ក្រុងប៉ោយប៉ែត ៖ ស្ត្រីអាជីវករលក់ខោអាវម្នាក់ នៅផ្សារដើមពុទ្រា ប្លុកកាសុីណូហ្គោលឌិនក្រោន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានស្ត្រីរូបស្អាតម្នាក់ យកកាំភ្លើងខ្លីមកភ្ជង់ និងជេរប្រមាថ វាយតប់ ព្រមទាំងខាំ បណ្តាលឱ្យរងរបួសកំភួនដៃខាងឆ្វេងយ៉ាងដំណំ ។
ទាក់ទិននឹងហេតុការណ៍នឹកស្មានមិនដល់នេះ ស្ត្រីឈ្មោះ អេង ឡឹង អាយុ៣៤ឆ្នាំ ជាអាជីវករលក់ខោអាវ និងអះអាងថាជាជនរងគ្រោះ បាននិយាយថា មូលហេតុដែលស្រីស្អាតឆ្នាសឆ្នើមចិត្តខ្លាំងម្នាក់នេះមកជេរប្រមាថ វាយតប់ និងខាំគាត់ បណ្តាលឱ្យរងរបួសបែបនេះ គឺកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ កុម្ភៈ ស្ត្រីស្អាតម្នាក់នេះ បានជិះរថយន្តម៉ាកឡិចសុីស RX330 ពណ៌ស មួយគ្រឿង គ្មានស្លាកលេខ មកចតនៅពីមុខតូបរបស់គាត់អស់រយៈពេលជាច្រើនម៉ោង ធ្វើឱ្យចង្អៀតនៅមុខតូបលក់ខោអាវរបស់គាត់ ។ ដោយចតយូរបែបនេះ គាត់ជាម្ចាស់តូបបានឱ្យកូនគាត់រកម្ចាស់រថយន្តនោះឱ្យបើកចេញពីមុខតូប ។ ខណៈនោះ ក៏មានស្រីស្អាតម្នាក់ អាយុប្រមាណ២០ឆ្នាំ ជាម្ចាស់រថយន្ត បានមកស្រែកឡូឡា ជេរប្រមាថរូបគាត់ ហើយបើកទ្វាររថយន្តយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ស មួយដើម មកភ្ជង់គំរាមសម្លាប់គាត់ទៀត ។ ពេលនោះគាត់ក៏ស្ទុះទៅចាប់កដៃជាប់ និងមានការប្រវាយប្រតប់គ្នារហូតដល់អ្នកជិតខាងមកជួយអន្តរាគមន៍ចាប់យកកាំភ្លើងចេញ តែរូបគាត់ត្រូវស្ត្រីវ័យក្មេងនោះបន្តវាយតប់ និងខាំកំភួនដៃខាងឆ្វេងបណ្តាលឱ្យជាំ និងមានស្នាម ។
ស្ត្រីរងគ្រោះជាអាជីវករបញ្ជាក់ថា ក្រោយពេលកើតហេតុ រូបគាត់ និងស្ត្រីក្មេងម្នាក់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហៅទៅសួរនាំ ។ លុះក្រោយមក ស្ត្រីស្អាតជើងខ្លាំងរូបនោះ ត្រូវបានមន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃម្នាក់ ឈ្មោះ ហួត ពាក់ស័ក្តិ៤ ទៅធានាយកចេញមកក្រៅឃុំទាំងយប់ មិនដឹងច្បាស់ថា នាងស្រីស្អាតប្រដាប់ដោយកាំភ្លើងខ្លីម្នាក់នេះ ត្រូវជាអ្វីនឹងលោកស័ក្តិ៤នោះទេ ព្រោះខាងកងរាជអាវុធហត្ថអត់ហ៊ាននិយាយច្រើនជាមួយអ្នកកាសែតទេ ។ ស្ត្រីអាជីវករនិយាយទៀតថា នៅព្រឹកថ្ងៃទី៤ កុម្ភៈ រូបគាត់បានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីឱ្យជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបគាត់ ប៉ុន្តែក្រុមមន្ត្រីកងរាជអាវុធហត្ថបដិសេធមិនព្រមទទួលពាក្យបណ្តឹងរបស់គាត់ទេ ដោយប្រាប់ថា ក្នុងករណីនេះ គេបានសម្រុះសម្រួលបញ្ចប់រួចរាល់ស្ងាត់ៗអស់ហើយ ។
ស្ត្រីរងគ្រោះបញ្ជាក់ថា ក្នុងនាមរូបគាត់ជាជនរងគ្រោះ មិនទាន់បានសម្របសម្រួល និងព្រមផ្តិតមេដៃ ធ្វើកិច្ចសន្យាបញ្ចប់រឿងជាមួយនឹងជនល្មើសផង បែរជាសមត្ថកិច្ចកងរាជអាវុធហត្ថ ហ៊ាននិយាយថា រឿងនេះត្រូវបញ្ចប់បែបនេះទៅវិញ តែម្ខាងបែបនេះទេ ។ ទោះបីជាបែបណាក្តី ស្ត្រីអាជីវករដែលត្រូវគេប្រមាថ ដោយយកកាំភ្លើងមកភ្ជង់គំរាមសម្លាប់ និងខាំជាំសាច់ បានព្យាយាមទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតវិញម្តង ដើម្បីឱ្យជួយអន្តរាគមន៍ដល់រូបគាត់ជាជនរងគ្រោះវិញ ។
ចំពោះករណីជម្លោះនេះ ស្ត្រីឈ្មោះ សាយ សម្ផស្ស អាយុប្រមាណ២០ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដែលសង្ស័យថា ជាម្ចាស់រថយន្តម៉ាកឡិចសុីស RX330 ពណ៌ស បានប្រាប់សមត្ថកិច្ចតាមទូរស័ព្ទថា នាងមិនបានឈ្លោះប្រកែកជាមួយនរណាម្នាក់ទេ តែប្រហែលជាប្អូនស្រីរបស់នាងទេដឹង ដែលធ្វើការនៅកាសុីណូ មានជម្លោះក៏មិនដឹង ចាំនាងសួរទៅប្អូនស្រីសិន ហើយក៏បិទទូរស័ព្ទតែម្តង ។ ជុំវិញបញ្ហាទាំងអស់ខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី៤ កុម្ភៈ ដោយលោកអនុសេនីយ៍ឯក តែម ប៉ូឡា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ដែលជាអ្នកកាន់សំណុំរឿងនេះ ចុចទូរស័ព្ទចូល តែគ្មានអ្នកទទួល ៕
ចែករំលែកព័តមាននេះ