ក្រសួងសុខាភិបាល ៖ លុប​បំបាត់​ជម្រក​មូស​ជា​វិធានការ​សំខាន់​សម្រាប់​ប្រយុទ្ធ និង​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៩


រាជធានី​ភ្នំពេញ ៖ ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ និង​ការ​លុប​បំបាត់​ជម្រក​មូស គឺជា​វិធានការ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៩ ។ នេះ​បើ​លោកស្រី​បណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ស្តី​ពី​វិ ធាន​ការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៩ ។

លោកស្រី​បន្ត​ថា ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ និង​ការ​លុប​បំបាត់​ជម្រក​មូស គឺជា​វិធានការ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ក្នុង​ឆ្នាំ​២០១៩ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​សុខាភិបាល​ទាំងអស់​សហការ​រួម​គ្នា​ធ្វើ​សកម្មភាព​ចាំបាច់​នេះ ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ក៏​បាន​ជម្រុញ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​បន្ដ​យកចិត្ដ​ទុក្ខ​ដាក់​លើ​ការ​ធ្វើ​សកម្មភាព​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ និង​ចំ​គោលដៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៩ នេះ ព្រមទាំង​តាមដាន​ការងារ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ជា​ពិសេស​លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ចង្អុលបង្ហាញ​ដល់​គ្រប់​ខេត្ត​- រាជធានី អនុវត្ត​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ចាប់តាំងពី​ដើមខែ​ឧសភា​ហើយ​កំពុង​បន្ដការងារ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​យ៉ាង​ហ្មត់ចត់ ព្រមទាំង​យកចិត្ត ទុកដាក់​ពី​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម អនុ​គណៈកម្មការ​គ្លីនិក មន្ទីរ​សុខា​ភិ​បា ល​ខេត្ត​-​រាជធានី រួម​ទាំង​កិច្ច​គាំទ្រ​ពី​គណៈ​អភិបាលខេត្ត និង​ដៃគូរ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក និង​ថ្នាំ​ការពារ​កុំ​ឲ្យ​កើត​ដង្កូវទឹក​ក្នុង​អាង ឫ​ពាងទឹក នៅ​ក្នុង​តំបន់​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺគ្រុនឈាម ។

លោកស្រី​គូស​បាន​បញ្ជាក់​ថា «​ក្នុង​រយៈពេល​ពី​ខែមករា​ដល់​ខែកក្កដា (​គិត​ត្រឹម​២៤​ស​ប្តា​ហ៍​) ក្នុង​ឆ្នាំ​២០១៩ មាន​អ្នកជំងឺ​គ្រុនឈាម​សរុប​ចំនួន​២១.១៣០ ករណី និង​ស្លាប់​ចំនួន​២៥​នាក់ (​អត្រា​ស្លាប់ គឺ​០,១២%)​។ តួលេខ​នេះ មានការ​កើនឡើង​ប្រហែលជា​៥​ដង ច្រើន​ជាង​ឆ្នាំ​២០១៨ ដែល​មាន​អ្នកជំងឺ​គ្រុនឈាម​តែ​៣.៩២៦ ករណី និង​ស្លាប់​០៧​នាក់ ។

ស្ថានភាព​ជំងឺ នេះ បាន​កើនឡើង​ក្នុង​រាជធានី​-​ខេត្ត​នៅ​ឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា ជំងឺគ្រុនឈាម​មាននៅ​គ្រប់កន្លែង​ទូ​ទាំង​ប្រទេស​នោះ​ទេ គឺ​កើត​មាន រាយ​ប៉ាយ​ដុំ​ៗ​តាម​មួយ​ភូមិ ឬ​ពីរ​ភូមិ​នៃ​ភូមិសាស្ត្រ​ឃុំ​-​សង្កាត់​នីមួយ​ៗ ។ ជំងឺគ្រុនឈាម​កើត​លើ​គ្រប់​ភេទ ស្រី ប្រុស ទាំង​ក្មេង​ទាំង ចាស់ ហើយ​ក្នុង​ក្រុម​អាយុ​ពី​៥ -១៤​ឆ្នាំ ឈឺ​ច្រើន​ជាងគេ និង​អត្រា​ស្លាប់​ខ្ពស់​លើ​ក្រុម​អាយុ​ក្មេង​តិច​ជាង​៥​ឆ្នាំ (​មាន​៩​នាក់ ស្លាប់​) ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ឱ វណ្ណ​ឌី​ន បាន​ថ្លែង​បន្ដ​ថា ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ហានិភ័យ​បណ្តាល​មក​ពី​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ជា​បន្ត​ទៀត​ឲ្យ​បាន​ទាន់​ពេលវេលា ។

លោកស្រី បាន​សំណូមពរ​ដល់​លោក​-​លោកស្រី ដែល​បាន​អញ្ជើញ​មក​ពី​ក្រសួង​ស្ថាប័ន​ផ្សេង ៗ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បន្ត​ចូលរួម​សហការ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ជាមួយ​ក្រសួងសុខាភិបាល​តាម​រយៈ​មន្ទីរ​សុខាភិបាល​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត បង្កើន​សកម្មភាព​ផ្សព្វផ្សាយ អប់រំ​សុខភាព​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ (​ទូរទស្សន៍​-​វិទ្យុ​-​សារព័ត៌មាន​-​អប់រំ​តាម​សហគមន៍ សាលារៀន ទី​វត្ត​អា​រ៉ា​ម និង​អប់រំ​ចល័ត​) ស្តី​ពី​វិធានការ​បង្ការ​ជំងឺគ្រុនឈាម ពិសេស​អាជ្ញាធរ​ដែនដី និង​ក្រសួង​ពាក់ព័ន្ធ សូម​ជួយ​ចាត់វិធានការ​សំអាត​ការដ្ឋាន​សំណង់ និង​សំបក​កង់​ឡាន ឬ​ម៉ូតូ​ដែល​ទុក​ចោល​ពាស​វាល​ពាស​កាល ដើម្បី​កុំ​ឲ្យ​មាន​កន្លែង​ទឹក​ដក់​ដែល​ជា​ជម្រក​មូស​ខ្លា​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ