ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសំណង់​ទាំងខ្មែរ​ទាំងចិនបាន​រីកដុះ​ដូច​ផ្សិត​…តែអត់​ដឹង​ពី​គុណ​ភាព​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងខេត្ត​ព្រះ​សីហ​នុ កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​សំណង់​ដែល​រីក​ដុះដាល​ដូច​ផ្សិត ទាំង​សំណង់របស់​ខ្មែរ​និង​សំណង់​របស់​ជនជាតិ​ចិន ពិសេស​សំណង់​ចិន​នៅ​ក្នុង​ក្រុង ព្រះ សីហនុ ដោយសារ​តែ​មន្ត្រី​ជំនាញ​មិន​បាន​គិតគូរ​ពី​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ដិត​ដល់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងខេត្ត​ព្រះ​សីហ​នុ កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​សំណង់​ដែល​រីក​ដុះដាល​ដូច​ផ្សិត ទាំង​សំណង់របស់​ខ្មែរ​និង​សំណង់​របស់​ជនជាតិ​ចិន ពិសេស​សំណង់​ចិន​នៅ​ក្នុង​ក្រុង ព្រះ សីហនុ ដោយសារ​តែ​មន្ត្រី​ជំនាញ​មិន​បាន​គិតគូរ​ពី​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ដិត​ដល់ ។

បច្ចុប្បន្ន នៅ​ក្រុងព្រះសីហនុ​មាន​ក្រុមហ៊ុន​ខ្សាច់​ជា​ច្រើន​កំពុង​កាក់កប​លើ​មុខរបរ​លក់​ខ្សាច់ ដោយសារ​វិស័យ​សំណង់​ហក់​ឡើង​យ៉ាង​គំហុក​ធ្វើ​ឲ្យ​ពួក​គេ​ជា​ម្ចាស់​អាជីវកម្ម​ទាំងនោះ​នាំ​គ្នា​លេង ល្បែង​ថ្ពឹនភ្នែក យក​ខ្សាច់​សមុទ្រ​ឬ​ខ្សាច់​បូម​ពីព្រែក​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ ឬ​ខ្សាច់​ក្នុង​ស្ទឹង​លាយ​ដី យក​មក​លាយ​គ្នា​ជាមួយ​ខ្សាច់​ក្នុងស្រុក​(​ខ្សាច់​មក​ពី​ខេត្តកំពង់ស្ពឺ​)​តិចតួច បណ្តាល​ឱ្យ​គុណភាព​បេតុង​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​នៅ​តាម​ការដ្ឋាន​នានា​។ បញ្ហា​ខ្សាច់​លាយ​នេះ មិនមែន​ទើបតែ​កើត​មានការ​ព្រួយបារម្ភ​នា​ពេល​នេះ​ទេ គឺ​បញ្ហា​នេះ​បាន​កើត​មាន​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​តីរវិថី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កេត​ឃើញ​ក្រុមហ៊ុន​មួយ ដែល​មា​នទី​តាំងនៅ​ជិត​មណ្ឌល​៣ (​ទំនប់រលក​ចាស់​) សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង​ខ្សាច់​ដ៏​ធំ​មួយ បាន​នាំ​ខ្សាច់​តាម​សា​ឡង់​មក​ពី​ស្រែអំបិល​-​កោះកុង និង​ខ្សាច់​មក​ពី​ខេត្តកំពង់ស្ពឺ​តិចតួច យក​មក​លាយ​ចូល​គ្នា ធ្វើ​ឱ្យ​បាត់បង់​គុណភាព​សំណង់ ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​ម្ចាស់​សំណង់​ដូច​ជា​ការ​ដួល​រលំ
បាក់​រង​គ្រោះ​ដល់​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​សង្កាត់​លេខ​៣ មាន​ទីតាំង​ក្រុមហ៊ុន​ខ្សាច់ ចំនួន​៣​កន្លែង​កំពុង​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​សមុទ្រ​តាម​សា​ឡង់ យក​មក​លាយ​នឹង​ខ្សាច់​មក​ពី​ខេត្តកំពង់ស្ពឺ​គឺ ១-​ក្នុង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ២-​ខាង​មុខ​ផ្លូវ​ចូល​ផែ​ច្រក​ទី​១ និង​៣-​ជិត​ស្នាក់​ការ​មណ្ឌល​៣ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ។ ក្រុមហ៊ុន​ខ្សាច់​ទាំង​៣​ខាងលើ​នេះ មិន​មាន​មន្ត្រី​ជំនាញ ចុះ​មក​ពិនិត្យ​អំពី​គុណភាព​ខ្សាច់
ម្តងណា​ឡើយ គឺ​ធ្វើ​តាម​តម្រូវការ​ទីផ្សារ​តែប៉ុណ្ណោះ ។ មិន​បាន​គិតគូរ​ពី​គុណភាព​បេតុងសំណង់​ទេ ព្រោះ​តម្រូវការ​បេតុង​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

អ្នកបច្ចេកទេស​សំណង់​ម្នាក់​និយាយ​ថា ប្រសិន​បើ​ដឹក​ខ្សាច់​មានគុណ​ភាពយ​កមក​ផ្គត់ផ្គង់​តាម​តម្រូវការ​ឲ្យ​រោងចក្រ​ក្រឡុក​សុ​ី​ម៉​ង់​ត៍​មិន​ទាន់​ទេ ដូច្នេះ​ត្រូវ​បូម​យក​ខ្សាច់​សមុទ្រ​ឬ​ព្រែក​ជាប់ដៃ​សមុទ្រ​មក​លាយ ទើប​អាចយ​កមក​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​និង​អតិថិជន​បាន​ទាន់​ពេលវេលា ដោយ​មិន​ខ្វល់ពី​គុណភាព ដែល​ជា​ការ​ប្រឈម​ទៅ​នឹង​ការ​រលំបាក់​អគារ​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទៅ​ថ្ងៃក្រោយ​មិន​ខាន បើ​ប្រើ​ខ្សាច់​ដូច​សព្វថ្ងៃ​តើ​អនាគត​សំណង់​រឹង​មាំ​ដែរ​អត់ ?

ដោយឡែក សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មក ក្នុង​ឱកាស​តែងតាំង​ផ្លាស់​ប្តូរ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ថា សំណង់​មានគុណ​ភាព​បាន ខ្សាច់​ក៏​ត្រូវ​មានគុណ​ភាព គឺ​ខ្សាច់​មក​ពី​ខេត្ត​កំពង់ស្ពឺ ។ ប៉ុន្តែ​បើ​យក​ខ្សាច់​សមុទ្រ ខ្សាច់​ពី​ព្រែក​ត​ភ្ជាប់​សមុទ្រ​ទឹកសាប និង​ទឹកប្រៃ និង​ខ្សាច់​លាយ​ដី​យក​មក​ធ្វើ​សំណង់ មិន​អាច​ធានា​គុណ​ភាព​សំណង់​បាន​ទេ ។ ដូច្នេះ រាល់​ការដ្ឋាន​សំណង់​ត្រូវ​ធានា​ខ្សាច់​មានគុណ​ភាព​ក្នុង​ការ​ប្រើប្រាស់​បាន​យូរ ។

គួរ​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ លោក គួ​ច ចំរើន អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ការដ្ឋា​ន​សំណង់​ធ្វើ​ពី​គ្រោងឆ្អឹង​ដែក​ចំនួន​៣​កន្លែង​នៅភូមិ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។ ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​ឲ្យ​ម្ចាស់​ការ ដ្ឋា​ន​សំណង់​ទាំង​៣​ទីតាំង​ផ្អាក​សកម្ម​ភាព​សាងសង់ ដោយ​រង់ចាំ​ក្រុមបច្ចេកទេស​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស​សំណង់ ទើប​អាច​បន្ត​ការ​សាងសង់​បាន ។

ជុំវិញ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការ​ពន្យល់​ពី​មន្ត្រី​ជំនាញ​បាន​ទេ ​ជុំវិញ​បញ្ហា​គុណភាព​ខ្សាច់​នេះ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ