ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​ឡានដឹក​ទំនិញ​ទម្លាយ​​រឿង​បង់​លុយ​​ឱ្យ​ជញ្ជីង​ថ្លឹង​…ថ្នូរ​​ដឹក​លើស​ទម្ងន់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​គ្រប់​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ចេញពី​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍​ដ៏​ធំ​មួយ នៅ​ស្រុក​រតន​មណ្ឌល ទៅ​កាន់​ទីផ្សារ​នានា​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ផ្ដល់​លេខ​រថយន្ត ​ឬ​ប្រភេទ​រថយន្ត​ជា​មុន​ ឱ្យទៅ​អ្នកគ្រប់គ្រង​ស្ថា​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នានា នៅ​តាម​ផ្លូវជាតិ​លេខ​៥ ដើម្បី​ងាយ​ស្រួល​​សម្គាល់​ពេល​បង់លុយ ជា​ថ្នូរ​នឹង​ការ​ដឹក​លើស​ទម្ងន់…

ខេត្តបាត់ដំបង​៖ «​គ្រប់​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ចេញពី​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍​ដ៏​ធំ​មួយ នៅ​ស្រុក​រតន​មណ្ឌល ទៅ​កាន់​ទីផ្សារ​នានា​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ផ្ដល់​លេខ​រថយន្ត ​ឬ​ប្រភេទ​រថយន្ត​ជា​មុន​ ឱ្យទៅ​អ្នកគ្រប់គ្រង​ស្ថា​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នានា នៅ​តាម​ផ្លូវជាតិ​លេខ​៥ ដើម្បី​ងាយ​ស្រួល​​សម្គាល់​ពេល​បង់លុយ ជា​ថ្នូរ​នឹង​ការ​ដឹក​លើស​ទម្ងន់ និង​មិន​ចាំបាច់​បើក​ឡើង​ជញ្ជីង​ថ្លឹង​​»​។ នេះ​ជា​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​ក្រុម​អ្នកបើកបរ​រថ​យន្ត​ដឹក​ទំនិញ​នានា ដែល​មិន​សប្បាយចិត្ត​និង​ក្រុម​ជញ្ជីង​នៅ​តាម​ផ្លូវជាតិ​ ។

ក្រុម​អ្នក​បើករថយន្ត​ដឹក​ទំនិញ​បាន​ទម្លាយ​រឿង​នេះ​ កាលពី​ស​ប្ដា​ហ៍​មុន​ ។ ពួក​គេ​បាន​និយាយ​ថា ស្ទើរ​គ្រប់​រថ​យន្ត​ទាំងអស់ ​ដែល​ដឹក​ស៊ីម៉ង​ត៍​ចេញពី​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍​ដ៏​ធំ​សម្បើម​មួយ នៅ​ស្រុក​រតន​មណ្ឌល សុទ្ធតែ​ផ្ទុក​លើស​ចំណុះ​ទ្វេ​ដង ជា​ពិសេស​រថយន្ត​ប្រភេទ​ «​ខ្លា​ឌឺ​ហ្វ​ម ឬ យី​ឌុ​ប​»​។ រថយន្ត​ប្រភេទ​នេះ ក្នុង​មួយ​គ្រឿង​ៗ អាច​ផ្ទុក​លើស​ទម្ងន់​ចន្លោះ​ពី​៥០​តោន ដល់​៨០​តោន ខណៈ​ដែល​រថយន្ត​ទាំងនេះ​ត្រូវ​បាន​កំណត់​ឲ្យ​ផ្ទុក​ទម្ងន់​ត្រិ​ម​តែ​ជិត​៣០​តោន​តែ​ប៉ុណ្ណោះ​។

អ្នក​បើករថយន្ត​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ ​បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បានដឹង អំពី​លក្ខ​ខណ្ឌ​​​រវាង​ក្រុម​រថ​យន្ត​ដឹក​ស៊ីម៉ង់​ត៍ ​ជាមួយនឹង​ពួក​ក្រុម​ជញ្ជីង​ថ្លឹង​នានា នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ។ ក្រុម​ជញ្ជីង​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍​ទាំងអស់ ត្រូវ​ផ្ដល់​លេខ​រថយន្ត និង​ប្រភេទ​រថយន្ត​នីមួយ​ៗ​ផង​ដែរ ឲ្យ​ពួក​គេ (​ពួក​ជញ្ជីង​) ជា​មុន ដើម្បី​ងាយ​ស្រូល​ចាំ​ពេល​បង់លុយ​។ រាល់​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ក្នុង​១​គ្រឿង​ត្រូវ​បង់​ឲ្យ​ទីតាំង​ជញ្ជីង​១​កន្លែង​ចំនួន​១០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​មិន​ចាំបាច់​ឡើង​ថ្លឹង​»​។

ក្រុម​អ្នក​បើករថយន្ត​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ទាំងនេះ បាន​លើក​ឡើង​ថា «​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ធម្មតា​ដូច​ពួក​ខ្ញុំ​.. ពេល​ដល់​កន្លែង​ជញ្ជីង​ត្រូវ​តែ​ឡើង​ថ្លឹង មិន​ថា ពេល​យប់​ឬ​ពេល​ថ្ងៃ​នោះ​ទេ បើ​ទោះជា​ដឹក​ទម្ងន់​ត្រិ​ម​ច្បាប់​កំណត់ ឬ ក្រោម​ច្បាប់​កំណត់​ក្តី គឺ​មិន​អាច​បើក​ហូ​ស​ជញ្ជីង​ឡើយ​។ ព្រោះ​ខ្ញុំ​ខ្លាច​ក្រុម​ជញ្ជីង​តាម​ចាប់បង្ខំ​ទា​ប្រាក់​ក្រៅផ្លូវការ​។ ប៉ុន្តែ​បើ​ក្រុម​រថយន្ត​ដឹក​ស៊ីម៉ង់​ត៏ ទោះ​មិនបាច់​ថ្លឹង​ក៏​អាច​បើក​បង្ហូ​សបាន​ដែរ ព្រោះ​ពួក​គេ​បាន​បង់លុយ​ជា​មុន​ជួន​មន្ត្រី​ជញ្ជីង​នៅ​តាម​ផ្លូវ​ទាំងនោះ​រួចរាល់​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង មួយ​រូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ដែរ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា នេះ​ថា សព្វ​ថ្ងៃនេះ​ខាង​មន្ទីរ​សា​ធារ​ណការ​ខេត្ត មិន​មាន​សិទ្ធ​ចុះ​ត្រូ​ត​ពិនិត្យ​លើ​រថយន្ត​ផ្ទុក​លើស​ចំណុះ​ទាំងនោះ​ទេ ​។ ព្រោះ​ការងារ​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ចំណុះ​នេះ ជា​ការ​ទ​ទូល​ខុស​ត្រូវ​ទាំងស្រុង​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ មន្ត្រី​ដដែល​នេះ​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត មាន​សិទ្ធ​ត្រិ​ម​តែ​ចុះ​ត្រូ​ត​ពិនិត្យ​ផ្នែក​បច្ចេកទេស​យានយន្ត​ប៉ុណ្ណោះ​។ ដូច្នេះ​ខាង​មន្ទីរ​សាធារណការ មិន​បានដឹង​រឿង​នេះ​ឡើយ​។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​គ្រប់គ្រង​ស្ថា​នី​យ៍ជញ្ជីង​ថ្លឹង​រថយន្ត​នានា នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​បាន​ឡើយ​ នៅ​ថ្ងៃ​ទី​២៧​ មិថុនា ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ ដោយសារ​តែ​នៅ​លើ​ផ្លូវជាតិ​នានា ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង មិន​មាន​ទីតាំង​ស្ថា​នី​យ៏​ជញ្ជីង​ថ្លឹង​រថយន្ត​។ ប៉ុន្តែ​ជុំវិញ​ករណី​នេះ​ដែរ បើ​តាម​ប្រភព​ពី​ក្រុម​អ្នក​ដឹក​ទំនិញ​ដដែល​បាន​ប្រាប់​ថា ក្រុម​រថយន្ត​ដឹក​ស៊ីម៉ង់​ត៏​ទាំងអស់​ត្រូវ​បាន​មន្ត្រី​ប្រចាំ​ស្ថា​នី​យ៏​ថ្លឹង​រថយន្ត​នីមួយ​ៗ ណែនាំ​ឲ្យ​ធ្វើ​ដំណើរ​ពេល​យប់ ដើម្បី​បិត​បាំង​ពី​ភ្នែក​មហាជន ​ឬ​អ្នក​សារ​ព័​ត៌​មាន​ដែល​ព្យាយាម​ថត​សកម្មភាព​មិន​ប្រក្រតី​រវាង​រថយន្ត​ និង​ទីតាំង​ជញ្ជីង​ថ្លឹង​ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ មាន​រថយន្ត​រាប់រយ​គ្រឿង ដែល​សំរុកចូល​ទៅ​ដឹក​ស៊ីម៉ង់​ត៍ ចេញពី​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ក្នុងស្រុក​រតន​មណ្ឌល​។ ប៉ុន្តែ​ក្រោយ​ពី​ឡើង​ស៊ីម៉ង់​ត៍​ពេញ​រថយន្ត​នីមួយ​ៗ​ហើយ ពួក​គេ​ត្រូវ​បើក​ចេញពី​ក្នុង​រោងចក្រ មក​សំចត​ហែរ​ហម​គ្នា​នៅ​តាម​ដងផ្លូវ​ខាងក្រៅ​រោងចក្រ​ជា​បណ្ដោះអាសន្ន​សិន ដោយ​រង​ចាំ​ចាប់ពី​ម៉ោង​៧​យប់​តទៅ ទើប​ពួក​គេ​ចេញដំណើរ​។ រថយន្ត​នីមួយ​ៗ​មិន​ចាំបាច់​ឡើង​ថ្លឹង​ទេ ពេល​ដល់​ស្ថា​នី​យ​ជញ្ជីង គឺ​បើក​បង្ហូ​ស​តែ​ម្ដង​។ ព្រោះ​ពួក​គេ​បាន​បង់លុយ​រួច​ជា​ស្រេច មុន​ពេល​បើករថយន្ត​ទៅ​ដឹក​ស៊ីម៉ង់​ត៍​នៅ​រោងចក្រ​ខាងលើ​។

ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ខាងលើ​នេះ ក្រុម​អ្នក​បើករថយន្ត​ដឹក​ទំនិញ បាន​ទាមទា​ឲ្យ​ខាង​ក្រសួង​ត្រូវ​មាន​វិធានការ​ស៊ើបអង្កេត​ជា​បន្ទាន់​។ ព្រោះ​មួយ​យប់​ៗ មាន​រថយន្ត​ផ្ទុក​ស៊ីម៉ង់​ត៏​រាប់រយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​លើ​ផ្ទូ​វ​ជាតិ​លេខ​៥ ដែល​មិន​បាន​ឡើង​ជញ្ជីង​ថ្លឹង​។ ជាមួយនឹង​សកម្មភាព​មិន​ប្រក្រតី​នេះ មហាជន​ក៏​បាន​លើក​ឡើង​ដែរ​ថា បើ​ករណី​ខាងលើ​នេះ​វា​បាន​កើតឡើង​ពិតប្រាកដ​មែន រវាង​ក្រុម​អ្នក​ដឹក​ស៊ីម៉ង់​ត៏ និង​ក្រុម​ជញ្ជីង​ថ្លឹង​ទាំងនេះ ពួក​គេ​មិន​ត្រិ​ម​តែ​បាន​ឃុំ​ឃិ​ត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ​ទេ គឺ​ពួក​គេ​ថែម​ទាំង​បាន​រួមដៃគ្នា​បំផ្លាញ​ផ្លូវថ្នល់​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ​។

ដូច្នេះ ​ក្រសួង​សាមី ឬស្ថាប័ន​ពាក់ព័ន្ធ​នានា គួរតែ​ចាត់វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​ទៅ​លើ​ក្រុម​អ្នក​ពាក់ព័ន្ធ​ទាំងនេះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ក្រុម​ឈ្មួញ​ទុ​ច្ច​រឹត​និង​ក្រុម​មន្ត្រី​ខិលខូច​ទាំងនោះ រួមដៃគ្នា​ប្រើ​ល្បិច​«​ត្រីងៀត​ឆ្លៀត​ពង​» ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ