រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ បានបើកសវនាការលើសំណុំរឿងរលកស្នេហ៍តាមទូរស័ព្ទ ដែលខាងស្រីបានវេចបង្វេចមករួមមេត្រីជាមួយប្រុសស្នេហ៍អស់រយៈពេលជាច្រើនថ្ងៃដោយប្ដីមិនបានដឹងរឿង ព្រោះរស់នៅបែកគ្នា ។ ទោះបីជាបែបណា សាលក្រមនេះត្រូវបានលើកពេលទៅប្រកាសនៅថ្ងៃទី១២ កុម្ភៈ ។
ក្នុងសវនាការមានលោក តែ សំអាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចំពោះមុខជនត្រូវចោទឈ្មោះ យិន ទូច អាយុ ៣២ឆ្នាំ ដែលកំពុងជាប់ឃុំ និងបងស្រីឈ្មោះ ឃុន ណៃហឿន អាយុ ៤២ឆ្នាំ (នៅក្រៅឃុំ) និងមេធាវីការពារក្ដី ។ នៅក្នុងសវនាការ ជនត្រូវចោទឈ្មោះ យិន ទូច ហៅយឹត បានសារភាពទាំងអស់ដូចអ្វីដែលគេបានឆ្លើយនៅចំពោះមុខសមត្ថកិច្ចក្នុងពេលចាប់ខ្លួនកន្លងមក ។ ជនត្រូវចោទមិនលាក់លៀមទេថា ខ្លួនបានស្គាល់និងបានរួមមេត្រីជាមួយនាង ហ.វ.ណ អាយុ ៣០ឆ្នាំ ជាភរិយាមន្ដ្រីរាជការម្នាក់ធ្វើការនៅសាលាខេត្ដក្រចេះ តាមរយៈមិត្ដភក្ដិម្នាក់ដែលឱ្យលេខទូរស័ព្ទរបស់នាងដើម្បីទាក់ទង ។ ក្រោយពីបានលេខទូរស័ព្ទ គេក៏បានទាក់ទងស្នេហ៍ជាមួយខាងស្រីអស់រយៈពេលជិត២ឆ្នាំ ទើបខាងស្រីស្ម័គ្រស្មោះវេចបង្វេចចោលប្ដីមករួមរស់ជាមួយបាន២១ថ្ងៃក៏បែកការណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួន ។ គួររំលឹកថា បុរស-នារី ២នាក់បងប្អូន ត្រូវនគរបាលនាយកដ្ឋានសន្ដិសុខក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធនឹងរឿងរាវលេខទូរស័ព្ទប៉ះចំប្រពន្ធគេ ហើយព្យាយាមអន្ទងរហូតស្ដ្រីរូបនោះសុខចិត្ដចាកចោលប្ដីមករួមរស់ជាមួយគូស្នេហ៍ដែលទាក់ទងតាមទូរស័ព្ទនេះជិត១ខែ ទើបប្ដីតាមរកឃើញ ។ ពិតជាគួរឱ្យហួសចិត្ដ និងនឹកស្មានមិនដល់ដែលស្រ្ដីមានប្ដី និងមានទ្រព្យសម្បត្ដិបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសព្រានតាមទូរស័ព្ទ រហូតបាក់ចិត្ដវេចបង្វេចចុះចោលប្ដីមករកប្រុសស្នេហ៍តាមទូរស័ព្ទដែលសូម្បីតែមុខក៏មិនដែលស្គាល់គ្នាផងនោះ ។
ស្រ្ដីជាប់ចោទជាបងឈ្មោះ ឃុន ណៃហឿនអាយុ៤២ឆ្នាំ និងបុរសជាប្អូនឈ្មោះ យិន ទូច ហៅយឹត អាយុ ៣២ឆ្នាំ រស់នៅភូមិសើយ ឃុំមៀន ស្រុកអូររាំងឪ ខេត្ដកំពង់ចាម ជាកសិករធ្វើស្រែចម្ការ ។ ដើមចមបណ្ដាលឱ្យសមត្ថកិច្ចចាប់ខ្លួន២នាក់បងប្អូននេះត្រូវបានមន្ដ្រីសមត្ថកិច្ចរៀបរាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០១៣ ឈ្មោះ យិន ទូច បានទូរស័ព្ទរាវលេខលេងក៏ចូលទៅស្រ្ដីម្នាក់ឈ្មោះ ហ.វ.ណ អាយុ៣០ឆ្នាំ ជាប្រពន្ធមន្ដ្រីរាជការម្នាក់ធ្វើការនៅខេត្ដក្រចេះ ។ ពេលទូរស័ព្ទចូលភរិយាមន្ដ្រីរាជការនោះ ឈ្មោះ យិន ទូច បាននិយាយបញ្ចុះបញ្ចូលឱ្យស្រឡាញ់ខ្លួន និងបានណាត់ឱ្យមកជួបគ្នា បើមិនធ្វើតាមការសន្យាទេ គេគំរាមថានឹងយករឿងអាក្រក់ទាំងឡាយទៅប្រាប់ប្ដីឱ្យដឹង ។ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា មិនដឹងថាស្រ្ដីឈ្មោះ ហ.វ.ណ មានរឿងរ៉ាវជាមួយប្ដីយ៉ាងណា ឬក៏អាចថាចាញ់ល្បិចកលបុរសឈ្មោះ យិន ទូច បោកបញ្ឆោតលួងលោម ឬយ៉ាងដូចម្ដេចទេ ស្រាប់តែនាងវេចបង្វេចចុះចោលប្ដីថែមទាំងយកប្រាក់ចំនួន៣១.០០០ដុល្លារ និង១៣លានរៀល មករួមរស់ជាមួយឈ្មោះ យិន ទូច អស់រយៈពេលជិត១ខែ ទើបជីវិតស្នេហ៍តាមទូរស័ព្ទត្រូវបែកធ្លាយ ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា នាង ហ.វ.ណ ធ្វើបែបនេះ ប្ដីរបស់នាងមិនដឹងទេ ស្មានតែនាងទៅផ្ទះឪពុកនៅឯខេត្ដព្រៃវែង ហើយដោយសារជាប់រវល់ការងារផងមិនបានខ្វល់ខ្វាយនៅពេលភរិយាចេញពីផ្ទះបាត់ប៉ុន្មានទេ។ ចំណុចនេះគេមិនអាចដឹងច្បាស់ថា តើរវាងប្ដីប្រពន្ធនេះមានបញ្ហាអ្វីជាមួយគ្នា ទើបប្រពន្ធបាត់ពីផ្ទះប្ដីក៏មិនខ្វល់នោះ ។ ប៉ុន្ដែថ្ងៃបែកការណ៍ គឺបន្ទាប់ពីបុរសជាប្ដីបានទូរស័ព្ទទៅឪពុកក្មេកសួររកប្រពន្ធ ហើយចម្លើយបានត្រឹមតែថា អត់ឃើញ ។ រឿងរ៉ាវទាំងអស់ក៏បែកធ្លាយដោយសារឪពុកនាង ហ.វ.ណ ពេលដែលឮកូនប្រសាប្រុសទូរស័ព្ទប្រាប់ថា បាត់ប្រពន្ធចេញពីផ្ទះច្រើនថ្ងៃនោះ ក៏បានស្វែងរកតាមរយៈមិត្ដភក្ដិ និងសាច់ញាតិហើយបានដឹងថា កូនស្រីកំពុងលង់ស្នេហ៍ជាមួយបុរសម្នាក់ នៅភូមិសើយ ឃុំមៀន ស្រុកអូររាំងឪ ។ ពេលបានដឹងរឿង និងបានស្គាល់អាសយដ្ឋានកូនស្រីមករស់នៅទីនោះហើយ ឪពុកបានដាក់ពាក្យបណ្ដឹងមកនគរបាលនាយកដ្ឋានកណ្ដាលសន្ដិសុខក្រសួងមហាផ្ទៃ ដើម្បីទៅរំដោះកូនស្រី និងចាប់ខ្លួនជនកំហូចយកទៅចាត់ការតាមច្បាប់ ទើប២នាក់បងប្អូនត្រូវនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៣ ។
នៅពេលឃាត់ខ្លួនបុរស-ស្រ្ដី២នាក់បងប្អូនសមត្ថកិច្ចដកហូតបានមកវិញនូវប្រាក់ចំនួន២៦.០០០ដុល្លារ និង៧លានរៀល ជាប្រាក់របស់នាង ហ.វ.ណ ដែលវេចចុះចោលប្ដីមកចាយវាយជាមួយប្រុសស្នេហ៍ ។ ចំណែកស្រ្ដីឈ្មោះ ឃុន ណៃហឿន ជាបងស្រីរបស់ឈ្មោះ យិន ទូច មូលហេតុដែលសមត្ថកិច្ចចាប់ខ្លួននោះដោយសារឈ្មោះ ឃុន ណៃហឿន បានលួចយកប្រាក់នាង ហ.វ.ណ មួយចំនួនទៅលាក់ទុក ខណៈនាងកំពុងល្អូកល្អិន ជាមួយប្អូនប្រុសរបស់ខ្លួន ។ នៅល្ងាចថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៣បន្ទាប់ពីសមត្ថកិច្ចនាំខ្លួន២នាក់បងប្អូនមកដល់សាលាដំបូង សំណុំរឿងបានដាក់ចូលស្ថាប័នអយ្យការ និងបានចាត់បញ្ជូនទៅលោកព្រះរាជអាជ្ញារងមួយរូប ដើម្បីសាកសួរលើជនដែលត្រូវចោទ ។ បើតាមប្រភពព័ត៌មានឱ្យដឹងថា សំណុំរឿងនេះពិបាកដល់តំណាងអយ្យការធ្វើការចោទប្រកាន់លើបទល្មើស ព្រោះមើលអង្គហេតុមិនដឹងរកច្បាប់ណាមួយចោទប្រកាន់២នាក់បងប្អូននេះ ។ ស្រ្ដីជាបងអះអាងថា គាត់មិនបានលួចទេ ប្រាក់នោះគឺគាត់យកទុកឱ្យ និងការពារកុំឱ្យចាយវាយខ្ជះខ្ជាយប៉ុណ្ណោះ ។ ចំណែកបុរសជាប្អូនថា ពួកគេព្រមព្រៀងរួមរស់ជាមួយគ្នា ដោយអះអាងថា «ម្ហូបមកដល់មាត់ហើយ រឿងអីមិនទទួលទាន» ពោលគឺរូបគេមិនបានទៅលួចយកភរិយាគេទេ ហើយក៏មិនពង្រត់ពីប្ដីនាងឡើយ គឺខាងស្រីវេចបង្វេចមកដល់ផ្ទះរបស់ខ្លួន។
ទោះបីជាបែបណា តាមប្រភពពីអយ្យការឱ្យដឹងថា លោកព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះ ក្រោយពីការសាកសួរ បានចោទប្រកាន់ទៅលើស្រ្ដីឈ្មោះ ឃុន ណៃហឿន ពីបទលួច និងបុរសជាប្អូន យិន ទូច ហៅយឹត ជាប់ចោទកំហែងយក ។ ជនត្រូវចោទទាំង២នាក់ក៏ត្រូវបានបញ្ជូនទៅចៅក្រមជាបន្ដនៅរសៀលថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ