ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​២​នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ផ្ដល់​ថាមពល​៦០​មេ​ហ្កា​វ៉ា​ត់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដើម្បី​បំពេញបន្ថែម​នូវ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​សង្វា​ក់​ផលិតកម្ម​ច្រើន​នោះ ព្រឹទ្ធសភា​កម្ពុជា នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​អោយ​ក្រុមហ៊ុន​ចំនួន​បី ដំណើរការ​រោងចក្រ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​១…

​រាជធានី​ភ្នំពេញ ៖ ដើម្បី​បំពេញបន្ថែម​នូវ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​សង្វា​ក់​ផលិតកម្ម​ច្រើន​នោះ ព្រឹទ្ធសភា​កម្ពុជា នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​អោយ​ក្រុមហ៊ុន​ចំនួន​បី ដំណើរការ​រោងចក្រ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​១ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​២ ។ សម្រាប់​រោងចក្រ​អគ្គិសនី​ចំនួន​២ ដែល​ព្រឹទ្ធសភា​គ្រោង​នឹង​អនុម័ត​នៅ​ថ្ងៃ​ទី​១១ កក្កដា ២០១៩​នេះ​នឹង​ផ្ដល់​ថាមពល​បាន​ប្រមាណ​៦០​មេ​ហ្កា​វ៉ា​ត់ ដើម្បី​បំពេញបន្ថែម​នូវ​ការ​ខ្វះខាត​ថាមពល​អគ្គិសនី ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ។

​បើ​តាម​លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ២០១៩​នេះ​ថា នៅ​ចុងឆ្នាំ ២០១៩​នេះ រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​២ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ដំណើរការ ដើម្បី​ជួយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី នៅ​កម្ពុជា ជា​ពិសេស​នៅ​ពេល​ថ្ងៃ ព្រោះ​ជា​ពេលវេលា​ដែល​ត្រូវការ​ថាមពល​ច្រើន​សម្រាប់​ផ្គត់ផ្គង់​នៅ​តាម​រោងចក្រ​សហគ្រាស​និង​កន្លែង​ផលិត​នានា​ក្នុង​រាជធានី​ភ្នំពេញ ។ លោក​ថា​៖« រោងចក្រ​ថាមពល​អគ្គិសនី ដែល​នឹង​ដំនើរ​នៅ​ចុងឆ្នាំ​នេះ​ជា​រោងចក្រ​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​រោងចក្រ​នេះ នឹង​ផលិត​ថាមពល​បាន​តែ​ក្នុង​ពេល​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​អាច​ផ្ដល់​ថាមពល​មួយ​ចំនួន​ដល់​អគ្គិសនី​កម្ពុជា យក​ទៅ​ចែកចាយ​នៅ​តាម​សហគ្រាស​ដែល​ត្រូវការ​បន្ថែម » ។

​លោក​បន្ត​ថា កំលាំង​ថាមពល​៦០​មេ​ហ្កា​វ៉ា​ត់​នេះ​ដែរ នឹង​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ថ្ងៃ​បាន​មួយ​ចំណែក ព្រោះ​ការងារ​សង្វា​ក់​ផលិតកម្ម​មួយ​ចំនួន​ធ្វើ​នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់​វិញ​មានការ​ថយ​ចុះ​នូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​រហូត​ដល់ ២០០​មេ​ហ្កា​វ៉ា​ត់​ឯណោះ ។ នេះ​គឺជា​ការ​ខិតខំ​មួយ​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្ដែង​កម្ពុជា បាន​ជួប​ប្រទះ​ម្ដង​ហើយ នៅ​ពេល​ថ្ងៃ​គឺ​ខ្វះ​ថាមពល​ច្រើន​រហូត​ដល់​ផ្ដាច់​ពី​តំបន់​មួយ​ទៅ​ផ្គត់ផ្គង់​តំបន់​មួយ ហើយ​ការ​ខ្វះខាត​នេះ​ទៀត​សោត គឺ​មាន​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ ។

លោក​បន្ថែម​ថា កម្ពុជា​នឹង​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​កាន់តែ​ច្រើន នៅ​ចុងឆ្នាំ ២០២០ រឺ ដើមឆ្នាំ​២០២១ ព្រោះ​ក្រៅពី​រោងចក្រ​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ កម្ពុជា​ក៏​គ្រោង​នឹង​ដំណើរការ​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម នៅ​ខេត្តពោធិ៍សាត់​ដែល​ផ្ដល់​ថាមពល​ដល់​ទៅ​៨០​មេ​ហ្កា​វ៉ា​ត់​ទៀត ។​លោក​ថា​៖« ក្រៅពី​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​រៀបចំ​អោយ​ចរចា​រទិញ​ម៉ាស៊ីនភ្លើង​ដើរ​ដោយ​ប្រេង​ខ្មៅ ពី​ប្រទេស​ហ្វាំ​ង​ឡង់​ចំនួន​ពីរ​ទៀត ដែល​អាច​ផ្ដល់​ថាមពល​ដល់​ទៅ ៦០០​មេ​ហ្កា​វ៉ា​ត់ » ។

សម្ដេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការ​ទប់ទល់​នឹង​ការ​ខ្វះខាត​ថាមពល​អគ្គិសនី ជា​ពិសេស​នៅ​រដូវប្រាំង ដោយ​កម្ពុជា​បាន​ទិញ​ម៉ាស៊ីន​ផលិត​អគ្គិសនី​រួច​ស្រេច និង​បន្ត​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ផ្សេង​ៗ​ទៀត​តាមតែ​អាច​ធ្វើ​បាន ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​ចុងឆ្នាំ​២០១៨​ប្រភព​ផលិត​អគ្គិសនី​ក្នុងស្រុក​មាន​អានុភាព ២.២០៧,៧៦ មេ​ហ្គា​វ៉ា​ត់ ។ ទន្ទឹម​នឹង​នេះ​កម្ពុជា​បាន​បញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ​ប្រេង​ខ្មៅ ៥២.៧​មេ​ហ្គា​វ៉ា​ត់ និង​លុប​បំបាត់​ការ​ផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​តរបស់​អ្នក​កាន់​អាជ្ញា​បណ្ណ​អស់ ៣៦.២៣​មេ​ហ្គា​វ៉ា​ត់ ។ ចំណែក​ប្រភព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម ១៤.៥៥% នៅ​ឆ្នាំ​២០១៨ ដែល​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ពី ៤០.០៦% នៅ​ឆ្នាំ​២០១៤ ។

នៅ​ចុងឆ្នាំ​២០១៨ បរិមាណ​ថាមពល​អគ្គិសនី​ដែល​បាន​ផ្តល់​សរុប​មាន ៩,៣០៧.៤៤​លាន​គីឡូវ៉ាត់ម៉ោង គឺ​កើនឡើង ១.៩១​ដង​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ថាមពល​អគ្គិសនី​ដែល​កម្ពុជា​ប្រើប្រាស់​បច្ចុប្បន្ន​នេះ មាន​ប្រភព​សំខាន់​ៗ​រួម​មាន​វា​រី​អគ្គិសនី រោងចក្រ​ធ្យូងថ្ម រោងចក្រ​ដើរ​ដោយ​ប្រេង​ខ្មៅ ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ (​សូ​ឡា​) និង​ប្រភព​នាំ​ចូល​ពី​ប្រទេស​ជិតខាង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ