ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​​ក្រុម​​ហ៊ុន​​ស៊ិន​​ទ្រី​​បន្ត​កូដ​​កម្ម​ ខណៈ​គំនរ​​​សំរាម​​​នៅ​​​ពេញ​​​ទីក្រុង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​​ បាន​បន្ដ​កូដកម្ម​របស់​​ខ្លួន​ឈាន​ដល់​ថ្ងៃ​ទី​៣​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៤​ កុម្ភៈ​ ដើម្បី​ទារ​ប្រាក់​ខែ​គោល​១៥០ដុល្លារ​ និង​២០០​ដុល្លារ​ រួម​ជា​មួយ​នឹង​ការ​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ ។​​

រាជធានីភ្នំពេញ​ ៖ កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​​ បាន​បន្ដ​កូដកម្ម​របស់​​ខ្លួន​ឈាន​ដល់​ថ្ងៃ​ទី​៣​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៤​ កុម្ភៈ​ ដើម្បី​ទារ​ប្រាក់​ខែ​គោល​១៥០ដុល្លារ​ និង​២០០​ដុល្លារ​ រួម​ជា​មួយ​នឹង​ការ​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ ។​​ ទោះបីជា​បែប​នេះ​ក្ដី​​ ការ​ដោះ​ស្រាយ​នៅ​តែ​មិន​ទាន់​មាន​លទ្ធផល​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ​ទេ​​ ស្រប​ពេល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គំនរ​សំរាម​ស្ថិត​នៅ​ពាស​ពេញ​គ្រប់ទី​កន្លែង​ ដូច​ជា​តាម​ដង​ផ្លូវ​សាធារណៈ​ តាម​លំនៅ​ឋាន​​ និង​ផ្សារ​នានា​ ព្រោះ​គ្មាន​អ្នក​ដើរ​ប្រមូល​ដឹក​ចេញ​ប្រចាំ​ថ្ងៃ​ដូច​រាល់​ដង​ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​៤​ កុម្ភៈ​ ពួក​គេ​បាន​ធ្វើ​ការ​តវ៉ា​នៅមុខ​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ស៊ិនទ្រី​​ នៅ​ទី​តាំង​ក្នុងភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ បន្ដ​ទៀត​​ ។​ ការ​បន្ដ​ធ្វើកូដកម្ម​នេះ​ ខណៈ​ពេលដែល​គណៈ​កម្មការ​ចម្រុះ​ថ្នាក់ក្រសួង​ការងារ​ ថ្នាក់​រាជធានី​ភ្នំពេញ​​ និង​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ រួម​ជា​មួយ​តំណាង​កម្មករ​ និង​តំណាង​ក្រុមហ៊ុន​ខាង​លើ​កំពុង​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ ប៉ុន្ដែ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ​ ​​។​ ការ​មិនទាន់​ត្រូវ​គ្នា​នោះត្រូវ​បាន​គេ​ដឹង​តាម​ប្រភព​ខ្លះ​និយាយ​ថា​ ដោយ​សារ​តែ​ភាគី​តំណាង​ក្រុមហ៊ុន​ និង​ភាគី​តំណាង​កម្មករ​សុទ្ធ​តែ​ជជែក​វែក​ញែក​យកតែត្រូវ​រៀង​ៗខ្លួន​ មិនមាន​ការ​បន្ទន់​ឥរិយាបទ​រកគ្នា​ទេ ។​ ដូច​ជា​នៅ​ព្រឹក​ថ្ងៃ​ចុង​ក្រោយ​នេះ​ជា​ដើម​ ការ​ជជែក​គ្នា​មាន​ការ​តឹង​តែង​ដាក់​គ្នា​ផង​ដែរ​ ហើយ​អ្នក​ដែលមាន​កង្វល់​ខ្លាំង​បំផុត​ដោយ​សារ​វិប​ត្ដិ​ខាង​លើ​នោះ​​ គឺ​អាជ្ញាធរ​ និង​អ្នក​រាជធានី​ ព្រោះ​មិន​អាច​ទុក​ឱ្យ​សំរាម​ស្ថិត​នៅ​ពាស​វាលពាស​កាល​ដោយ​គ្មាន​អ្នកប្រមូល​បែប​នេះ​បាន​ឡើយ​ ។​ យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស៊ិនទ្រី​កន្លង​មក​​ បាន​ឱ្យដឹង​ថា​ កាក​សំណល់​ និង​សំរាម​នៅ​រាជធានីភ្នំពេញ​ក្នុង​១​ថ្ងៃ​មាន​ចំនួន​ប្រមាណ​១.៤០០តោន​ដែលត្រូវ​ប្រមូល​ដឹក​ចេញទាំង​ថ្ងៃ​ទាំង​យប់​ ដែល​មិន​មែន​ជា​បរិមាណ​ធម្មតា​ ។​

ទាក់ទិននឹង​ហេតុការណ៍​នោះត្រូវ​បាន​ប្រភព​ជាក់លាក់​មួយ​ពីអាជ្ញាធរ​ខណ្ឌ​ដង្កោ​ ឱ្យ​ដឹង​ថា​ នៅព្រឹក​ថ្ងៃ​ទី​៤​ កុម្ភៈ​ គណៈ​កម្មការ​ចម្រុះ​ខាង​លើបាន​ហៅតំណាង​ក្រុមហ៊ុន​ និង​តំណាង​កម្មករ​ជួប​ដោះ​ស្រាយ​គ្នា​នៅ​ក្នុង​ទីស្នាក់​ការ​ក្រុមហ៊ុន​តែ​ម្ដង​ ប៉ុន្ដែ​ការ​ដោះ​ស្រាយ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​នោះ​ទេ​​ ចាប់​ពីព្រឹក​រហូត​ដល់​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែល​នោះ​​ ទើប​ផ្អាក​សិន​ ដោយ​បន្ដ​ធ្វើ​ការ​ដោះ​ស្រាយ​នៅ​វេលា​ម៉ោង​៣​រសៀល​ នៅក្នុង​សាលា​រាជធានីភ្នំពេញ​​ទៀត​ ។​ ប្រភព​ដដែលបន្ដ​ថា​ ខាង​ភាគី​កម្មករ​បាន​ទាមទារ​តាម​ផ្នែកៗ​ ក្នុង​នោះ​មាន​ផ្នែក​អ្នក​បោស​សំរាម​ វេន​ថ្ងៃ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​១២០ដុល្លារ​ ដែល​ពីមុន​ប្រាក់​ខែ​គោល​ពួក​គេ​មាន​ចំនួន​៦៥​ដុល្លារ​ប៉ុណ្ណោះ​​ ហើយ​ពេល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​សម្រេច​ដំឡើង​ឱ្យ​ត្រឹម៨០​ដុល្លារ​។​ កម្មករ​ផ្នែក​​អូសរទេះ​ និង​អ្នក​កើប​វេន​ថ្ងៃ​ពីមុន​ប្រាក់​ខែ​គោល​ចំនួន​៧៧.៥​ដុល្លារ​ ពេលនេះ​ទាម​ទារ​១៣៥​ដុល្លារ​ ។​ ចំណែក​ក្រុមហ៊ុន​សម្រេច​ដំឡើង​ឱ្យ​ត្រឹម​៩៥​ដុល្លារ​ ។​ សម្រាប់​អ្នក​វេន​យប់​ពី​មុន​ប្រាក់​ខែ​គោល​ចំនួន​៩៧,៥​ដុល្លារ​ ពេល​នេះ​ទាម​ទារ​១៥០ដុល្លារ​​ ខាង​ក្រុមហ៊ុន​សម្រេច​ដំឡើង​ឱ្យ​ត្រឹម​១១០​ដុល្លារ​ ។​ ដោយ​ឡែក​​ ផ្នែកអ្នក​បើក​រថយន្ដ​ដឹក​សំរាម​ និង​ជាង​ជួស​ជុល​រថយន្ដ​សម្រាប់​វេន​ថ្ងៃ​ពី​មុន​ប្រាក់​ខែ​គោល​ចំនួន​១១០​ដុល្លារ​ ពេល​នេះ​ពួក​គេ​ទាម​ទារ​១៥៥​ដុល្លារ​ ក្រុម​ហ៊ុន​សម្រេច​ដំឡើង​ឱ្យ​ត្រឹម​តែ​១២០​ដុល្លារ​ ។​ សម្រាប់​អ្នក​ធ្វើ​ការ​វេន​យប់​ពី​មុន​ប្រាក់​ខែ​គោល​ចំនួន​១២០​ដុល្លារ​ ពេល​នេះ​ពួក​គេ​បាន​ទាម​ទារ​១៧០​ដុល្លារ​ ក្រុម​ហ៊ុន​សម្រេច​ដំឡើង​ឱ្យ​ត្រឹម​តែ​១៣៥​ដុល្លារ​ ។​

ប្រភព​ដដែល​បន្ត​ថា​ ខាង​ភាគី​កម្ម​ករ​បាន​ទាម​ទារ​ ចំណែក​ឯ​ភាគី​ក្រុម​ហ៊ុន​បាន​ដំឡើង​ដែរ​ ប៉ុន្តែ​ឡើង​មិន​ដល់​កម្រិត​ដែល​ទាម​ទារ​ ទើប​ការ​ដោះ​ស្រាយ​នៅ​ពេល​នោះ​មិន​បាន​ត្រូវ​រ៉ូវ​គ្នា​ ហើយ​បន្ត​ទៅ​ដោះ​ស្រាយ​នៅ​ឯ​សាលា​រាជ​ធានី​ភ្នំពេញ​ទៀត​ នា​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៤​ កុម្ភៈ​ ។​ ការ​ចាល់​កក​ស្ទះ​សំរាម​នៅ​តាម​ដង​ផ្លូវ​នានា​ ពិសេស​នៅ​តាម​ផ្សារ​ គំនរ​សំរាម​រាប់​តោន​បាន​បន្សល់​ទុក​កាន់​តែ​មាន​ការ​កើន​ឡើង​ និង​កំពុង​តែ​ជះ​ក្លិន​មិន​ល្អ​ ដែល​អាច​នឹង​បំពុល​បរិស្ថាន​ធ្ងន់​ធ្ងរ​ ហើយ​ក៏​ជា​សំណាង​ល្អ​ដែរ​ ព្រោះ​ស្ថិត​ក្នុង​រដូវ​ប្រាំង​ ។​ ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​វិញ​ ការ​កក​ស្ទះ​បែប​នេះ​ប្រាកដ​ជា​រាជធានី​មាន​ក្លិន​អសោចិ៍​សាយភាយ​ពេញ​អាកាស​មិន​ខាន​ឡើយ​ ។​ ដោយ​សារ​តែ​មាន​ការ​បារម្ភ​ពី​ការ​ទុក​ដាក់​សំរាម​នេះ​ គណៈ​កម្ម​ការ​ផ្សារ​អូរឫស្សី​ ក៏​ដូច​ជា​ផ្សារ​ធំ​ថ្មី​ និង​ផ្សារ​ដទៃ​ទៀត​បាន​ផ្តល់​សម្បក​បាវ​ចាស់ៗ​ និង​បំផុស​ឱ្យ​មាន​ការ​ច្រក​សំរាម​ក្នុង​បាវ​ទាំង​នេះ​យក​ទៅ​រក្សា​ទុក​ឱ្យ​បាន​ស្រួល​ ដោយ​មិន​តម្រូវ​ឱ្យ​មាន​ការ​ដាក់​ចោល​ដោយ​គ្មាន​សណ្តាប់​ធ្នាប់​នោះ​ឡើយ​ ៕​