អនិច្ចា​! ទើប​រៀប​ការ​៣​ខែ រួច​មក​ធ្វើការ​​​​បាន​២​ថ្ងៃ​ បែរជា​ប្តីទៅ​ចោល​ប្រពន្ធ​គួរ​ឱ្យ​សង្វេគ (​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​មេការ​ហាម​មិន​ឲ្យ​ប្រើ​ម៉ូ​ទ័​រ​កាត់​ដែក​ទេ​គឺ​ឲ្យ​ប្រើ​កន្ត្រៃ ប៉ុន្តែ​នាង​មិន​ស្ដាប់ ខណៈនោះ​ចរន្តអគ្គិសនី​ឆ្លង​ចេញពី​ម៉ូ​ទ័​រ​ទៅ​ដែក​ដោយ​មិន​បានដឹង ហើយ​បុរស​ជា​ប្ដី​ដើរ​អត់​ពាក់​ស្បែកជើង​ទៅ​រក​ទឹក​ផឹក​ក៏​ជាន់​លើ​ដែក​នោះ បណ្ដាល​ឲ្យ​ឆក់​ដួល​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​គួរ​ឲ្យ​សង្វេគ​បំផុត ចោល​នាង​ជា​ប្រពន្ធ​ជាទី​ស្រឡាញ់​ទើប​រៀប​ការ​៣​ខែ​ប៉ុណ្ណោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​តាម​ផ្លូវលំ ក្រុម​ទី​៤ ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ធឿ​ន ថន អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ប្រពន្ធ​ឈ្មោះ ពន រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​អេ​លិច ឃុំ​ច្រ​ណូ​ក ស្រុក កំពង់លែង ខេត្តកំពង់​ឆ្នាំង ។ អ្នក​ទាំង​២​ទើបតែ​រៀប​ការ​ជាមួយ​គ្នា​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ លុះ​រៀប​ការ​រួច​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​មក​រាជធានី​ភ្នំពេញ ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នេះ​ទើបបាន​២​ថ្ងៃ​ប៉ុណ្ណោះ និង​ស្នាក់​នៅ​កន្លែង​កើតហេតុ ហើយ​ក៏​ជួប​រឿង​អកុសល​បែប​នេះ​តែ​ម្ដង​។

ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មេការ​ប្រើ​ឲ្យ​ប្ដី​របស់​នាង​កាប់​រណ្ដៅ​ដើម្បី​ចាក់​គ្រឹះ និង​ឲ្យ​រូប​នាង​រួម​នឹង​កម្មការិនី​ម្នាក់​ទៀត​កាត់​ដែក​សរសៃ​ដោយ​ប្រើ​កន្ត្រៃ មិន​ឲ្យ​ប្រើ​ម៉ូ​ទ័​រ​កាត់​ដែក​នោះ​ទេ បន្ទាប់​ពី​ប្រើ​ពួក​នាង​រួច មេការ​ក៏​ចាកចេញ​ទៅ​ក្រៅ​បាត់​។ ខណៈនោះ​ដោយសារ​តែ​ចង់​លឿន និង​ធូរ​កម្លាំង​ផង​នោះ ពួក​នាង​ក៏​យក​ម៉ូ​ទ័​រ​កាត់​ដែក​មក​ប្រើ លុះ​ដាក់​ដែក​ចូល​ម៉ូ​ទ័​របើក​កុងតាក់​បម្រុង​កាត់ ស្រាប់តែ​ប្តី​របស់​នាង​ដើរ​ចេញពី​កន្លែង​កាប់​រណ្តៅ​ដី​ដោយ​ជើង​ទទេរ​ដើម្បី​រក​ទឹក​ហូប​ក៏​ជាន់​លើ​ដែក ទើបត្រូវ​ចរន្តអគ្គិសនី​ឆ្លង​ចេញពី​ម៉ូ​ទ័​រ​កាត់​ដែក​ឆក់​តែ​ម្ដង​។ ខណៈនោះ​នាង​បាន​បិទ​កុងតាក់ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ប្ដី​នាង​ភ្លាម​ៗ​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ទាន់​ឡើយ ព្រោះ​ឆក់​ភ្លាម ប្ដី​នាង​បាន​ស្លាប់​ភ្លាម​ៗ​បាត់​ទៅ​ហើយ​។

ដោយឡែក​បុរស​ឈ្មោះ សួ​ស សុគន្ធ អាយុ​៣៨​ឆ្នាំ ដែល​ជា​មេការ​សំណង់​ខាងលើ​បាន​និយាយ​ថា មុន​កើតហេតុ គាត់​ប្រើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ រួម​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​កាត់​ដែក​សរសៃ​ដោយ​ឲ្យ​ពួក​នាង​ប្រើ​កន្ត្រៃ​កាត់​ដែក ហាម​មិន​ឲ្យ​ប្រើ​ម៉ូ​ទ័​រ​ឡើយ​។ ការ​ហាម​នេះ ក៏​ព្រោះតែ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ពួក​នាង​ដូច​ជា​បាក់​ផ្លែ​ម៉ូ​ទ័​រ ឬ​ឆ្លង​ចរន្ត​ឆក់​ជាដើម លុះ​ក្រោយ​ពី​ចាត់ចែង​រួចរាល់ គាត់​ឆ្លៀតពេល​ចេញ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សំណង់​មួយ​កន្លែង​ផ្សេង​ទៀត​។

ប្រភព​ដដែល​បន្ត​ថា គាត់​មិន​នឹក​ស្មានថា ពួក​នាង​មិន​ស្ដាប់​តាម​នោះ​ទេ លុះ​ក្រោយមក​ស្រាប់តែ​ទទួល​ដំណឹង​ថា ប្ដី​របស់​នាង​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់ ព្រោះតែ​ការ​ប្រើប្រាស់​ម៉ូ​ទ័​រ​កាត់​ដែក​បែប​នេះ​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​នគរបាល​ពិនិត្យ​កោសល្យវិច័យ​រួចរាល់ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ