ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​១ កម្ពុជា​នាំ​ចេញ​កៅស៊ូ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ១៣៩​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​តម្លៃ​ធ្លាក់​​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រា​ធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ ឬ គិត​ត្រឹម​ឆមាស​ទី​មួយ​ដើមឆ្នាំ ២០១៩ កម្ពុជា​បាន​បញ្ចេញ​លក់​កៅស៊ូ បាន​ចំនួន​១០៤.២៦១​តោន កើនឡើង​ប្រមាណ​២៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ…

​រា​ធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ ឬ គិត​ត្រឹម​ឆមាស​ទី​មួយ​ដើមឆ្នាំ ២០១៩ កម្ពុជា​បាន​បញ្ចេញ​លក់​កៅស៊ូ បាន​ចំនួន​១០៤.២៦១​តោន កើនឡើង​ប្រមាណ​២៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ។ ក៏​ប៉ុន្តែ​បើ​ងាក​ទៅ​តម្លៃ​កៅស៊ូ​វិញ គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ ៩៣ ដុល្លារ​ជា​ធ​ម្យ​ម​ក្នុង​មួយ​តោន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

​តាម​របាយការណ៍​បាន​បង្ហាញ​ថា តម្លៃ​កៅស៊ូ ដែល​លក់​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០១៩​នេះ គិត​ជា​មធ្យម​ក្នុង​តម្លៃ ប្រមាណ​១,៣៣៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ដូច្នេះ​ក្នុងរយៈពេល​៦​ខែ​នេះ​កម្ពុជា​បញ្ចេញ​លក់​កៅស៊ូ និង​បាន​ប្រាក់​ត្រលប់​មក​វិញ​នូវ​ទឹកប្រាក់​ប្រមាណ​១៣៩​លាន​ដុល្លារ​អា​មេ​រិ​ក ។ យ៉ាងណាមិញ សម្រាប់​តម្លៃ​លក់​ចេញ​ឆ្នាំ​នេះ​វិញ​មានការ​ធ្លាក់​ចុះ​៩៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន​បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា បរិមាណ​កៅស៊ូ​ដែល​កម្ពុជា​បាន​បញ្ចេញ​លក់​នៅ​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០១៩ មាន​ចំនួន​១០៤.២៦១​តោន បាន​កើនឡើង​ប្រមាណ ១៩.៨៤៣​តោន ត្រូវ​នឹង​២៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ ។ ដោយឡែក​សម្រាប់​ផលិតផល​កៅស៊ូ ដែល​កម្ពុជា​ផលិត​បាន​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​៦​ខែ​នេះ មាន​បរិមាណ ១០៥.៥៣៦ តោន កើនឡើង​ប្រមាណ​២៦​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ខណៈ​ផ្ទៃដី​ចៀរ​ជ័រកៅស៊ូ​មាន​ចំនួន ២៣៣.២១២​ហិច​តា ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ផ្ទៃដី​ដំណាំ​កៅស៊ូ​ទាំងអស់​ទូ​ទាំង​ប្រទេស ។

លោក ប៉ុ​ល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសា​ន​ស៍​ថា ផលិតផល​កៅស៊ូ​របស់​កម្ពុជា គឺ​ត្រូវ​បាន​នាំ​ចេញ​ទាំងអស់ ដោយ​មិន​មាន​លក់​នៅ​ក្នុងស្រុក​ឡើយ ព្រោះ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​រោងចក្រ​កែ​ច្នៃ​កៅស៊ូ​ទៅ​ផលិតផល​សម្រេច​ផ្សេង​ៗ​នៅឡើយ​ទេ ។ ​លោក ប៉ុ​ល សុ​ផា បាន​បន្ត​ថា «​កៅស៊ូ​យើង​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ដើម្បី​កែ​ច្នៃ​ជា​ផលិតផល​ផ្សេង​ៗ​ទៀត ដូច​ជា​ប្រទេស​វៀតណាម ថៃ ម៉ា​ឡេ​ស៊ី និង​ប្រទេស​ចិន​ជាដើម ដែល​ប្រទេស​ទាំងនេះ​ជា​ប្រទេស​បញ្ជា​ទិញ​ពី​កម្ពុជា​ច្រើន​ជាងគេ​» ។

លោក​បាន​បន្ត​ថា បើ​ទោះបីជា​ពេល​នេះ តម្លៃ​កៅស៊ូ​ហាក់​មិន​ទាន់​ខ្ពស់​ដែល​អាច​ធ្វើ​អោយ​អ្នក​ដាំ​ដុះ​រក​ផល​ចំណេញ​ខ្ពស់​ក៏​ដោយ តែ​ក៏​វា​មិន​ខាត​អី​ដែរ ។ ផលិតផល​ជ័រកៅស៊ូ មាន​ឡើង​មាន​ចុះ ដូច្នេះ​ហើយ វា​នឹង​មិន​ចុះ​រហូត​ទេ វា​នឹង​ឡើងថ្លៃ​វិញ​នៅ​ឆ្នាំ​ខាង​មុខ​នេះ អាច​ត្រឹម​ឆ្នាំ ២០២០ រឺ ២០២១​នឹង​អាច​ឡើងថ្លៃ​វិញ និង​ធ្វើ​អ្នក​ដាំ​អាច​រក​ប្រាក់​ចំណេញ​វិញ​បាន ។ សម្រាប់​កៅស៊ូ​គ្រួសារ វា​មិន​ចោទ​ប៉ុន្មាន​ទេ​នៅ​ពេល​នេះ ព្រោះ​ក្នុង​មួយ​តោន​ពួក​គាត់​អាច​លក់​បាន​ត្រឹម​១,១០០​ដុល្លារ​អា​មេ​រិ​កអី​ដែរ តែ​សម្រាប់​កៅស៊ូ​ក្រុមហ៊ុន​ដែល​ត្រូវ​កែ​ច្នៃ​វិញ វា​មាន​លក្ខណៈ​ស្ទើ​ចំណេញ​ស្ទើរ​ខាត តែ​យ៉ាងណា​ក៏​មិន​ខាត​រហូត​ដល់​ទប់​មិន​ជាប់​ដែរ ។

លោក​បាន​បន្ថែម​ថា ក្នុង​នាម​ជា​អាជ្ញាធរ​គ្រប់គ្រង​លើ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយ​នេះ ក្រសួង​តែងតែ​ជំរុញ​អោយ​កសិករ ក៏​ដូច​ជា​ក្រុមហ៊ុន​ពង្រីក​ការ​ដាំ​ដុះ បន្ថែម​ទៀត ហើយ​អ្នក​ដែល​កាប់​ចោល​គួរ​ដាំ​វិញ និង​អ្នក​ដាំ​បាន​ហើយ​គួរ​បន្ថែម​ការ​ថែរក្សា ព្រោះ​លោក​ជឿ​ជា កៅស៊ូ​នឹង​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ ហើយ​បើសិនជា​ឡើង​វិញ មិន​មាន​កៅស៊ូ​លក់​អោយ​គេ​នោះ គឺជា​ការ​បាត់បង់​ឱកាស​ដ៏​ល្អ​ហើយ ។ ​លោក​បាន​និយាយ​ថា « ការ​ផ្លាស់​ប្តូរ​មុខ​ដំណាំ របស់​កសិករ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ពីព្រោះ​ដំណាំ​ដែល​កសិករ​បំរុង​នឹង​ដាំ ទំ​រាំ​តែ​បាន​ផល វា​មិន​ប្រាកដ​ថា​រក្សា​តម្លៃ​បាន​ខ្ពស់​រហូត​នោះ​ឡើយ អ​ញ្ចឹ​ង​នៅ​ពេល​ដែល​កាប់​បំផ្លាញ​ដំណាំ​ណាមួយ​ហើយ​ទៅ​ដាំ​ដំណាំ​ផ្សេង គឺជា​ការ​ខាតបង់​មួយ​បាត់​ទៅ​ហើយ »​។

គួរ​បញ្ជាក់​ថា សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាស់តឿន​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ឱ្យ​បន្ត​បណ្តុះបណ្តាល​និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដំណាំ កៅស៊ូ​ដល់​កសិករ​ដាំ​កៅស៊ូ​ឱ្យ​បាន​ច្រើន​ថែម​ទៀត ត្រូវ​បន្ត​ពង្រីក​សហគមន៍​កៅស៊ូ​គ្រួសារ ដើម្បី​ផ្ដល់​ផលប្រយោជន៍​កសិករ នៅ​ពេល​លក់​ផលិតផល​កៅស៊ូ​ទាំងនោះ ។ សម្តេច​ក៏​បាន​ជំរុញ​ការ​វិនិយោគ​លើ​ការ​ដាំ​ដុះ​និង​កែ​ច្នៃ​ផលិតផល​កៅស៊ូ ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ