រាជធានីភ្នំពេញ ៖ ម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងត្រូវរថភ្លើងបុកជាប់អូសជាច្រើនម៉ែត្រ ខណៈពេលដែល
បើកឆ្លងផ្លូវដែកមិនបានប្រុងប្រយ័ត្នមើលមុខក្រោយ ។ ទោះបីជាយ៉ាងណា ពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ ដោយសារអ្នកបើកបរបានលោតចេញគេចផុតពីគ្រោះថ្នាក់ ខណៈម៉ូតូកង់៣ជាប់កល់ផ្លូវដែកទៅមុខមិនរួច ហើយរថភ្លើងមកដល់ល្មមក៏ហក់ទៅត្របាក់គ្មានត្រាប្រណី ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ កក្កដា ស្ថិតនៅចំណុចផ្លូវដែក ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ម៉ូតូកង់បីឥណ្ឌា ដែលត្រូវរថភ្លើងបុកនោះពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GS-3933 បើកបរដោយបុរសម្នាក់ ដែលពេលនេះបានគេចខ្លួនបាត់ព្រោះភ័យនូវកំហុសរបស់ខ្លួន ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់៣ បានធ្វើដំណើរ តាមផ្លូវលំនិងបើកឆ្លងផ្លូវរថយន្តភ្លើង ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលដែលធ្វើដំណើរមកដល់លើផ្លូវដែក ស្រាប់តែរថភ្លើងដឹកអ្នកដំណើរមកពីទិសខាងកើតទៅលិច មកដល់ល្មមក៏បុកពេញទំហឹងតែម្តង ហើយរុញអាកង់បីទៅមុខទៀតជាច្រើនម៉ែត្រទើបឈប់ ។
តាមព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ រថភ្លើងបុកចំកណ្តាលម៉ូតូកង់៣កៀបជាប់ហើយអូសជាច្រើនម៉ែត្រ ។ មុនពេលបុក អ្នកបើកបរដឹងខ្លួនក៏បានស្ទុះលោតចេញផុត ហើយគេចបាត់យកតែរួចខ្លួន ។ ចំណែករថភ្លើងពុំបានរងការខូចខាតធំដុំឡើយ ។ម៉ូតូកង់៣ត្រូវបាននគរបាលខណ្ឌសែនសុខ នាំយកទៅទុកអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ចូលខ្លួន ដោះស្រាយ ៕ (សម្រួលដោយ៖ ស្រីណា)