រាជធានីភ្នំពេញ ៖ នារីម្នាក់បានបែកក្បាលហូរឈាមសន្លប់ ដោយសារយុវជនជាសង្សារវាយតប់ បន្ទាប់ពីជិះម៉ូតូបណ្តើរគ្នាចេញពីកោះពេជ្រ កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៤ តាមវិថីសុធារស មុខខារ៉ាអូខេសូល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមិត្តភក្តិបានឱ្យដឹងថា នារីដែលរងរបួសត្រូវបានគេស្គាល់ឈ្មោះជា ពេជ្រ អាយុប្រមាណ២០ឆ្នាំ ជាអ្នកលក់បន្លែនៅផ្សារដើមគ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំណែកយុវជនជាសង្សារឈ្មោះក្តី អាយុជាង២០ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក ជិះម៉ូតូFZ មួយគ្រឿងឌុបគ្នាទៅដើរលេងនៅកោះពេជ្រ លុះពេលត្រឡប់មកវិញមិនដឹងថា សង្សារមួយគូនេះមានទំនាស់គ្នាពីរឿងអ្វីទេបានឈ្លោះប្រកែកគ្នានៅលើម៉ូតូ ខណៈមកដល់ចំណុចខាងលើស្រាប់តែយុវជនជាសង្សារបានឈប់ម៉ូតូ ហើយវាយតប់នារីជាសង្សាររហូតបែកក្បាលហូរឈាមសន្លប់នៅនឹងកន្លែង រួចជិះម៉ូតូគេចខ្លួនបាត់។
ប្រភពដដែលបន្តទៀតថា កន្លងមកគូសង្សារនេះជាញឹកញាប់តែងតែឈ្លោះប្រកែកគ្នា និងប្រើអំពើហិង្សាវាយដំទៅលើនារីរងគ្រោះដោយមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីទេ។ ក្រោយកើតហេតុអ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕



ចែករំលែកព័តមាននេះ