ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១ កុម្ភៈ ២០១៤ ពីបទចាប់ក្មួយស្រីរបស់ខ្លួនអាយុ១៥ឆ្នាំរំលោភសេពសន្ថវៈនៅលើផ្ទះស្ថិតក្នុងភូមិស្រែកកក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខណៈឪពុក ម្តាយជាប់រវល់ទៅធ្វើចំការនៅស្រុកឆ្លូង ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះអ៊ី អ៊ល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកអនុសេនីយ៍ទោ ស៊ាន ម៉េងស៊ា មន្ត្រីនគរបាលយុត្តិធម៌ស្រុកតំបែរបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ មករា ២០១៤ ជនសង្ស័យបានដើរឆ្លុះកង្កែបនៅខាងលិចភូមិស្រែកក់ ស្របពេលដើរមកដល់ផ្ទះរបស់ក្មួយស្រីក៏បានឈាងចូលដើម្បីហៅឆ្កែ១ក្បាលគ្រាន់ទៅជាមួយដោយមានភ្លើងពិលពាក់នឹងក្បាលសម្រាប់បំភ្លឺផ្លូវផងដែរ ។
ខណៈពេលដើរមកដល់ផ្ទះក្មួយស្រី ជនសង្ស័យក៏បានឡើងតាមជណ្តើរមិនឃើញខ្ទាស់គន្លឹះទ្វារក៏បើកចូលក្នុងផ្ទះឃើញក្មួយស្រីអាយុ១៥ឆ្នាំកំពុងដេកនៅក្នុងបន្ទប់ម្នាក់ឯង ពេលនោះស្រាប់តែមានអារម្មណ៍ផ្លូវភេទក៏បានធ្វើសកម្មភាពរំលោភក្មួយស្រីប្រហែលបាន១០នាទី នាងភ្ញាក់ដឹងខ្លួនធាក់មួយជើងផ្ទប់ជញ្ជាំងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកផ្ទះ២នាក់ទៀតភ្ញាក់ដឹងខ្លួននាំគ្នាយកពិលមកបញ្ចាំងមើលមុខទើបដឹងថាជាឪពុកមា បន្ទាប់មកជននេះបានដើរចុះតាមជណ្តើរត្រឡប់ទៅផ្ទះវិញរហូតដល់ព្រឹកថ្ងៃទី១ កុម្ភៈ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំព្រៃព្រីងបានទទួលពាក្យបណ្តឹងក៏បានកោះហៅជនសង្ស័យមកសួរនាំ និងឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ