ខេត្តកំពង់ធំ ៖ បទល្មើសនេសាទខុសច្បាប់ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ត្រូវបានកើនឡើងជាលំដាប់ បន្ទាប់ពីរដូវវស្សាបានកន្លងផុតទៅ ធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់ថ្នាក់ដឹកនាំមានវិធានការទប់ស្កាត់ ដើម្បីការពារធនធានមឆ្ឆាជាតិ។
ជាក់ស្តែង កាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី០៥ កុម្ភៈ ២០១៤ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន បានដឹកនាំកម្លាំងសហការជាមួយផ្នែកសឹករងក្រុងស្ទឹងសែន ចុះបង្រ្កាបជនល្មើសនេសាទឆក់ត្រី នៅតំបន់អាងស្នែងក្របី ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ជាមួយនិងវត្ថុតាងមាន ម៉ូតូសង់កូរ៉េ ៤គ្រឿង អាគុយ ៤០អាំពែរ ចំនួន៦ ដងឆក់៦ និងអាំងវ៉ិចទ័រឆក់ត្រី ចំនួន៣។
ជនសង្ស័យទាំង ៤នាក់ មានឈ្មោះ ១. នួន ជា ភេទប្រុស អាយុ ២៨ឆ្នាំ ២. ឡាញ់ លីន ភេទប្រុស អាយុ ២៨ឆ្នាំ ៣. ចុន រ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ និង ៤. ចិក ឡេត ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំង ៤នាក់ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ត្រូវបានឃាត់ខ្លួននៅចំណុចអាងសសរមួយ និងបញ្ជូនមកកាន់ទីស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានប្រសាសន៍ថា លទ្ធផលនៃការបង្ក្រាបបានបទល្មើសខាងលើនេះ គឺជាការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចយើង និងសូមបានថ្លែងអំណរគុណចំពោះកម្លាំងសឹករងក្រុងស្ទឹងសែន ដែលបានសហការគ្នាល្អក្នុងការបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ទាំងនេះ បានជាច្រើនករណីមកហើយ ហើយក៏ជាការចូលរួមចំណែកក្នុងការការពារធនធានមឆ្ឆាជាតិផងដែរ។
នៅក្នុងយុទ្ធនាការចុះបង្រ្កាបនេះដែរ ខណ្ឌរដ្ឋបាលជលផលខេត្ត បានប្រើប្រាស់កម្លាំងសរុបនៅតាមផ្នែក និងសង្កាត់រួមគ្នា ជាពិសេសចាប់ពីដើមខែមករា ឆ្នាំ២០១៤ មកនេះ ខណ្ឌរដ្ឋបាលជលផល បានចាប់បទល្មើសឆក់ចំនួន ១១ករណី គិតត្រឹមថ្ងៃទី០៥ កុម្ភៈ ២០១៤។
លោកនាយខណ្ឌ ក៏សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាបញ្ឈប់នូវបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី) និងរបាំងស្បៃមុង ដែលជាហេតុបណ្តាលឲ្យធនធានមច្ឆាជាតិ ត្រូវស្លាប់បាត់បង់ជីវិតអស់ គ្មានឱកាសនឹងពងកូនបន្តពូជ ត្រូវបង្អាក់រហូតដល់ទៅ ៣ឆ្នាំ ទើបអាចពងកូនបានបន្តទៀត និងនាំឲ្យមានទោសដល់ខ្លួនទៀតផង៕
ចែករំលែកព័តមាននេះ