ស្លុតចិត្ត​! ប៉ះ​គ្រាប់​មិន​ទាន់​ផ្ទុះ​១១​គ្រាប់​…​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា​នៅ​ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់​ពី​សង្គ្រាម​សរុប​១១​គ្រាប់​កប់​ក្នុង​ដីចំការ​នៅ​ទីតាំង​៣​កន្លែង​ផ្សេង​គ្នា នា​តំបន់​អតីត​សមរភូមិ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ប្រមូល​យក ដើម្បី​រក្សា​ទុក​រង់ចាំ​ប្រគល់​ឱ្យ​មន្ត្រី​ស៊ី​ម៉ាក ឬ​ហេ​ឡូ​ត្រាក់​យក​ទៅ​បំផ្លាញ​ចោល​បញ្ចៀស​ការ​គ្រោះថ្នាក់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ​អាក្រក់​ណាមួយ​កើតឡើង ។

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ឱ្យ​ដឹង​ថា កម្ពុជា​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩ ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​បន្សល់​ពី​សង្គ្រាម​មាន​ចំនួន​៦១​នាក់​ដែល​ចំនួន​នោះ​មានការ​កើនឡើង​៣០​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៨​ដែល​មាន​ជន​រង​គ្រោះ​ចំនួន​តែ​៣១​នាក់​ប៉ុណ្ណោះ ។ ការ​ប្រទះ​ឃើញ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំណុច​ដីចំការ​ដំឡូង​មី​មួយ​កន្លែង ក្នុងភូមិ​ព​ន្សា​យ​ជើង ឃុំ​ស្វាយចេក និង​ចំណុច​ដីចំការ​មួយ​កន្លែង​ទៀត នៅ​ភូមិ​អូរ​វែង​ជើង នៅ​ភូមិ​តា​អុង​លិច ឃុំ​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ប្រាប់​ថា គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​១០​គ្រាប់​ខាងលើ គឺ​គ្រាប់​មីន​ស្គរ​ប្រឆាំង និង​មនុស្ស​មាន​៩​គ្រាប់ និង​គ្រាប់កាំភ្លើង​ត្បាល់​១​គ្រាប់ ប្រភេទ​១៣០​មី​លី​ម៉ែត្រ ។ ការ​ប្រទះ​ឃើញ​គ្រាប់​ទាំងនោះ​មាន​ប្រជាពលរដ្ឋ​៣​នាក់ ទៅ​ធ្វើ​ដីចំការ​ដំឡូង​មី និង​ធ្វើស្រែ​ប្រទះ​ឃើញ ខណៈ​ដែល​មានការ​ដកស្មៅ​ដំឡូង​មី និង​ភ្ជួរ​រាស់​ដី ។ លោក​អធិការ​បញ្ជាក់​ទៀត​ថា គ្រាប់​ទាំងនោះ​បាន​យក​មក​រក្សា​ទុក​កន្លែង​សុវត្ថិភាព​នោះ​ហើយ ដើម្បី​រង់ចាំ​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក​យក​ទៅ​កម្ទេច​ចោល ។

សូម​រំលឹក​ថា នៅ​ខេត្តបន្ទាយមានជ័យ​នេះ​ផង​ដែរ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា កន្លង​ទៅ​នេះ​បាន​ប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​គ្រាប់​ប្រឆាំង និង​យន្តហោះ និង​គ្រាប់​ប្រឆាំង និង​មនុស្ស​ចំនួន​៤១៤​គ្រាប់ ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ដោះ​មីន​ហេ​ឡូ​ត្រាក់ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​សុវត្ថិភាព ។ ក្រោយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក​បាន​ប្រទះ​ឃើញ​គ្រាប់​ទាំងនោះ​កប់​ក្នុង​ដីចំការ​មួយ​កន្លែង ដែល​ជា​អតីត​បន្ទាយ​កងទ័ព ក្នុង​តំបន់​អតីត​សមរភូមិ​សង្គ្រាម ក្នុងភូមិ​ត្រពាំង​ថ្ម​ខាងជើង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។

សូម​បញ្ជាក់​ថា កម្ពុជា​ទោះបី​បញ្ចប់សង្គ្រាម​ទាំងស្រុង​នោះ​ក៏​ពិតមែន ប៉ុន្តែ​គ្រាប់​មីន និង​កាក​សំណល់​ពី​សង្គ្រាម​នៅ​តែ​មាន​កប់​រាយ​ប៉ាយ​នៅ​ក្នុង និ​លើ​ដី​ក្នុង​តំបន់​ដែល​មិន​ទាន់​ធ្វើការ​បោសសំអាត​រួចរាល់ ដែល​ជា​បញ្ហា​ប្រឈម​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ។ ជុំវិញ​បញ្ហា​នេះ​កម្ពុជា​នៅ​មាន​ផ្ទៃដី​រង​នូវ​ការ​គម្រាម​ពី​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រមាណ​២​ពាន់​១៤៨​គីឡូម៉ែត្រ​ក្រឡា ។ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​ធ្វើ​អោយ​កម្ពុជា​អស់​ការ​គម្រាមកំហែង​ដោយសារ​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ