ខេត្តសៀមរាប ៖ ព្រះវិហារវត្ដភ្នំក្រោម ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ជាប់នឹងតំបន់រមណីយដ្ឋានមាត់បឹងទន្លេសាបចុងឃ្នៀស បានត្រូវអគ្គិភ័យលេបត្របាក់បណ្ដាលឱ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ទៅលើអាកាស ក៏ប៉ុន្ដែមិនបង្កឱ្យអន្ដរាយទាំងស្រុងទេ ខណៈអង្គភាពពន្លត់អគ្គិភ័យចំនួនពីរគឺកងរាជអាវុធហត្ថ និងនគរបាលខេត្ដ បានចុះជួយអន្ដរាគមន៍ទាន់ពេល ។
មន្ដ្រីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ឧបទ្ទវហេតុដ៏អាក្រក់នេះកើតឡើងកាលពីវេលារំលងអធ្រាត្រ ហើយត្រូវបានព្រះសង្ឃដឹងនៅពេលថ្វាយបង្គំព្រះ និងរាយការណ៍ឱ្យសមត្ថកិច្ចដឹងនៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣១ មករា ។ ទោះបីជាយ៉ាងណា ពុំមានសេចក្ដីរាយការណ៍ពីចំនួនព្រះសង្ឃរងរបួសនៅក្នុងហេតុការណ៍នោះទេ គ្រាន់តែមានការអះអាងថា ពិតានព្រះវិហារចំនួន៨ផ្ទាំងទំហំប្រមាណ១០០ម៉ែត្រការ៉េ និងគ្រឿងសក្ការបូជាមួយចំនួនដែលមានតម្លៃប្រមាណ២ម៉ឺុនដុល្លារបានក្លាយជាចំណីភ្លើង។
ទាក់ទិននឹងហេតុការណ៍ឆេះព្រះវិហារនេះ នាយប៉ុស្ដិ៍សង្កាត់សៀមរាប លោកអនុសេនីយ៍ត្រី ដា ចំរើន បានថ្លែងប្រាប់ថា ភ្លើងទំនងជាចាប់ផ្ដើមឆេះព្រះវិហារតាំងពីពាក់កណ្ដាលអធ្រាត្រមកម៉្លេះ ដោយគ្មានអ្នកណាម្នាក់ដឹង លុះដល់វេលាម៉ោង៥ព្រឹកថ្ងៃទី៣១ មករា ពេលព្រះសង្ឃនិមន្ដទៅថ្វាយបង្គំព្រះ ទើបដឹងពីហេតុការណ៍ឆេះនេះ ហើយរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាននៅវេលាម៉ោង៧ព្រឹក។
លោកបានបញ្ជាក់ថា ពីដំបូងឡើយ ទំនងជាព្រះសង្ឃមានបំណងចង់លាក់បាំងពីហេតុការណ៍នោះ ព្រោះពេលដឹងហេតុការណ៍ភ្លាមពុំបានរាយការណ៍ទៅសមត្ថកិច្ច ឬប្រកូកប្រកាសប្រាប់ប្រជាពលរដ្ឋនៅជុំវិញវត្ដឱ្យជួយពន្លត់ភ្លើងទេ ដោយសម្ងំដងទឹកស្រោចពន្លត់ភ្លើងស្ងាត់ៗ លុះដល់ឃើញមានភ្លើងឆេះចេញពីដំបូលព្រះវិហារ ទើបរាយការណ៍ប្រាប់់សមត្ថកិច្ច ។
លោកបានបន្ថែមថា រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់បានស្រាវជ្រាវរកមូលហេតុដែលនាំឱ្យឆេះនៅឡើយទេ គ្រាន់តែសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងទៀនធំៗដែលអុជទុកចោលនៅមុខព្រះបដិមាក្នុងព្រះវិហារ ហើយឆាបរាលដាលទៅដល់ធូបទៀន និងគ្រឿងតង្វាយជាច្រើនទៀត ដែលសុទ្ធសឹងជារបស់ងាយឆេះ តម្កល់នៅកន្លែងថ្វាយបង្គំព្រះនោះ ។
ព្រះចៅអធិការវត្ដភ្នំក្រោម ព្រះនាម ហាប់ ចយ ព្រះជន្ម ៦៣ឆ្នាំ បានមានថេរដីកាថា នៅក្នុងហេតុការណ៍នោះមានការខូចខាតតិចតួចទេ គិតជាទឹកប្រាក់ប្រហែល២ម៉ឺុនដុល្លារ ក្នុងនោះមានគ្រែទេសនាចំនួន២ ព្រំចំនួន២ កម្រាលលោកគង់ចំនួន៨ផ្ទាំង និងឆេះពិតានព្រះវិហារដែលមានគូររូបព្រះពុទ្ធអង្គចំនួន៧ផ្ទាំង ទំហំជិត១០០ម៉ែត្រការ៉េ ។ ដោយឡែក ព្រះពុទ្ធបដិមាដែលតម្កល់នៅក្នុងព្រះវិហារទាំងតូច ទាំងធំ សុទ្ធសឹងធ្វើពីសុីុម៉ង់ត៍ ដូច្នេះពុំមានការខូចខាតធំដុំទេ គ្រាន់តែឆេះរោលភ្លើងតិចតួចប៉ុណ្ណោះ ។
ព្រះអង្គមានថេរដីកាបន្ថែមថា ហេតុការណ៍នេះព្រះអង្គពុំមានសង្ស័យពីអ្នកណាចូលលួចដុតអ្វីទេ ក្រៅពីសង្ស័យទៅលើភ្លើងទៀនដែលដុតទុកចោល និងទុស្សេចរន្តអគ្គិសនី ។ ព្រះអង្គក៏បានថ្លែងអំណរគុណទៅដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានដុតដៃដុតជើង បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់ទាន់ពេលវេលា បើពុំដូច្នេះទេ ព្រះវិហារទាំងមូលច្បាស់ជាត្រូវឆេះគ្មានសល់ជាក់ជាមិនខាន ។
គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ព្រះវិហារវត្តចេតិយ ដែលនៅមិនឆ្ងាយប៉ុន្មានពីវត្តភ្នំក្រោម ក៏ត្រូវភ្លើងឆេះដែរ បណ្តាលឱ្យអន្តរាយព្រះវិហារទាំងមូល រួមទាំងព្រះពុទ្ធបដិមាជាច្រើនអង្គ និងគ្រឿងតង្វាយជាច្រើនផ្សេងទៀត ត្រូវឆេះខ្ទេចខ្ទីគ្មានសល់ ដោយសារតែក្រុមរថយន្តពន្លត់អគ្គិភ័យ មិនអាចទៅអន្តរាគមន៍បានទាន់ពេល ។ ជុំវិញការចុះអន្តរាគមន៍ចុងក្រោយ សមត្ថកិច្ចអះអាងថា គេបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅដល់៥គ្រឿង ដោយបាញ់ទឹកអស់ចំនួន១១ រថយន្ត ក្នុងនោះរថយន្តអង្គភាពកងរាជអាវុធហត្ថខេត្តចំនួន៤គ្រឿង និងរថយន្តនគរបាលខេត្តចំនួនមួយគ្រឿងផងដែរ ។
សូមបញ្ជាក់ថា នៅព្រឹកនោះដែរ ក្រៅពីមានឆេះព្រះវិហារនៅវត្តភ្នំក្រោម ក៏មានសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀតថា លំនៅឋានប្រជាពលរដ្ឋមួយខ្នង សង់ពីឈើប្រក់ស្បូវ នៅក្បែរវត្តពោធិវង្ស ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានព្រះអគ្គីលេបត្របាក់អស់គ្មានសល់ មុននឹងរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចទៅដល់ ៕
ចែករំលែកព័តមាននេះ