ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គម្រោង​សំណង់ វិនិយោគ​ដោយ​ចិន​នឹង​រង​ផល​ប៉ះពាល់ ក្រោយ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែរ​រឺទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​ទាំងមូល ជា​ពិសេស​គម្រោង​អគារ​ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន ក្រោយ​មាន​ហេតុ​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ កន្លង​ទៅ​នាំ​ឲ្យ​មាន​ជន​រង​គ្រោះ​បាត់បង់​ជីវិត ២៨ នាក់​និង​របួស​២៦…

​រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​ទាំងមូល ជា​ពិសេស​គម្រោង​អគារ​ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន ក្រោយ​មាន​ហេតុ​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ កន្លង​ទៅ​នាំ​ឲ្យ​មាន​ជន​រង​គ្រោះ​បាត់បង់​ជីវិត ២៨ នាក់​និង​របួស​២៦ នាក់​ផ្សេង​ទៀត​នោះ ។

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​អោយ​ដឹង​ថា ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ចង់​មិន​ចង់វា​នឹង​មាន​ផល​អវិជ្ជមាន​ដល់​វិស័យ​សំណង់​នៅ​កម្ពុជា ជា​ពិសេស​សំណង់​ដែល​សាងសង់​ដោយ​វិនិយោគិន​ចិន​តែ​ម្តង ។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​ឯទៀត ត្រូវ​រឹត​បន្តឹង​ចំពោះ​សំណង់​ទូ​ទាំង​ប្រទេស ដើម្បី​អោយ​ពួក​គេ​ត្រូវ​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​អោយ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​បញ្ហា​នេះ​កើតឡើង​ម្ដងទៀត​នៅ​ថ្ងៃ​អនាគត ។ ​លោក​បាន​បន្ត​ថា អ្នក​វិនិយោគ ឬ​អ្នក​ដែល​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​សំណង់​ដោយ​ទិញ ឬ​ក៏​ជួល​អគារ​ខ្ពស់ ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​មាន​អារម្មណ៍​អវិជ្ជមាន​មួយ ក្រោយ​ការ​បាក់​រលំ​អគារ​នេះ ហើយ​អាច​នឹង​ដក​សេចក្តី​ទុកចិត្ត​ពី​ការ​វិនិយោគ​លើ​វិស័យ​នេះ ជា​ពិសេស​គម្រោង​របស់​ជនជាតិ​ចិន​ផ្ទាល់​តែ​ម្ដង ដូច្នេះ​ហើយ​វា​ក៏​នឹង​អាច​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​វិស័យ​អចលនទ្រព្យ តែ​យ៉ាងណា​វា​មិនធំ​ធេង​ពេក​នោះ​ទេ ។

​លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា « នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​រឹត​បន្តឹង​ចំពោះ​សំណង់​អត់​ច្បាប់ និង​សំណង់​មិន​ធ្វើ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ចាប់ពី​ពេល​នេះ​ទៅ កម្ពុជា​ត្រូវ​តែ​រឹត​បន្តឹង​ឡើង​វិញ នៅ​សំណង់​អត់​ច្បាប់​សាងសង់​និង​សំណង់​ដែល​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ កុំអោយ​កើត​មាន​ឡើង​នៅ​ថ្ងៃក្រោយ »​។ ​ពាក់ព័ន្ធ​ជាមួយនឹង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ លោក ច្រឹ​ក​សុខ​នី​ម បាន​សាទរ​និង​គាំទ្រ តែ​គណៈកម្មការ​នេះ មិន​គួរ​ត្រួតពិនិត្យ​តែ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ បន្តបន្ទាប់​គួរតែ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ធានា​ឱ្យ​បាន​ថា​សំណង់​នៅ​កម្ពុជា ត្រូវ​តែ​មានគុណ​ភាព​និង​មិន​មាន​បញ្ហា​នៅ​ពេល​ក្រោយ ។

​បើ​តាម​លោក សន សៀ​ប នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ ឃី​រៀល​អ៊ី​ស្ទេ​ត​បានអោយ​ដឹងផង​ដែរ​ថា លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​នោះ​ទេ ថា​វា​ប៉ះពាល់​ដល់​វិស័យ​សំណង់​កម្ពុជា​កម្រិត​ណា​នោះ តែ​កន្លង​មក​លោក​តែងតែ​ផ្ដល់​ជា​មតិយោបល់​ដល់​វិនិយោគិន​ដែល​ចង់​ទិញ​គម្រោង​វិនិយោគ ជា​អគារ​ខុន​ដូ រឺ​អា​ផាត់​មិន គឺ​ត្រូវ​រក​ភាព​ស្របច្បាប់​នៃ​គម្រោង​នោះ ។ មាន​ន័យ​ថា​តើ​គម្រោង​នោះ មានច្បាប់​អនុញ្ញាត​សាងសង់​ពី​ក្រសួង​ត្រឹមត្រូវ​ដែរ ឬ​អត់ មានច្បាប់​អនុញ្ញាត​ឱ្យ​សាងសង់​ដែរ ឬ​អត់ ។ ​លោក​បាន​បន្ត​ថា ការ​វិនិយោគ​លើ​ការ​ទិញ​គម្រោង​សំណង់​ខុន​ដូរ អា​ផាត់​មិន និង​គម្រោង​អគារ​ផ្សេង​ៗ​ទៀត ក្នុង​ករណី​មិន​ច្បាស់លាស់ គួរ​ស្វែងរក​មេធាវី ឬ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ ដើម្បី​ឱ្យ​ជួយ​ពួក​គាត់ ក្នុង​ការ​ស្វែងរក​ផ្លូវច្បាប់ និង​រក​ឱ្យ​ឃើញ​ថា​តើ​សំណង់​ដែល​បំរុង​នឹង​ទិញ​នោះ មានច្បាប់​ត្រឹមត្រូវ គួរ​ទិញ​ឬ​មិន​គួរ​ទិញ ជៀសវាង​មាន​បញ្ហា​នៅ​ថ្ងៃ​ខាង​មុខ ។ ​លោក​បាន​បន្ថែម​ថា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​រឿង​ល្អ​ណាស់ ព្រោះ​នៅ​ខេត្ត​នេះ​សំណង់​កើនឡើង​លឿន​ហួស​ពី​ការ​គិត ដូច្នេះ​ហើយ ត្រូវការ​មានការ​ត្រួតពិនិត្យ​អោយ​បាន​ម៉ត់ចត់ ជៀសវាង​សាសង់​ហើយ​ទើប​សុំ​ច្បាប់​ជា​ក្រោយ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សម្ដេច​នឹង​ចាត់ការ​នូវ​មន្ត្រី​ធំ​ណា​នៅ​ពីក្រោយ​សំណង់​អត់​ច្បាប់​នៅ​កម្ពុជា តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ភស្តុ​តាង​ណាមួយ​បង្ហាញ​ពី​មន្ត្រី​ធំ​ដែល​កាង​សំណង់​អត់​ច្បាប់​នៅឡើយ ។ សម្ដេច​មាន​ប្រសាសន៍ ថា​នឹង​មិន​ទុក​អោយ​អ្នក​កាង​សំណង់​អត់​ច្បាប់​នៅ​កម្ពុជា​បន្ត​ទៀត​នោះ​ទេ ។ ​គួរ​បញ្ជាក់​ថា គិត​ត្រឹម​៥​ខែ​ដំបូង ឆ្នាំ ២០១៩​នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ

កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ២,៨៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទុន​វិនិយោគ​ក្នុង​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ​ត្រឹម ជាង​១,៧៧​ពាន់​លាន ដុល្លារ​អា​មេ​រិ​កប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ