍ដែលទីតាំងនេះលក់នៅលើចិញ្ចើមផ្លូវនាពេលយប់ផងនោះ ។ ម្យ៉ាងទៀត កន្លែងថ្មីនេះមិនមានការទិញលក់ដូចពួកគាត់និយាយនោះទេ គ្រាន់តែមានការបង់ភាស៊ីសម្រាប់សម្អាតអនាម័យខ្លះៗតែបុ៉ណ្ណោះ ។
លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា នេះជាគោលការណ៍របស់សាលាក្រុងក្រចេះ ក្នុងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ធ្វើឱ្យទីក្រុងមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ។ ទោះបីជាយ៉ាងណា ក៏អាជ្ញាធរក្រុងនឹងទទួលយកសំណូមពររបស់ពួកគាត់មកដោះស្រាយជាបន្តទៀត ទោះបីជាពួកគាត់មិនព្រមអនុវត្តតាមគោលការណ៍របស់សាលាក្រុងយ៉ាងណាក៏ដោយ ៕
ចែករំលែកព័តមាននេះ