ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្រូវ​ធំ​ៗ​នៃ​ទម្លាប់​ចាយវាយ​លុយកាក់

4 ឆ្នាំ មុន

វា​មិនមែន​ជា​រឿង​លំបាក​ទេ ក្នុង​ការ​រក្សា​ទម្លាប់​ចាយវាយ​លុយកាក់​អោយ​បាន​ល្អ ប្រសិនបើ​អ្នក​រស់នៅ​ជីវិត​ដែល​មិន​ពោរពេញ​ទៅ​ដោយ​កត្តា​ដែល​ជះ​ឥទ្ធិពល​ឲ្យ​អ្នក​ចង់​ចាយវាយ ។ ប៉ុន្តែ​ជីវិត​មនុស្ស​ជា​ច្រើន​ក្នុង​សម័យកាល​នេះ គឺ​ពោរពេញ​ទៅ​ដោយ​កត្តា​ជំរុញ​ដល់​ទម្លាប់​ចាយវាយ​មិនល្អ ។ ខាងក្រោម​នេះ គឺជា​សត្រូវ​ធំ​ៗ​នៃ​ទម្លាប់​ចាយ​លុយ​ដែល​អ្នក​គួរតែ​ជៀសវាង ៖…

វា​មិនមែន​ជា​រឿង​លំបាក​ទេ ក្នុង​ការ​រក្សា​ទម្លាប់​ចាយវាយ​លុយកាក់​អោយ​បាន​ល្អ ប្រសិនបើ​អ្នក​រស់នៅ​ជីវិត​ដែល​មិន​ពោរពេញ​ទៅ​ដោយ​កត្តា​ដែល​ជះ​ឥទ្ធិពល​ឲ្យ​អ្នក​ចង់​ចាយវាយ ។ ប៉ុន្តែ​ជីវិត​មនុស្ស​ជា​ច្រើន​ក្នុង​សម័យកាល​នេះ គឺ​ពោរពេញ​ទៅ​ដោយ​កត្តា​ជំរុញ​ដល់​ទម្លាប់​ចាយវាយ​មិនល្អ ។ ខាងក្រោម​នេះ គឺជា​សត្រូវ​ធំ​ៗ​នៃ​ទម្លាប់​ចាយ​លុយ​ដែល​អ្នក​គួរតែ​ជៀសវាង ៖

១. ការ​លក់​បញ្ចុះតម្លៃ
ទំនិញ​មួយ​ដែល​អ្នក​មិន​ត្រូវការ​តែ​កំពុង​មានការ​លក់​បញ្ចុះតម្លៃ​នៅ​តែ​ជា​ទំនិញ​ដែល​អ្នក​មិន​ត្រូវការ​ដដែល ដូច្នេះ​អ្នក​មិន​គួរ​ធ្លាក់​ក្នុង​អន្ទាក់​អ្នកលក់ និង​ទិញ​អ្វី​ដែល​មិន​ចាំបាច់​សម្រាប់​អ្នក​ទេ ។ ដើម្បី​ជៀសវាង​ត្រូវ​បាន​បង្ខំ​ឲ្យ​ទិញ​អ្វី ដែល​អ្នក​មិន​ត្រូវការ ឬ​មិន​ចង់បាន អ្នក​គួរតែ​កត់​ទុក​នូវ​អ្វី​ដែល​អ្នក​ចង់​ទិញ និង​ត្រូវការ​ក្នុង​បញ្ជី​មួយ​រាល់ពេល​ដើរ​ផ្សារ ។ មុន​ពេល​សម្រេចចិត្ត​ទិញ​អ្វី​ដែល​កំពុង​មានការ​លក់​បញ្ចុះតម្លៃ អ្នក​គួរតែ​មើល​ក្នុង​បញ្ជី​របស់​អ្នក​សិន​ថា មានឈ្មោះ​ទំនិញ​ដែល​អ្នក​កំពុង​ចង់​ទិញ ឬទេ ?

២. ប្រព័ន្ធ​សង្គម
ប្រព័ន្ធ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា អនុញ្ញាត​ឲ្យ​មនុស្ស​រក្សា​ទំនាក់ទំនង​ជាមួយនឹង​គ្រួសារ និង​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ និង​ដៃគូ​អាជីវកម្ម​ដទៃ​ជាដើម ប៉ុន្តែ​វា​ក៏​ជា​ឧបករណ៍​មួយ​សម្រាប់​អ្នកលក់ ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​ដែរ ។ ប្រព័ន្ធ​សង្គម​មានការ​ផ្សាយពាណិជ្ជកម្ម​ជា​ច្រើន​ដែល​អ្នកលក់​ព្យាយាម​បង្ហាញ​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​មានចិត្ត​ចង់​ទិញ​ផលិតផល ឬ​ប្រើ​សេវាកម្ម​អ្វីមួយ បើ​ទោះជា​អ្នក​ប្រើប្រាស់​មិន​ត្រូវការ​វា​ក៏​ដោយ ។ អ្នក​ដែល​ឧស្សាហ៍​ប្រើ​ប្រព័ន្ធ​សង្គម​ងាយ​នឹង​ជួប​ការ​ធ្លាក់​ក្នុង​អន្ទាក់​នេះ និង​ចាយវាយ​ខ្ជះខ្ជាយ ។

៣. ភាព​ទំនេរ និង​ធុញ
មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ដើរ​ហាង ឬ​ផ្សារ​ទំនើប​មើល​ទំនិញ​ផ្សេង​ៗ​លេង​ពេល​ដែល​ពួក​គេ​មិន​មានការ​ងារ​ត្រូវធ្វើ ឬ​កម្មវិធី​ចូលរួម ។ មនុស្ស​ដទៃ​ទៀត​ក៏​ចូល​ចិត្ត​ចុច​មើល​ហាង​អន​ឡាញ​លក់​ផលិតផល ឬ​ផ្គត់ផ្គង់​សេវាកម្ម​ផ្សេង​ៗ​ពេល​ដែល​កំពុង​សម្រាក ។ សកម្មភាព​ទាំងនេះ​អាច​ជួយ​ឲ្យ​ពួក​គេ​ធូរស្រាល​ពី​អារម្មណ៍​ធុញទ្រាន់ ពិតមែន​ក្តី តែ​វា​ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នកលក់​ក្នុង​ការ​ទាក់ទាញ​អ្នក​ឲ្យ​ទិញ​ផលិតផល ឬ​ប្រើ​សេវាកម្ម​របស់​ពួក​គេ​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មាន​តម្រូវការ​ទិញ​អ្វី​ទេ​នោះ អ្នក​មិន​គួរ​ដើរ​មើល​ផលិតផល ឬ​ចូល​មើល​ហាង​អន​ឡាញ​លេង​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ