រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិនរាប់រយនាក់ មានក្មេងចាស់ប្រុសស្រីយុវជន-យុវនារី ដែលនៅក្នុងដៃម្នាក់ៗមានកាន់កន្ត្រកដាក់ផ្លែឈើ មាន់ទា និងជ្រូកខ្វៃ បាននាំគ្នាប្រជ្រៀតឡើងតាមកាំជណ្តើរពីខាងមុខព្រះវិហារវត្តភ្នំនិងកាំជណ្តើរខាងជើងតាំងពីព្រលឹមស្រាងៗ នាព្រឹកថ្ងៃសុក្រ ទី៣១ មករា ត្រូវនឹងថ្ងៃ១កើត ខែមាឃ ដែលជាថ្ងៃចូលឆ្នាំថ្មីដើម្បីអុជធូបបួងសួងសុំសេចក្តីសុខសប្បាយពីលោកតាព្រះចៅ និងលោកយាយពេញ ។
អ្នកស្រី យីង ឡាង អាយុ៥៥ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារអូរឫស្សី និយាយថា ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃចូលឆ្នាំចិនទី១ អ្នកស្រីរួមទាំងកូនចៅតែងតែនាំគ្នាយកមាន់ទា ជ្រូកខ្វៃ និងផ្លែឈើគ្រប់មុខមកសែនដល់លោកតាព្រះចៅដែលគង់នៅវិហារខាងជើងលើវត្តភ្នំ ។ បន្ទាប់ពីអុជធូបបួងសួងតាមសេចក្តីប្រាថ្នារួចមក ម្នាក់ៗក៏បានសុំពីលោកតាព្រះចៅវិញនូវផ្លែក្រូចឃ្វិច ហើយឡើងទៅលើព្រះវិហារវត្តភ្នំអុជធូប និងថ្វាយផ្លែឈើដល់លោកយាយពេញ ព្រមទាំងអុជធូបនៅព្រះវិហារវត្តភ្នំផងដែរ ។ ការអនុវត្តបែបនេះ អ្នកស្រីឃើញថា រកស៊ីមានបានដូចបំណងមែនទោះបីជាជាប់រវល់យ៉ាងម៉េច ក៏ត្រូវតែមកជាដាច់ខាត ។ និយាយឱ្យខ្លីទៅ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ គឺជាទិវាសិរីមង្គលសប្បាយរីករាយទាំងចាស់ទាំងក្មេង តែម្នាក់ៗក៏មិនភ្លេចទៅព្រះវិហារអុជធូបនោះទេ ជាក់ស្តែងដូចជាថ្ងៃនេះ ដែលជាថ្ងៃចូលឆ្នាំដំបូងនេះ ស្រាប់ ។
ចំណែកលោកយាយ អុីង លាង អាយុ៧០ឆ្នាំ មានប្រសាសន៍ថា ផ្លែក្រូចឃ្វិច គឺជាផ្លែឈើសិរីមង្គលនៅក្នុងទិវាចូលឆ្នាំប្រពៃណីចិន ហើយគេតែងតែជូនផ្លែក្រូចឃ្វិចមួួយគូដល់គ្នាទៅវិញទៅមកសម្រាប់បរិភោគ និងភ្ជាប់ដោយពាក្យជូនពរផងដែរ ។ ពេលលោកយាយមកអុជធូបសែនផ្លែឈើនៅវិហារលោកតាព្រះចៅរួច គឺលោកយាយសុំពីលោកតាព្រះចៅ នូវផ្លែក្រូចឃ្វិចចំនួនពីរផ្លែ ឬបួនផ្លែទុកចែកបន្តដល់កូនចៅដែលមិនបានមក ។
រីឯលោកអាចារ្យដែលមានភារកិច្ចថែរក្សាព្រះវិហារវត្តភ្នំបានឱ្យដឹងថា ឆ្នាំនេះប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន បាននាំគ្នាឡើងមកអុជធូបសុំសេចក្តីសុខពីលោកតាព្រះចៅ និងលោកយាយពេញ កើនឡើងជាងឆ្នាំមុន គឺរហូតរាប់ពាន់នាក់ ហើយពួកគេបានធ្វើដំណើរមកតាំងពីម៉ោង៤ទៀបភ្លឺម៉្លេះ ។ ដោយឡែកការងារសន្តិសុខវិញ កម្លាំងសណ្តាប់ធ្នាប់រក្សាបានល្អប្រសើរ មិនឱ្យមានចោរកម្មកើតឡើងទេ ។ជាប្រពៃណីទំនៀមទម្លាប់រួមទាំងការឈប់សម្រាកនាអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន-វៀតណាមនេះ ជនជាតិខ្មែរសែស្រឡាយចិននិយមទៅប្រារព្ធធ្វើនៅឯវិហារចិន ឬហៅថារោងអ្នកតាចិន ដើម្បីបួងសួងបន់ស្រន់សុំសេចក្តីសុខចម្រុងចម្រើន និងសំណាងល្អពីទេវតាឆ្នាំថ្មី ។ បន្ទាប់មក ពួកគេត្រឡប់ទៅផ្ទះវិញ ដោយនាំយកទៅជាមួយនូវដើមអំពៅ ក្រូចឃ្វិច និងធូបកំពុងឆេះគ្រប់ៗក្រុមគ្រួសារ ។
មន្ត្រីសាលាខណ្ឌដូនពេញមួយរូប និយាយថា ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ នៅផ្សារកណ្តាល ផ្សារចាស់ និងផ្សារធំថ្មី មិនសូវមានអាជីវករមកលក់ដូរទេ ។ ជាក់ស្តែងនៅផ្សារធំថ្មី អាជីវករប្រហែល៨០ភាគរយ បិទតូបមិនលក់ ដូច្នេះហើយខាងផ្សារត្រូវបង្ខំចិត្តបិទទ្វារ តែអនុញ្ញាតឱ្យបងប្អូនអាជីវករលក់ខោអាវ និងគ្រឿងហូបចុកនៅខាងក្រៅផ្សារ រហូតដល់ទៅ៣ថ្ងៃ ។
ដោយឡែក ហាងលក់គ្រឿងអលង្ការ ហាងលក់គ្រឿងអេឡិចត្រូនិក ជុំវិញផ្សារធំថ្មី ក៏ឃើញថាបិទទ្វារដែរ ព្រោះពួកគេភាគច្រើនជាប់សែស្រឡាយចិន ហើយអាជ្ញាធរមូលដ្ឋានមិនមានសិទ្ធិណាទៅហាមឃាត់គេឡើយ ។ ឆ្នាំនេះក៏ដូចជាឆ្នាំទៅមិញដែរ ហាងទំាងនោះបិទទ្វាររហូតដល់មួយសប្តាហ៍ ទើបនាំគ្នាបើកដំណើរការវិញ៕
ចែករំលែកព័តមាននេះ