រាជធានីភ្នំពេញ ៖ ដោយសារមានលេចឮពាក្យចចាមអារា៉មមិនត្រឹមត្រូវ បង្កឱ្យមានការភ័ន្តច្រឡំ និងភ័យខ្លាចនៅក្នុងសហគមន៍មួយចំនួន ពីប្រភពនិងគុណភាពនៃវា៉ក់សាំងដែលបានប្រើប្រាស់ ក្រសួងសុខាភិបាលរួមជាមួយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសរួមមួយ ស្តីពីគុណភាពនៃវា៉ក់សាំងដែលបានប្រើប្រាស់ ។
យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី២៩ មករា ឆ្នាំ២០១៤ កន្លងមក បានបញ្ជាក់ពីគុណភាពនៃវា៉ក់សាំង ដែលបានប្រើប្រាស់ក្នុងកម្មវិធីថ្នាក់ជាតិផ្តល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងឆ្នាំ២០១៣កន្លងទៅនេះ រួមមានវា៉ក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ។ ថ្មីៗនេះមានលេចឮពាក្យចចាមអារា៉មមិនត្រឹមត្រូវ បង្កឱ្យមានការភ័ន្តច្រឡំ និងការភ័យខ្លាចដោយគ្មានហេតុផលនៅក្នុងសហគមន៍មួយចំនួនពីប្រភព និងគុណភាពនៃវា៉ក់សាំង ដែលបានប្រើប្រាស់ក្នុងយុទ្ធនាការប្រកបដោយជោគជ័យ ក្នុងការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច ដែលបានប្រព្រឹត្តទៅនាចុងឆ្នាំ២០១៣ កន្លងទៅ ។
សេចក្តីប្រកាសរួម បានបញ្ជាក់ច្បាស់ថា វា៉ក់សាំងទាំងឡាយដែលក្រសួងសុខាភិបាលសម្រេចដាក់ឱ្យប្រើក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាប្រចាំរាល់ថ្ងៃ និងនៅពេលយុទ្ធនាការដែលថ្មីៗនេះ យើងផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូចរួមបញ្ចូលគ្នា សុទ្ធតែផ្គត់ផ្គង់តាមរយៈអង្គការយូនីសេហ្វ ហើយចេញពីរោងចក្រផលិត ដែលបានទទួលស្គាល់គុណភាពជាមុនពីអង្គការសុខភាពពិភពលោក ។ ក្រសួងសុខាភិបាលមិនបានទិញឬទទួលពីប្រភពណាផ្សេងទៀតឡើយ ដើម្បីធានាដល់ប្រជាពលរដ្ឋនូវគុណភាពវា៉ក់សាំងដ៏ល្អ បំផុត ។
សេចក្តីប្រកាសរួមដដែលបង្ហាញថា ការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច គឺការពារកុមារទល់នឹងជំងឺ និងផលវិបាកដល់អាយុជីវិត ដែលបណ្តាលមកពីជំងឺទាំងនេះ ។ ការផ្តល់ថ្នាំបង្ការជាអន្តរាគមន៍ដ៏មានសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុតដល់សុខភាព និងអាយុជីវិតរបស់កុមារកម្ពុជា ។ សេចក្តីប្រកាសរួមក៏បានគូសបញ្ជាក់ដែរថា ក្រសួងសុខាភិបាល សូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលកុមារទាំងអស់នៅទូទាំងប្រទេសសូមជឿជាក់ថា ក្រសួងសុខាភិបាលមានភារកិច្ចការពារសុខភាពប្រជាពលរដ្ឋទាំងអស់ និងជានិច្ចកាល សូមពិគ្រោះយោបល់ជាមួយបុគ្គលិកសុខាភិបាលដែលនៅជិតលោកអ្នកអំពីផលប្រយោជន៍នៃការទទួលវា៉ក់សាំង ៕
ចែករំលែកព័តមាននេះ