រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតទ្បើង ដោយសារតែបុរសម្នាក់ចូលទៅម៉ាស្សារយៈពេលប្រមាណ១ម៉ោង ទើបរួចរាល់ស្រាប់តែស្រែកទ្បូទ្បាថា ខ្លួនបាត់ប្រាក់អស់២៦០ដុល្លារ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ កុម្ភៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើឈ្មោះ ស្រ៊ុញ គង់ អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានដើរកាត់ទីតាំងខាងលើ ឃើញមាននាងៗសាច់សស្អាត ក៏បានចូលទៅម៉ាស្សាកោសជប់ ហើយក្រុមនារីម៉ាស្សាបានស្វាគមន៍យ៉ាងរាក់ទាក់នឹងបានប្រាប់ណែនាំឱ្យដោះខោអាវព្យួរជាប់ជញ្ជាំង ហើយឱ្យដេកផ្កាប់មុខដើម្បីជប់ខ្យល់និងធ្វើម៉ាស្សាឱ្យស្រួលសរសៃ ។ ក្រោយពេលម៉ាស្សាបានប្រហែលជិត១ម៉ោង នាងៗក៏បានប្រាប់ឱ្យក្រោកព្រោះម៉ាស្សារួចរាល់ហើយ ។ ភ្លាមៗនោះ លោក ស្រ៊ុញ គង់ បានទៅយកខោមកស្លៀក ស្រាប់តែឃើញខោដាក់ខុសចំណាំក៏មានការសង្ស័យ ក៏ឆែកកាបូបមើលបាត់លុយអស់ចំនួន២៦០ដុល្លារ ទើបគាត់ស្រែកឆោទ្បោសុំឱ្យនារីម៉ាស្សា ដែលសង្ស័យយកលុយមកឱ្យវិញ ប៉ុន្តែនារីក្នុងហាងប្រកែកថា មិនបានយកទេ ។ ដោយសារភាគីទាំង២ជជែកគ្នាខ្លាំងៗ អ្នកជិតខាងឮបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគមន៍ ។
ក្រោយមកសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ និងឃាត់ខ្លួននារីម៉ាស្សាចំនួន២នាក់ យកទៅកាន់ទីស្នាក់ការនគរប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរជុំវិញហេតុការណ៍នេះ ។ ចំណែកបុរសជាម្ចាស់ប្រាក់ដែលបាត់ ក៏បានទៅតាមក្រោយដើម្បីដាក់ពាក្យបណ្តឹង តែត្រូវនគរបាលប៉ុស្តិ៍បន្ទោសឱ្យបុរសខាងលើថា គ្មានការប្រុងប្រយ័ត្នដោយខ្លួនឯង តើគួរឱ្យចាត់ការបែបណាបើគ្មានភស្តុតាងបែបនេះ ។ ប៉ូលិសនិយាយថាការចោទថាគេលួចលុយនោះ តើមានអ្វីសំអាងថា ក្នុងហោប៉ៅខោមានលុយ២៦០ដុល្លារ មែនឬអត់នោះ ? ចំពោះករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា នឹងមានដំណោះស្រាយយ៉ាងណានៅទ្បើយទេ ព្រោះកំពុងធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ។
នេះមិនមែនជារឿងថ្មីនោះទេ ដែលអ្នកចូលកោសជប់-ម៉ាស្សា តែងឆោទ្បោថា បាត់លុយជារឿយៗ ។ អ្វីដែលការពារកុំឱ្យមានបញ្ហាបែបនេះ គឺត្រូវតែប្រុងប្រយ័ត្នដោយខ្លួនឯងជាប្រការល្អបំផុត ៕
ចែករំលែកព័តមាននេះ