រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់ ខណៈកំពុងមានផ្ទៃពោះ៧ខែផង ក្នុងអារម្មណ៍ភ័យព្រួយ លាយឡំជាមួយទឹកភ្នែកហូររលីងរលោង បានមានវត្តមាននៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយក្រុមគ្រួសារ៥នាក់ ក្រោយពីបាត់ប្តីមួយយប់មួយថ្ងៃធ្វើឱ្យគ្រួសារភិតភ័យដើរស្វែងរក និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
វត្តមានស្ត្រីខាងលើ និងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាសង្កាត់ចោមចៅ៣ ដោយស្ត្រីវ័យក្មេងរៀបរាប់ឲ្យដឹងថា ប្តីរបស់គាត់ដែលបាត់ខ្លួនគ្មានដំណឹងសូន្យឈឹងមានឈ្មោះ ហ៊ន សេងហ៊ួរ អាយុ២៤ឆ្នាំ មុខរបរជាងឈើ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែករូបនាងជាប្រពន្ធឈ្មោះ ចាន់ សែន អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជាប្រពន្ធបន្តទៀតថា ប្តីរបស់គាត់ចេញទៅធ្វើការជាជាងឈើនៅឯក្រុងតាខ្មៅ ជួន១ថ្ងៃ ឬ២ថ្ងៃ ប្តីវិលមកផ្ទះជួល ហើយដំណឹងតែងតែផ្តល់ឲ្យរាល់ថ្ងៃ ស្រាប់តែនៅម៉ោង៥ល្ងាចថ្ងៃទី២០ កក្កដា ប្តីទូរស័ព្ទប្រាប់ថា ឲ្យរៀបចំបាយម្ហូបទុកឲ្យហើយទៅ រូបគេនឹងចេញដំណើរពីក្រុងតាខ្មៅហើយ ក៏ប៉ុន្តែការទន្ទឹងចាំមើលផ្លូវប្តី ចាំបាត់ៗ ឆ្លងកាត់អស់ពេញមួយយប់ ទំនាក់ទំនងតាមទូរស័ព្ទទៅវិញមិនអាចទាក់ទងបាន សាកសួរទៅកន្លែងសិប្បកម្មឈើ កន្លែងប្តីធ្វើការ ក៏គេប្រាប់ថា ចេញទៅបាត់ហើយ ទើបធ្វើឲ្យក្រុមគ្រួសារផ្អើលឆោឡោ ។

ស្ត្រីជាប្រពន្ធបន្តថា ក្រោយពីបាត់ដំណឹងប្តី ស្ត្រីវ័យក្មេងខាងលើ ទាំងក្រុមគ្រួសារតែម្តងភិតភ័យ ព្រួយបារម្ភមិនដឹងថា មានបញ្ហាអ្វី ទើបបាត់សូន្យដំណឹង រហូតនៅព្រឹកថ្ងៃទី២១ កក្កដា ស្ត្រីជាប្រពន្ធ រួមដំណើរជាមួយបងប្អូន ប្រុសស្រី ក្រុមគ្រួសារ ស្នើសុំមានការអន្តរាគមន៍ពីតាមបណ្តាប៉ុស្តិ៍ប៉ូលិស អាជ្ញាធរ អ្នកសារព័ត៌មានឲ្យជួយស្រាវជ្រាវ និងប្រកាសស្វែងរក ។
ស្ត្រីជាប្រពន្ធបន្តទៀតថា ប្តីរបស់គាត់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-4221 ជាមធ្យោបាយធ្វើដំណើរ ។ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ