ខេត្តបាត់ដំបង ៖ បុរស៩នាក់បានក្លែងបន្លំធ្វើជាភិក្ខុសង្ឃនាំគ្នាឆ្លងដែនចេញទៅបិណ្ឌបាតបច្ច័យនៅប្រទេសថៃអស់រយៈពេលជាងមួយសប្តាហ៍ លុះវិលត្រឡប់ចូលមកទឹកដីខ្មែរវិញ ត្រូវកម្លាំងយោធាព្រំដែនឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣ កុម្ភៈ គ្រាដែលពួកគេកំពុងឆ្លងអូរព្រំដែនតាមច្រករបៀងមួយក្នុងភូមិប៊ួជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ។
លោកឈិត សេង អធិការរងស្រុកសំពៅលូនបានឱ្យដឹងថា អ្នកក្លែងខ្លួនជាភិក្ខុសង្ឃទាំង៩នាក់នោះ ១-ឈ្មោះ នូ សំអូន អាយុ៣៧ឆ្នាំ ២-ឈ្មោះ ឆាន់ លឹក អាយុ៤៥ឆ្នាំ ៣-ឈ្មោះ ហួង ហាន់ អាយុ២៥ឆ្នាំ ៤-ឈ្មោះ ប៉ាវ លីបូ អាយុ១៨ឆ្នាំ ៥-ឈ្មោះ ជា តុ អាយុ២២ឆ្នាំ ៦-ឈ្មោះ ជ័យ មករា អាយុ២៥ឆ្នាំ ៧-ឈ្មោះ ប្រាក់ ពិសិដ្ឋ អាយុ២៧ឆ្នាំ ៨-ឈ្មោះ វ៉ន សំអាត អាយុ២៣ឆ្នាំ និង៩-ឈ្មោះ វេត សំណាង អាយុ៤៥ឆ្នាំ ។ លោកឈិត សេង បានបញ្ជាក់ថា ពួកគេបានប្រើប្រាស់សម្ភារសង្ឃគ្រប់គ្នាមានបាត មានឆាយា តែក្លែងក្លាយទាំងអស់ ។ ក្រុមនេះស្លៀកស្បង់ចីវរ ហើយនាំគ្នាចេញទៅបិណ្ឌបាតនៅប្រទេសថៃ តែដោយសារពួកគេវិលចូលប្រទេសខ្មែរវិញតាមច្រករបៀងពេលយប់គួរឱ្យសង្ស័យ ទើបកម្លាំងយោធាព្រំដែនឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចរបស់លោកចាត់ការបន្តតែម្តង ។ តាមការស្រង់សម្តីក្រុមជនក្លែងបន្លំធ្វើជាសង្ឃទាំងនេះបានសារភាពថា ពួកខ្លួនពិតជាមានចេតនាក្លែងបន្លំធ្វើជាសង្ឃមែន បុ៉ន្តែមិនមានចេតនាដើរបោកប្រាស់ប្រជាពលរដ្ឋនៅក្នុងស្រុកខ្មែរទេ ។
ដោយសារតែក្រុមគ្រួសារពួកគេមានជីវភាពដុនដាបពេក ទើបបែកគំនិតនាំគ្នាទិញស្បង់ចីវរ បាត និងធ្វើឆាយាក្លែងក្លាយគ្រប់ៗគ្នាដើម្បីឆ្លងដែនទៅបិណ្ឌបាតនៅប្រទេសថៃ ។ ពួកគេបាននាំគ្នាក្លែងបន្លំជាសង្ឃ ហើយឆ្លងដែនទៅប្រទេសថៃកាលពីថ្ងៃទី២៤ មករា ២០១៤ ។ លុះរកលុយបានបន្តិចបន្តួច ក៏នាំគ្នាត្រឡប់មកស្រុុកខ្មែរវិញ បុ៉ន្តែពេលដើរឆ្លងអូរព្រំដែនផុតបន្តិច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ លោកជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ដែរថា ជនទាំង៩នាក់នោះពិតជាបានក្លែងបន្លំធ្វើជាភិក្ខុសង្ឃមែន ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ។
បុ៉ន្តែលោកស្នងការរងបានបញ្ជាក់ថា តាមគោលការណ៍របស់លោកស្នងការខេត្ត គឺគ្រាន់តែឱ្យសមត្ថកិច្ចធ្វើការអប់រំ និងឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតែបុ៉ណ្ណោះ ហើយឱ្យពួកគេត្រឡប់ទៅផ្ទះសម្បែងវិញរៀងៗខ្លួន ។ ទោះជាយ៉ាងណា នេះជាទង្វើខុសច្បាប់ដែលមនុស្សដទៃមិនគួរយកតម្រាប់តាមឡើយ ៕
ចែករំលែកព័តមាននេះ