ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាយវាយ​តិច មិន​តែងតែ​ធ្វើ​ឲ្យ​ជីវិត​គ្មាន​ន័យ​ទេ

4 ឆ្នាំ មុន

ឧបសគ្គ​ធំ​ជាងគេ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចាយវាយ និង​សន្សំ​ថវិកា គឺ​មនុស្ស​គិត​ថា ការ​ចាយវាយ​តិច​មាន​ន័យ​ថា ភាព​រីករាយ​ក្នុង​ជីវិត​របស់​ពួក​គេ​ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ដែរ ព្រោះ​ពួក​គេ​ត្រូវ​កាត់​បន្ថយ​ការ​ចាយវាយ​លើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត ។ ប៉ុន្តែ​ការ​កាត់​បន្ថយ​ការ​ចាយវាយ​មិន​តែងតែ​បង្ក​ឲ្យ​មាន​លទ្ធផល​បែប​នេះ​ទេ ព្រោះ​អ្នក​នៅ​តែ​អាច​ចាយវាយ​លើ​អ្វី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្តបាន​ដដែល គ្រាន់តែ​អ្នក​ត្រូវ​លះបង់​ការ​ចាយវាយ​ដទៃ​ទៀត…

ឧបសគ្គ​ធំ​ជាងគេ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចាយវាយ និង​សន្សំ​ថវិកា គឺ​មនុស្ស​គិត​ថា ការ​ចាយវាយ​តិច​មាន​ន័យ​ថា ភាព​រីករាយ​ក្នុង​ជីវិត​របស់​ពួក​គេ​ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ដែរ ព្រោះ​ពួក​គេ​ត្រូវ​កាត់​បន្ថយ​ការ​ចាយវាយ​លើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត ។ ប៉ុន្តែ​ការ​កាត់​បន្ថយ​ការ​ចាយវាយ​មិន​តែងតែ​បង្ក​ឲ្យ​មាន​លទ្ធផល​បែប​នេះ​ទេ ព្រោះ​អ្នក​នៅ​តែ​អាច​ចាយវាយ​លើ​អ្វី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្តបាន​ដដែល គ្រាន់តែ​អ្នក​ត្រូវ​លះបង់​ការ​ចាយវាយ​ដទៃ​ទៀត ដែល​ខ្ជះខ្ជាយ ឬ​ការ​ចាយវាយ​លើ​អ្វី​ដែល​អ្នក​មិន​ខ្វល់​លើ ។

ជាដំបូង​អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​សិន​ថា អ្នក​ស្រលាញ់​ចូល​ចិត្ត​អ្វី ហើយ​អ្វីខ្លះ​ជា​ការ​ចាយវាយ​ខ្ជះខ្ជាយ និង​មិន​ផ្តល់​ផល​ចំណេញ​ដល់​អ្នក​វិញ ។ វា​អាច​នឹង​ពិបាក​ក្នុង​ការ​ដឹង​ថា តើ​ការ​ចាយវាយ​ណា​ដែល​មិន​ផ្តល់​ផល​ចំណេញ​ព្រោះ ស្ទើរតែ​ការ​ចាយវាយ​ទាំង​អស់ហើយ ផ្តល់​ភាព​រីករាយ​មួយ​រំពេច​ដល់​អ្នកទិញ ។ យ៉ាងណា​ក្តី អ្នក​ត្រូវ​តែ​ចង​ចាំ​ថា មាន​សកម្មភាព​ជា​ច្រើន​ដែល​អាច​ផ្តល់​លទ្ធផល​ដូច​គ្នា​ដល់​អ្នក​ដូច​ជា ការ​បញ្ចប់​ការងារ​មុន​ម៉ោង ឬ​ការ​មើលឃើញ​មនុស្ស​ជាទី​ស្រលាញ់ បន្ទាប់​ពី​បែក​គ្នា​អស់​ជា​ច្រើន​ថ្ងៃ​ជាដើម ។

ដោយហេតុ​ដូច្នេះ អ្នក​គួរតែ​យល់​ដឹង​ថា អ្វី​ដែល​ផ្តល់​ភាព​រីករាយ​ដល់​អ្នក​តែ​មួយ​ភ្លែត និង​អ្វី​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​អត្ថប្រយោជន៍​ដល់​អ្នក​បាន​យូរ ។ ហើយ​អ្នក​អាច​ដឹង​បាន​ដោយ​តាមដាន​មើល​ការ​ឆ្លើយ​តប​របស់​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ ។ ឧទាហរណ៍​ដូច​ជា ការ​ផ្លាស់​ប្តូរ​ទៅ​ផឹក​កាហ្វេ​នៅ​ហាង​កាហ្វេ​ដែល​មាន​តម្លៃ​ទាប​ជាង​ទូទៅ​មាន​ជះ​ឥទ្ធិពល​យ៉ាងដូចម្តេច​ដល់​អ្នក​ជាដើម ។ ប្រសិនបើ​កាហ្វេ​ដែល​ធូរ​ថ្លៃ​ជាង​មុន មិនជា​បញ្ហា​សម្រាប់​អ្នក​ទេ​នោះ អ្នក​មិន​មាន​មូលហេតុ​ច្រើន​ក្នុង​ការ​ផឹក​កាហ្វេ​ថ្លៃ​ទេ ។

ផ្ទុយ​មក​វិញ ប្រសិនបើ​ការ​ផ្លាស់​ប្តូរ​នេះ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ដូច​ជា ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍មិនល្អ ឬ​អស់កម្លាំង​ជាង​មុន​នោះ អ្នក​អាច​ត្រឡប់​ទៅ​ទម្លាប់ និង​ជម្រើស​ចាស់​របស់​អ្ន​មក​វិញ រួច​ព្យាយាម​សាកល្បង​ផ្លាស់​ប្តូរ​ទម្លាប់​ផ្សេង​ៗ​ទៀត​របស់​អ្នក ។ កត្តា​សំខាន់ គឺ​ត្រូវ​យល់​ដឹង​ថា ពេល​ខ្លះ​ការ​ជ្រើស​មិន​ទិញ​អ្វីមួយ គឺ​ផ្តល់​ភាព​រីករាយ និង​អារម្មណ៍​ជោគជ័យ​ជាង​ទិញ​អ្វីមួយ​ទៅ​ទៀត ។

ប្រ​សិន បើ​ការ​ចាយវាយ​លុយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ​នោះ​ការ​ទុក​លុយ​ក៏​អាច​មាន​ឥទ្ធិពល​ដូច​គ្នា​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​បើក​កាបូប​លុយ ឬ​ឆែក​គណនី​ធនាគារ និង​ឃើញ​ចំនួន​លុយ​ដែល​អ្នក​នៅ​សល់ ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ