ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សងម្ល៉េះ…ស្ត្រីខ្មែរស៊ីឈ្នួលពរពោះជំនួស​ ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ប្រទេស​វៀតណា​ម​បាន​ចាប់​នារី​ខ្មែរ​៣​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន​កម្ពុជា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន ទៅ​ប្រកប​អាជីវកម្ម​ពរ​ពោះ​ជំនួស ដើម្បី​នាំ​កូន​ចេញ​ទៅ​ប្រទេស​ចិន ។ នា​ព្រឹក​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ប្រទេស​វៀតណា​ម​បាន​ចាប់​នារី​ខ្មែរ​៣​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន​កម្ពុជា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន ទៅ​ប្រកប​អាជីវកម្ម​ពរ​ពោះ​ជំនួស ដើម្បី​នាំ​កូន​ចេញ​ទៅ​ប្រទេស​ចិន ។

នា​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា កម្លាំង​សមត្ត​កិច្ច​បាន​នាំ​ខ្លួន​ស្ត្រី​ទាំង​៣​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។ ស្ត្រី​ទាំង​៣​អាយុ​៣២​ឆ្នាំ ២​នាក់ និង​ម្នាក់​អាយុ​៣១​ឆ្នាំ ។ ស្ត្រី​ទាំង​៣​នេះ​នៅ​ក្នុងភូមិ​តែ​មួយ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ។ សំណុំរឿង​នារី​ពរ​ពោះ​ជំនួស​ទាំង​៣​នាក់ កំពុង​ស្ថិត​នៅដំណាក់​ការ​អយ្យការ​អម​សាលាដំបូង​សាកសួរនៅឡើយ និង​មិន​ទាន់​ដឹង​ថា​មានការ​សម្រេច​បែបណា​នៅឡើយ​ទេ ។

ដើមចម​ជុំវិញ​ករណី​ពរ​ពោះ​ជំនួស​ខាងលើ​នេះ យោង​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ម្នាក់​នៅ​មុខ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៨ នាង​បាន​ទៅ​ផ្ទះ​ស្ត្រី​ម្នាក់​ទៀត ដែលស្ថិត​នៅ​ភូមិ​ជាមួយ​គ្នា ពេល​នោះ​គេ​បាន​និយាយបញ្ចុះ​ប​ញ្ជូ​ល​នាង​ឲ្យ​ទៅ​រកស៊ី​មុខរបរ​ប្រកប​ការងារ​ពរ​ពោះ​ជំនួស​ឲ្យ​ជនជាតិ​ចិន​នៅ​ភ្នំពេញ ដែល​នឹង​ទទួល​បាន​ប្រាក់​ចំនួន​៨០០០​ដុល្លារ​អា​មេ​រិ​ក ពេល​បង្កើត​បាន​ទារក​ម្នាក់ ។

លុះដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ គេ​ក៏​បាន​នាំ​នាង​មក​ភ្នំពេញ​ដើម្បី​ជួប​មេខ្យល់​ជា​ជនជាតិចិន ដែល​មាន​គ្នា​៧​នាក់​ធ្វើ​កិច្ចការ​នេះ ។ ដល់ថ្ងៃ​ទី​២៥ ខែតុលា ២០១៨ មេខ្យល់​បាន​យកក្រុម​គ្រូពេទ្យ​ចិន​មក​ពិនិត្យ​ប្រដាប់បន្តពូជ ហើយ​ក៏ដាក់​បញ្ចូល​មេជី​វិត​ទៅ​ក្នុង​ស្បូន រួច​បាន​ឲ្យ​លុយកាក់​មួយ​ចំនួន​សម្រាប់​ចាយវាយ​បណ្តោះអាសន្ន និង​ថែរក្សា​សុខភាព ។

បន្ទាប់​មក​នាង​ក៏​មាន​ផ្ទៃពោះ រហូត​ដល់​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៩ មេខ្យល់​បាន​នាំ​នាង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ឆ្លង​ដែន​ទៅ​ផ្តល់​កំណើត​ឱ្យ​កូន​នៅ​ប្រទេស​ចិន ដែល​មេខ្យល់​បាន​ឲ្យ​ប្រាក់​នាង​បន្ថែម​២ ០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ពេល​ទៅ​ដល់​ប្រទេស​វៀតណាម នាង​បាន​ជួប​ស្ត្រី​ចិន​២​នាក់ ទារក​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​ដែល​មេខ្យល់​បាន​បញ្ជូន​ឲ្យ​ទៅ​តាម​ជួយ​មើលថែ​ទាំ​ទារក និង​អ្នក​ពរ​ពោះ ។

ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ច្រក​ទ្វារ​បា​វិត​ក៏​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​អ្នក​រត់ការ និង​ចេញ​សោហ៊ុយ​គ្រប់​បែប​យ៉ាង​ទាំងអស់ ។ បន្ទាប់​មកពួក​គេ​បាន​បន្តដំណើរ​តាម​រថយន្ត​តាក់​សុ​ី រហូត​ដល់​ចំណត​រថភ្លើង​ទីក្រុង​ហូ​ជី​មិ​ញ និង​មាន​តម្រូវចំណាយពេល​២​ថ្ងៃ​២​យប់​ទៀត​ទើប​ទៅ​ដល់ទីក្រុង​ហាណូយ ដែល​នៅ​ទីនោះ មាន​ជនជាតិ​ចិនមួយ​ក្រុម​ទៀត​ចាំ​ទទួល និង​រៀបចំ​បែបបទ​ឆ្លងដែន​ទៅ​កាន់​ប្រទេស​ចិន ក៏​ត្រូវ​សមត្ថកិច្ច​វៀត​ណា​ម​​ចាប់ខ្លួន​ទាំងអស់ ក្នុង​នោះ​មាន​នារី​ខ្មែរ​៣នាក់ មាន​ចិន និង​វៀតណាម តែ​ពួក​គេ​ត្រូវ​បានអាជ្ញា​ធរ​​វៀតណាម​ចាប់​បញ្ជូន​ទៅ​តាម​ប្រទេសរៀង​ៗ​ខ្លួន ។

លុះ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ខណៈពេល​ដែល​សមត្ថកិច្ច​វៀតណាម កំពុង​ឃុំខ្លួនបណ្ដោះអាសន្ន​ស្រាប់តែ​នារី​ម្នាក់​ឈឺពោះសម្រាល​បានកូន​ស្រី​ម្នាក់ ។ លុះ​ថ្ងៃ​ទី​១៣ ខែកក្កដាឆ្នាំ​២០១៩ អាជ្ញាធរ​វៀតណាម​បាន​សម្រេច​បញ្ជូន​នាង​ទាំង​៣​នាក់ និង​ទារក​មក​ប្រទេស​កម្ពុជា​វិញ ។ មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា សំណុំរឿង​ពរ​ពោះ​ជំនួស ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​ប្រព្រឹត្ត​នេះ ពិតជា​មានគោលដៅ​ច្បាស់លាស់ ដើម្បី​នាំ​ម្តាយ​ទៅ​យកទារក​ចេញ​ទៅ​ក្រៅប្រទេស ដែល​ជា​បទល្មើសខុសច្បាប់​ប្រាកដ​មែន ។ លោក​ថា ដូច្នេះ​តំណាងអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និងធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​តាម​នីតិវិធី ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ