រាជធានីភ្នំពេញ ៖ មជ្ឈដ្ឋាននានាចង់ដឹងថា តើព្រហ្មចារីមួយៗលក់បានថ្លៃប៉ុន្មានទៅហ្ន៎ ? មានតែម៉ែយ៉ែមក្មេងខ្ចីនេះទេ ដែលអាចបំភ្លឺបាន ហើយដែលមានតែប៉ូលិសសួរចម្លើយទេ ដែលអាចដឹងពីតម្លៃ ។ រីឯក្មេងស្រីរងគ្រោះ សង្ស័យត្រូវម៉ែយ៉ែមកេងចំណេញយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា ស្ត្រីជាម៉ែយ៉ែមវ័យក្មេងម្នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ ដែលគាត់នាំទៅលក់ព្រហ្មចារីឱ្យប្រុសព្រាននៅផ្ទះសំណាក់ស្រែផល ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោចាន់ កិត្តិខុម ស្នងការរងទទួលការងារការិយា
ល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានី ។
ស្ត្រីជាម៉ែយ៉ែមដែលនាំក្មេងស្រីៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ត្រួវបានចាប់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៥ កក្កដា គឺឈ្មោះ ខន ចាន់ណារី អាយុ២២ឆ្នាំ គឺជាស្ត្រីវ័យក្មេងម្នាក់ខ្ចីល្វក់នៅឡើយ ។

ចំណែកក្មេងស្រីលក់ព្រហ្មចារីមានគ្នា៥នាក់ ក្នុងនោះជាអនីតិជន៣នាក់ ។ ពួកគេត្រូវបានឃាត់ខ្លួននៅចំណុចភោជនីយដ្ឋាន ឈូករ័ត្នម្ហូបខ្មែរ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងនៅក្នុងផ្ទះសំណាក់ស្រែផល ផ្លូវបេតុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
មិនទាន់មានព័ត៌មានលម្អិតជុំវិញការជួញដូរព្រហ្មចារីរបស់ម៉ែយ៉ែមរូបនេះទេ ឯមន្ត្រីមូលដ្ឋានថា ខាងកម្លាំងស្នងការមកធ្វើរឿងនេះ ហួសពីដៃសមត្ថកិច្ចរបស់ខ្លួនទៅហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ