ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ជ្រូក​មានទឹក​មាន់​លេប​…​ធ្វើ​តេស្ត​២​ម៉ោង​ដឹង​លទ្ធផល អាច​លក់​បាន

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ខណៈ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោក វេ​ង សា​ខុន…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ខណៈ​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ។ ក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី បាន​ទទួលយក​សំណូមពរ​របស់​ពលរដ្ឋ ឲ្យ​ក្រុមបច្ចេកទេស​ចុះ​មក​បូម​ឈាម​ជ្រូក​យក​ទៅ​វិភាគ​ដល់​មូលដ្ឋាន​ក្នុង​រយៈពេល​២​ម៉ោង​នឹង​ដឹង​លទ្ធផល ប្រសិនបើ​មិនឃើញ​មាន​មេរោគ​ទេ អាច​ដឹក​យក​ទៅ​លក់ គ្រាន់​នឹង​បាន​ប្រាក់​ខ្លះ​យក​ទៅ​សង​សំ​ណុ​ល​ធនាគារ ។

អ្នកស្រី ជី​ន សុ​ខុន អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​សោយ និយាយ​ថា គាត់​បាន​ចាប់ផ្តើម​ប្រកប​របរចិញ្ចឹម​ជ្រូក​ដែល​រហូត​មក​ដល់​សព្វថ្ងៃ​បាន​៥​ឆ្នាំ​ហើយ និង​លើក​ចុង​ក្រោយ​បាន​ចិញ្ចឹម​ចំនួន​៣០​ក្បាល ដោយ​មាន​ទាំង​មេ​ផង​ដែល​មាន​ទម្ងន់​ក្នុង​ចន្លោះ​ពី​៥០​ទៅ​៦០​គីឡូក្រាម ។ ទោះជា​យ៉ាងណា ចាប់តាំងពី​ពេល​ដែល​នៅ​ភូមិ​របស់​គាត់​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ មិន​ទាន់​មាន​ជ្រូក​គាត់​១​ក្បាល​ណា​ឈឺ​ទេ ។

អ្នកស្រី ជី​ន សុ​ខុន បន្ត​ថា ក្រុម​មន្ត្រី​បសុព្យាបាល​ខេត្ត​បាន​មក​ដល់​ភូមិ​គាត់ បាញ់ថ្នាំ​តាម​ផ្លូវ​និង​តាម​ខ្នង​ផ្ទះ​ដែល​មាន​ជំងឺប៉េស្ត​ជ្រូក​នោះ ហើយ​ទ្រុង​ជ្រូក​គាត់​បាន​សុំ​ថ្នាំ​យក​មក​បាញ់​សម្លាប់​មេរោគ​និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​ពី​ខាងក្រៅ​ចូល​ទេ ។ សូ​ម្បី​តែ​គាត់​ពេល​ឲ្យ​ចំណី​ជ្រូក ត្រូវ​លាង​ជើង​នឹង​ទឹក​ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ដិត​ដល់ ហេតុ​ដូច្នេះ​ហើយ​បានជា​ជ្រូក​របស់​គាត់​មិន​ឈឺ ។

នា​រសៀល​ថ្ងៃ​ទី​១៤​ខែកក្កដា ក្រុម​មន្ត្រី​ពេទ្យសត្វ​បាន​មក​បូម​យក​ឈាម​ជ្រូក​របស់​គាត់​ទៅ​ពិនិត្យ ដោយ​មាន​ក្រុមបច្ចេកទេស នាំ​យក​ឧបករណ៍​មក​ពិនិត្យ​រក​មេរោគ​ដល់​ភូមិ តែ​ម្តង ។ ក្នុង​ករណី​មិនឃើញ​មាន​មេរោគ​ទេ គាត់​នឹង​លក់​ជ្រូក​ចេញ​ទៅ​ឲ្យ​ឈ្មួញ ដោយ​មាន​អម​លិខិត​ត្រួតពិនិត្យ​សុខភាព​ពេទ្យសត្វ​ខេត្ត ហើយ​សម្រាប់​ប្រាក់​ដែល​លក់​បាន គឺ​គាត់​បង្វិល​សង​ទៅ​ធនាគារឯកជន ។

លោក សួន សុ​ធឿ​ន អគ្គនាយករង​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​សូម​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ អនុញ្ញាតឲ្យ​ក្រុមការងា​របស់​លោក ដែល​សហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​បូម​ឈាម​ជ្រូក​យក​មកពិនិត្យ​រក​មេរោគ ។ ចំពោះ​ទ្រុង​ចិញ្ចឹម​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ហើយ​ក្នុង​រយៈពេល​១​ខែ​ទៅ​២​ខែ​ក្រោយ ម្ចាស់​ដាក់​ជ្រូក​ចិញ្ចឹម​ឡើងវិញ​ប្រសិនបើ​មិន​មាន​ឈឺ​នោះ​មាន​ន័យ​ថា មេរោគ​លែង​មាន​នឹង​ប្រកាស​ឲ្យ​ចិញ្ចឹម​ឡើង​វិញ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ដោយសារ​តែ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ​នោះ រូប​លោក​បាន​បញ្ជូន​ក្រុមបច្ចេកទេស​ឲ្យ​ចុះ​មក​ដល់​ភូមិ ដើម្បី​បូម​យកឈាម​ជ្រូក​ទៅ​ពិនិត្យ ប្រសិនបើ​រក​ឃើញ​មាន​មេរោគ​នោះ​នឹង​ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល ។ ប៉ុន្តែ​បើ​មិន​មាន​មេរោគ​នឹង​ត្រូវ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ចេញ​លិខិត​ត្រួតពិនិត្យ​សុខភាព​សត្វ​ដើម្បី​លក់​ឲ្យ​ឈ្មួញ​ឲ្យ​បាន​ឆាប់ ចៀស​សវាង​កុំ​ឲ្យ​មានការ​ខាតបង់​ប្រាក់​កាស​ច្រើន ។

លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន មាន​ប្រសាសន៍ទៀត​ថា កន្លង​មក​នៅ​ខេត្តរតនគិរី​បាន​ផ្ទុះ​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក ហើយ​មន្ត្រី​ជំនាញ​បាន​ប្រមូល​ជ្រូក​កម្ទេច​ចោល​ជាង​១.០០០​ក្បាល តែ​មក​ដល់​សព្វថ្ងៃ​ជំងឺ​នេះ​ បាន​ស្ងប់​ហើយ ។ នៅ​ប្រទេស​វៀតណាម​វិញ ជ្រូក​ងាប់​ប្រមាណ​៣​លាន​ក្បាល​ដោយសារ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ត្រូវ​ខាតបង់​ប្រមាណ​ជិត​២០០​លាន​ដុល្លារ ។

ដោយឡែក នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែមិថុនា​ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ជ្រូក​ងាប់​សរុប​ចំនួន​៩៣​ក្បាល ក្នុង​ចំណោម​កសិករ​ចិញ្ចឹម​ចំនួន​៦៨២​ក្បាល ស្មើនឹង​៥៨​គ្រួសារ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ