ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រីថៃ​ម្នាក់ នៅ​ព្រលាន​យន្តហោះ​សៀម​រាប ប្រតិ​បត្តិការ​បង្ក្រាប​គ្រឿង​ញៀន

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ស្ត្រី​​ជន​ជាតិ​ថៃ​ម្នាក់​​បាន​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រចាំ​​ច្រក​ទ្វារ​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​​ ឃាត់​ខ្លួន​​រយៈ​ពេល​​ខ្លី​ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋ​ជន​​ជួញ​ដូរ​គ្រឿង​ញៀន​​ឆ្លង​ដែន​។

ខេត្ត​សៀម​រាប​ ៖ ស្ត្រី​​ជន​ជាតិ​ថៃ​ម្នាក់​​បាន​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រចាំ​​ច្រក​ទ្វារ​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​​ ឃាត់​ខ្លួន​​រយៈ​ពេល​​ខ្លី​ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋ​ជន​​ជួញ​ដូរ​គ្រឿង​ញៀន​​ឆ្លង​ដែន​។

​ប្រតិ​បត្តិ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជន​បរទេស​​​ខាង​លើ​​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​៣​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ កុម្ភៈ ក្រោម​ការ​ដឹក​នាំ​កម្លាំង​ផ្ទាល់​ដោយ​លោក ជួន សុបញ្ញា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ និង​មាន​កម្លាំង​ប្រតិ​បត្តិ​ការ​រួម​គ្នា​​រវាង​កម្លាំង​​ប៉ូលិស​នៃ​ស្នង​ការ​​ដ្ឋាន​ខេត្ត​ ប៉ូលិស​អន្តោ​ប្រវេសន៍​ និង​មន្ត្រី​គយ​ និងរដ្ឋា​ករ​ប្រចាំ​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ ដែល​ជា​ច្រក​​​អន្តរ​ជាតិ​ដ៏​សំខាន់​​មួយ ធ្លាប់​បាន​បង្ក្រាប​បទ​ល្មើស​​​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់​​ទ្រាយ​ធំ​យ៉ាង​តិច​​ចំនួន​៧​លើក​រួច​មក​ហើយ ។ ​​ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​រសៀល​ថ្ងៃ​ទី​​៥ កុម្ភៈ​​តំណាង​អយ្យ​ការ​​​អម​សាលា​ដំបូង​ខេត្ត​​​​ ហាក់​ដូច​ជា​​ព្យាយាម​លាក់​បាំង​ព័ត៌​មាន​​​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ខាង​លើ​ ដោយ​បញ្ជាក់​ថា​​ ពុំ​មាន​ជន​បរទេស​ណា​​​ម្នាក់​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​ ខណៈ​ពេល​លោក​វរ​សេនីយ៍​ឯក​ អ៊ុំ មករា ស្នង​ការ​រង​នគរ​បាល​ខេត្ត បាន​អះ​អាង​ថា​​ ពិត​ជា​មាន​ហេតុ​ការណ៍​ចាប់​ខ្លួន​មែន តែ​សុំ​មិន​ធ្វើ​អធិប្បាយ ។

​ទាក់​ទិន​នឹង​ករណី​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​​នេះ​ដែរ ត្រូវ​បាន​​ប្រភព​ពី​មន្ត្រី​​ប៉ូលិស​មួយ​រូប​​ដែល​មាន​ភ្ជាប់​​ទាំង​រូប​ថត​ជន​សង្ស័យ​ផង​នោះ​​​​និយាយ​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​​នេះ​ឈ្មោះ ​ណាម រិនរិត្យា ​អាយុ​ប្រហែល​​២៨​​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​​ចាប់​ខ្លួន​ភ្លាមៗ​ជាមួយ​នឹង​វ៉ាលីស​ធំៗ​​មាន​កង់​អូស​ចំនួន​ពីរ​ បន្ទាប់​ពី​ចុះ​ពី​ជើង​យន្ត​ហោះ​ K6435 ពី​ប្រទេស​ចិន ។ ប្រភព​ដដែល​បាន​បន្ថែម​ថា នា​យប់​​​នោះ​​នៅ​តាម​បណ្តាញ​សុើប​ការណ៍​សម្ងាត់​បាន​រាយ​​ការណ៍​ថា មាន​អំពើ​​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​មួយ​ ​ចេញ​ពី​ប្រទេស​ប្រេស៊ីល​​ឆ្លង​កាត់​ប្រទេស​ចិន​​ចូល​មក​កាន់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ ហើយ​ស្ត្រី​ជន​ជាតិ​ថៃ​ខាង​លើ​ត្រូវ​បាន​សង្ស័យ​ខ្ពស់​​ ទើប​សម្រេច​ឃាត់​ខ្លួន​​បញ្ជូន​បន្ត​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​​ខេត្ត​ ដើម្បី​ត្រួត​ពិនិត្យ ។

ថ្វី​បើ​យ៉ាង​នេះ​ក្តី​ ក្នុង​បេសក​កម្ម​ត្រួត​ពិនិត្យ​​ជន​សង្ស័យ​ ជា​ពិសេស​នៅ​ក្នុង​វ៉ាលីស​ធំ​ទាំង​ពីរ​របស់​គាត់​ សមត្ថ​កិច្ច​មិន​បាន​រក​ឃើញ​វត្ថុ​តាង​គ្រឿង​ញៀន​ សូម្បី​តែ​បន្តិច​ដូច​បណ្តាញ​សម្ងាត់​រាយ​ការណ៍​មក​នោះ​ទេ​ ក្រៅ​ពី​សម្លៀក​បំពាក់​ចាស់​ប៉ុន្មាន​សម្រាប់​ ដែល​រោយ​ម្សៅ​កាហ្វេ​ពី​លើ​ ដើម្បី​ការ​ពារ​ក្លិន​ប៉ុណ្ណោះ​ ។​ ​ហេតុ​នេះ​ហើយ​ក៏​សម្រេច​ដោះ​លែង​ស្ត្រី​​រូប​នេះ​​ឱ្យ​មាន​សេរី​ភាព​វិញ​ នា​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ ថ្ងៃ​ដដែល​ ។​ ជាមួយ​គ្នា​នោះ​ដែរ​  ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ដាច់​ដោយ​ឡែក​មួយ​ទៀត​ បាន​ទម្លាយ​ថា​ បេសក​កម្ម​តាម​ប្រមាញ់​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ខាង​លើ​ ទំនង​ជា​ត្រូវ​បែក​ការណ៍​ បណ្តាល​ឱ្យ​ឧក្រិដ្ឋ​ជន​ដឹង​ខ្លួន​មុន​ ដោយ​ធ្វើ​ការ​ដោះ​ដូរ​គ្រឿង​ញៀន​តាំង​ពី​នៅ​ប្រទេស​ចិន​ ក៏​ថា​បាន​ ព្រោះ​ក្រោយ​ពី​សមត្ថ​កិច្ច​ដោះ​លែង​ស្ត្រី​ជន​ជាតិ​ថៃ​រូប​នោះ​ គេ​ឃើញ​មាន​មនុស្ស​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​ទាំង​​អ្នក​មាន​កាំភ្លើង​ខ្លី​ផង​ បាន​បើក​រថយន្ត​មួយ​គ្រឿង​មក​ទទួល​ស្ត្រី​នោះ​យ៉ាង​ហំហាន​ ។​ គួរ​កត់​សម្គាល់​ថា​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សម្គាល់​ឃើញ​ពួក​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ ហាក់​កំពុង​យក​ច្រក​អន្តរ​ជាតិ​សៀម​រាប​ ជា​ទី​នាំ​ចូល​គ្រឿង​ញៀន​ពី​បរ​ទេស​យ៉ាង​សំខាន់​ ដែល​ភាគ​ច្រើន​នៃ​ចំនួន​អ្នក​ចាប់​ខ្លួន​ជា​ស្ត្រី​ភេទ​ ។​

​មន្ត្រី​សមត្ថ​កិច្ច​បាន​អះ​អាង​ថា​ ចាប់​ពី​អំឡុង​ពាក់​កណ្តាលខែ​សីហា​ ឆ្នាំ​២០១២​ ​មក​ គេ​បាន​បង្ក្រាប​ជា​លក្ខណៈ​​ទ្រង់​ទ្រាយ​​​ធំ​លើបទ​ល្មើស​​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​តាម​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀម​រាប​​ចំនួន​៧​លើក​រួច​មក​ហើយ​ ដោយបាន​រឹប​អូស​វត្ថុ​តាង​គ្រឿង​ញៀន​ជាង​២០​គីឡូ​ក្រាម​ និង​ចាប់​ខ្លួន​​ឧក្រិដ្ឋ​ជន​បាន​ចំនួន​៨​នាក់​ ក្នុង​នោះ​៦​នាក់​ជា​ស្ត្រី ។ គ្រប់​ជន​បរទេស​ដែល​ត្រូវ​ចាប់​ខ្លួន​ មិន​មាន​ជន​ណា​ម្នាក់​ត្រូវបាន​ដោះ​លែង​ទេ​ គឺ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូងខេត្ត​ ហើយ​ត្រូវ​ផ្តន្ទា​ទោស​យ៉ាង​តឹង​រឹុង​បំផុត​ ដោយ​ម្នាក់​ៗ​ត្រូវ​​ផ្តន្ទា​ទោស​ដាក់​​ពន្ធ​នាគារ​យ៉ាង​តិច​រយៈ​ពេល​២៨​ឆ្នាំ​ឡើង​ទៅ ។​

ក្រុម​អ្នក​តាមដាន​សង្គមបាន​និយាយ​ថា​ ក្រុង​សៀម​រាប​ប្រាកដ​ជា​មាន​បណ្តាញ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ដ៏​ធំ​ដែល​សមត្ថ​កិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ ទើប​ផ្តល់​ឱកាស​ឱ្យ​ពួក​នោះ​អាច​នាំ​ចូល​គ្រឿង​ញៀន​ពី​ក្រៅ​ប្រទេស​មក​ពង្វក់​យ៉ាង​ងប់​ងុល​ដល់​កូនខ្មែរ និង​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ពាស​ពេញ​ពិភពលោក​​មក​ស្នាក់​នៅ​ក្នុង​ក្រុង​នេះ​យ៉ាង​ព្រហើន​ដូច្នេះ ៕​