រាជធានីភ្នំពេញ ៖ សម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូម ឬបាក់ឌុប មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៩ -២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានចំនួនបេក្ខជនកើន ឡើងជិត៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៨ ។
លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងតាមប្រព័ន្ធសារអេឡិចត្រូនិចថា បើតាមរបាយការណ៍វឌ្ឍនភាពគិតត្រឹមសប្តាហ៍ខែកក្កដា ឆ្នាំ២០១៩បេក្ខជនដែលមានចូលរួមប្រឡងមានចំនួនសរុប១១៩២១៧នាក់ (កើន៥.៨៥២នាក់ បើធៀបនឹងវត្តមានឆ្នាំ២០១៨ ) បេក្ខជនស្រី៦១០៣១នាក់ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៥៤១៤ (៣៨%) ស្រី២៥៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧៣៨០៣នាក់(៦២%) ស្រី៣៥៥៣៨នាក់ ។
អ្នកនាំពាក្យក៏បានឲ្យដឹងថា ចំពោះមណ្ឌលប្រឡងមានចំនួន២០២ (កើន៦មណ្ឌល ធៀបនឹងឆ្នាំ២០១៨) ក្នុងនោះនៅថ្នាក់វិទ្យាសាស្ត្រ៧៥ (ថយ២៤មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៨) និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ (កើន៣០ មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៩) ។ លោក រស់ សុវាចា ក៏បានឲ្យដឹងថា បន្ទប់ប្រឡងមានចំនួន៤៨០៩ (កើន១៥៤ បន្ទប់ធៀបនឹងឆ្នាំ២០១៨) ។
យ៉ាងណាក្តីបើតាមអ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងថា ចំនួនតួលេខខាងលើនេះមិនទាន់ជាតួលេខចុងក្រោនោះទេ ដោយសារក្រសួងអប់រំយុវជន និងកីឡាបានកំពុងចុះពិនិត្យនៅតាម មណ្ឌលប្រឡង ។ សូមជម្រាបថា សម័យប្រជុំបាក់ឌុបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩- ២០ សីហាខាងមុខនេះ ។ ហើយសម័យប្រជុំឡងនេះត្រូវបានក្រសួងបែងចែកជាមុខវិជ្ជាប្រឡងជាពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ។
សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះក្រសួងអប់រំក៏នៅតែកាត់បន្ថយចំនួនមុខវិជ្ជាពី១០មុខវិជ្ជាមកត្រឹម៧មុខវិជ្ជា ។ ការបន្ថយមុខវិជ្ជានេះត្រូវបានអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ការកាត់បន្ថយមុខវិជ្ជា ប្រឡងសញ្ញាបាត់បាក់ឌុប គឺដើម្បីកាត់បន្ថយបន្ទុក និងការខ្វល់ខ្វាយរបស់បេក្ខជនក្នុងការប្រឡងម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ