ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កូរ៉េ​ចាប់ផ្តើម​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​ក្នុងស្រុក​មានដំណើរ​ការ​ទៅ​មុខ​ប្រកបដោយ​ភាព​រលូន​និង​កាន់តែ​មាន​ប្រសិទ្ធភាព​ពី​មួយ​ពេល​ទៅ​មួយ​ពេល ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់ NBC និង​ធនាគារកណ្តាល​កូរ៉េ​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​ទៅ​លើ​ប្រធានបទ «​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​»​។ ​ លោកស្រី…

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​ក្នុងស្រុក​មានដំណើរ​ការ​ទៅ​មុខ​ប្រកបដោយ​ភាព​រលូន​និង​កាន់តែ​មាន​ប្រសិទ្ធភាព​ពី​មួយ​ពេល​ទៅ​មួយ​ពេល ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់ NBC និង​ធនាគារកណ្តាល​កូរ៉េ​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​ទៅ​លើ​ប្រធានបទ «​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​»​។

លោកស្រី ជា​សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ប្រាប់​ក្រុម​អ្នក​សារព័ត៌​ក្នុង​សិក្ខាសាលា​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​កម្មវិធី «​ភាព​ជា​ដៃគូ​ផ្តល់​ចំណេះដឹង​២០១៩​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​កូរ៉េ សម្រាប់​ការ​ស្រាវជ្រាវ​រួម​គ្នា​លើ​ប្រធានបទ​ស្តី​ពី​«​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​» កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា​ថា «​ការ​ចុះហត្ថលេខា​រួម​គ្នា​នៅ​ថ្ងៃនេះ ជា​ការ​ចែករំលែក​បទ​ពិសោធន៍ ចំណេះដឹង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារកណ្តាល​កូរ៉េ និង​សាកលវិទ្យាល័យ​ធំ​ៗ​ចំនួន​៣​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ។

តាម​លោកស្រី នាយក​បច្ចេកទេស កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​រួម​គ្នា​រវាង ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​កូរ៉េ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ប្រធានបទ​ខុស​ៗ​គ្នា ។ ជាក់ស្តែង​នៅ​ឆ្នាំ​ទី​៤​ស្រាវជ្រាវ​ទាក់ទង​និង​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​។​លោកស្រី​បាន​បញ្ជាក់​ថា «​ការ​ស្រាវជ្រាវ​រួម​គ្នា​យើង​ត្រូវធ្វើ​ម៉េច​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​ស្រុក​យើង​មាន​ប្រសិទ្ធភាព​ជាង​មុន​មានដំណើរ​រលូន​ជាង​មុន​។ ព្រោះ​កន្លង​មក​ធនាគារ​ជាតិ​នៃ​កម្ពុជា​យើង​ព្យាយាម​អភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ ប៉ុន្តែ​វា​មាន​ភាព​រអាក់រអួល​នូវ​មិន​ទាន់ ហេតុ​ដូចនេះ​យើង​ចង់​ស្រាវជ្រាវ​បន្ថែម​ទៀត​ថា​នៅ​មាន​អ្វីខ្លះ​ទៀត​ដែល​យើង​អាច​បន្ត​ធ្វើ​បាន ដើម្បី​ឱ្យ​ការងារ​នេះ​ដើរទៅ​មុខ​ប្រកបដោយ​ប្រសិទ្ធភាព​ហើយ​ធ្វើ​យ៉ាង​ជួយ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។

ការ​សិក្សា​ស្រាវ​បន្ថែម​ធ្វើ​ឡើង​ប្រចាំឆ្នាំ​នេះ​តាម​នាយក​បច្ចេកទេស «​ជា​ធម្មតា​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​លើ​ភព​លោក​មានការ​ប្រែប្រួល​ជា​លំដាប់​។​ដូចនេះ​អ្វី​ដែល​យើង​ធ្លាប់​បាន​ល្អ​នៅ​ឆ្នាំ​មុន​ដើរទៅ​រលូន​វា​ប្រាកដ​នៅ​ឆ្នាំ​នេះ​វា​នៅ​តែ​ដើរ​រលូន​នោះ​ទេ ព្រោះ​បរិស្ថាន​នៅ​ជុំវិញ​យើង​វា​ប្រែប្រួល អីចឹង​ហើយ​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ជា​លំដាប់​នេះ ជា​ការងារ​ដែល​ធនាគារជាតិ​ត្រូវធ្វើ​បន្ត​ជាប់​ជា​និច្ច​។​យើង​ចង់​ស្វែង​យល់​អំពី​ឧបករណ៍​ថ្មី​ៗ​ដែល​យើង​គួរតែ​មាន​, យើង​អាច​ស្វែង​យល់​ឱ្យ​គ្រឹះស្ថាន​ធនាគារ​អាច​ចូលរួម​នៅ​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​បាន​ច្រើន​ជាង​មុន​។​យើង​ពិនិត្យ​មើលទៅ​លើ​ឧបករណ៍​ដែល​យើង​បាន​ដាក់​បញ្ចូល​ត្រូវ​រៀបចំ​បែប​ណា ដូច​ជា​អត្រា​ការ​ប្រាក់ និង​ពេលវេលា​កំណត់​ជាដើម​នេះ​ឱ្យ​វា​មាន​ភាព​ទាក់ទាញ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​»​។

លោកស្រី នាវ ច​ន្ទ័​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ពេល​បើក​កម្មវិធី​ថា​ប្រធានបទ​ស្រាវជ្រាវ​រួម​គ្នា​នៅ​ឆ្នាំ​នេះ​លើ​ការ​អភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​គឺ​ទាន់​ពេលវេលា​ព្រោះ​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​លើកទឹកចិត្ត​ដល់​ចលនា​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ជា​អន្តរ​ធនាគារ​។ ការ​ស្រាវជ្រាវ​នេះ​មាន​គោលដៅ​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​អន្តរប្រទេស​របស់​កម្ពុជា​និង​ព្យាយាម​រក​វិធី​ដើម្បី​អភិវឌ្ឍ​វា​ហើយ​ប្រើប្រាស់​សាច់ប្រាក់​បន្ថែម​ក្នុង​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​។
លោកស្រី​បាន​បន្ត​ថា «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នឹង​ជួយ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​រីក​ចម្រើន​ឆ្ពោះទៅ​រក​គោលនយោបាយ​រូបិយ​វត្ថុ​ផ្អែក​លើ​ទីផ្សារ​»​។

​លោក Kee-Sun Jang តំណាង​ធនាគារកណ្តាល​កូរ៉េ​បាន​និយាយ​ថា​នេះ​គឺជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​រវាង​ធនាគារ​កូរ៉េ​និង​ធនាគារជាតិ​នៃ​កម្ពុជា​។ តាម​តំណាង​ធនាគារកណ្តាល​កូរ៉េ «​ប្រធានបទ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​គឺ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​សំរេច​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង BOK និង NBC ហើយ​យើង​បាន​សម្រេចចិត្ត​ផ្តោត​លើ​ការ​ដាក់​បញ្ចូល​ឧបករណ៍​ហិរញ្ញវត្ថុ​និង​បញ្ហា​ច្បាប់​ទាក់ទង​នឹង​ទីផ្សារ​អន្តរ​ធនាគារ​»​។

គួរ​រម្លឹក​ថា​ការ​សិក្សា​ស្រាវជ្រាវ​លើ «​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​» ដែល​មាន​គោលបំណង​បង្កា​ឬ​បញ្ចៀស​ហានិភ័យ​កុំឱ្យ​កើត​មាន​ឡើង​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ប្រែប្រួល​និន្នាការ​នៅ​លើ​ពិភពលោក​នេះ​ប្រើ​ពេល​ស្រាវជ្រាវ​រយៈពេល​៤​ខែ​បន្ទាប់​ពី​កិច្ច​ចុះហត្ថលេខា​រួម​គ្នា​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ