ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ញញឹម​បិទ​មាត់​មិន​ជិត​ដោយសារ​តែ​មាន​ទីផ្សារ និង​ការ​ជួយ​ជ្រោមជ្រែង

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ចំនួន​ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​បន្លែ​សុវត្ថិភាព…

ព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ចំនួន​ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​បន្លែ​សុវត្ថិភាព នៅ ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង បាន​កើនឡើង​ច្រើន​ហើយ​ផ្ទៃដី​ដាំ​ដុះ​ក៏​បាន​កើនឡើង រហូត​ដល់​ទៅ​៥០%​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដោយសារ​តែ​បន្លែ​ដែល​ពួក​គាត់​ដាំ​បាន មាន​ទីផ្សារ​ល្អ ព្រមទាំង​មានការ​ជួយ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្ត ទាំង​បច្ចេកទេស​ដាំ​ដុះ និង​ទីផ្សារ​បន្លែ​ផង​ដែរ ។

លោក អ៊ុ​ក សំណាង បាន​បន្ត​ទៀត​ថា ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​បន្លែ​សុវត្ថិភាព​នេះ​មាន​ចំនួន​៣​ភូមិ គឺ​ភូមិ​អ្នកតា​ជ័យ ភូមិ​ត្រពាំង​ប្រ​ស្រែ​លិច និង​ភូមិ​ត្រពាំង​ប្រ​ស្រែ​កើត ក្នុង​ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង នៅ​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជា​៣០​ហិ​កតា ខណៈ​ឆ្នាំ​មុន​មាន​ត្រឹមតែ​១៥​ហិ​កតា​ប៉ុណ្ណោះ​។

បន្លែ​សុវត្ថិភាព ដែល​ពួក​គាត់​ដាំ​មាន​ដូច​ជា ស្ពៃចង្កឹះ ស្ពៃ​តឿ ខាត់ណា ស្ពៃក្រញាញ់ ស្ពៃស សាច់​ថាវ ម្រះ ត្រសក់​៘ ដែល​បន្លែ​ទាំងនេះ ពុំ​ប្រើប្រាស់​ថ្នាំ​គីមី​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ។

ក្នុង​ទឹកមុខ​ញញឹម​រីករាយ​កសិករ​ដាំ​បន្លែ​ទាំងនេះ​បាន​ថ្លែងប្រាប់ កោះសន្តិភាព ថា កាលពីមុន ពួក​គាត់​ដាំ​បន្លែ​ត​ៗ​គ្នា ដោយ​គ្មាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស​អ្វី​ទេ ដាំ​បាន​ប៉ុណ្ណា យក​ប៉ុណ្ណឹង បាន​តិច​ទុក​ហូប​ខ្លួនឯង បាន​ច្រើន​យក​ទៅ​លក់​ខ្លះ​ទុក​ខ្លះ ទៅ​តាម​ដំណើរ ហើយ​អ្នក​ដាំ​ក៏​មាន​ចំនួន​តិចតួច​ដែរ​។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តាំងពី​មាន​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​កសិកម្ម ចុះ​មក​បើក​វគ្គ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ដាំ​បន្លែ និង​របៀប​ប្រើប្រាស់​ជី​និង​ថ្នាំ​ធម្មជាតិ​អោយ​បាន​ត្រឹមត្រូវ ធ្វើ​អោយ​បន្លែ​ទទួល​បាន​ទិន្នផល​ខ្ពស់ អ្នក​ភូមិ​ទាំងអស់​ក៏​នាំ​គ្នា​ដាំ​បន្លែ​គ្រប់​ៗ​គ្នា​ពេញ​ភូមិ​តែ​ម្តង​។

ប្រជា​កសិករ​ទាំងនេះ​បាន​បញ្ជាក់​ថា បន្លែ​ដែល​ពួក​គាត់​ដាំ​បាន គឺ​មិន​ភ័យ​បារ​ម្ម​ណ៌​រឿង​ទីផ្សារ​នោះ​ទេ មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ ហើយ​គេ​មក​ប្រមូល​ទិញ​ដល់​រង​បន្លែ​តែ​ម្តង ដោយ​ពួក​គាត់​គ្រាន់តែ​កាត់​រួច​ច្រក​ថង់​ទុក តាម​ការ​កុម្ម​ង់​ទិញ​របស់​ម៉ូយ​ជា​ការ​ស្រេច ចំណែក​តម្លៃ​ក៏​ល្អ​គួរសម​អាច​ទទួលយក​បាន​ផង​ដែរ ។

​មុខរបរ​ដាំ​បន្លែ​សុវត្ថិភាព​នេះ បាន​ជួយ​អោយ​ជីវភាព​គ្រួសារ​ពួក​គាត់ បាន​ធូរធារ​ច្រើន​ណាស់ គឹ​ដោះស្រាយ​រួច​ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ៗ និង​សល់​ប្រាក់​សំរាប់​សន្សំ​នៅ​ក្នុង​គ្រួសារ​ថែម​ទៀត​ផង និយាយ​រួម​គឹ​ពួក​គាត់​អាច​រស់​យ៉ាង​ស្រួល​ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ឆ្ងាយ​ដូច​មុន​នោះ​ទេ​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ក្រៅពី​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទស មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​ជួយ​រក​ទីផ្សារ​ជូន​ដល់​ប្រជា​កសិករ​ទាំងអស់​ផង​ដែរ ដោយ​មន្ទីរ​បាន​អញ្ជើញ​ឈ្មួញ​ពី​ខាង​ភ្នំពេញ កំពង់ចាម និង​ត្បូងឃ្មុំ មក​ប្រជុំ​ពិភាក្សា​និង​អូស​ទាញ​អោយ​ក្រុម​ឈ្មួញ ជួយ​កម្ម​ង់​ទិញ​បន្លែ​សុវត្ថិភាព​របស់​ប្រជា​កសិករ យក​ទៅ​លក់​បន្ត​នៅ​លើ​ទីផ្សារ ក្នុង​ន័យ​ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​អ្នក​បរិភោគ​ផង និង​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ