ខេត្តព្រះសីហនុ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៣ មិថុនា បានអញ្ជើញទៅដល់កន្លែងរលំអគារកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករកនិងសង្គ្រោះ ។ ក្រៅពីវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី វិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ក៏ធ្លាក់មកជាបន្ត បន្ទាប់ ខណៈការកាយគំនរបែកបាក់នៃអគារនៅសល់តែប្រមាណ២៥ភាគរយទៀតប៉ុណ្ណោះ ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដែលមានសមាសសភាពពីស្ថាប័នជំនាញចំនួន១៥រូប មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអភិបាលខេត្តព្រះសីហនុ ។
ភារកិច្ចរបស់គណៈកម្មការនេះ គឺត្រួតពិនិត្យបទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ។ គណៈកម្មការនេះ ក៏មាននាទីត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុម ហ៊ុនទទួលម៉ៅការសាងសង់ និងធ្វើបច្ចុប្បន្នភាពសំណង់ដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម ។

ចំណែកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលមាន៨ក្រុម ដើម្បីគាំទ្រដល់គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅឯខេត្តព្រះសីហនុនេះដែរ ។ សម្រាប់រដ្ឋបាលខេត្តព្រះសីហនុវិញ មានការបង្កើតក្រុមការងារដើម្បីសង្គ្រោះមនុស្ស រកជនពាក់ព័ន្ធដែលធ្វើឲ្យមានការធ្វេសប្រហែសលក្ខណៈបច្ចេកទេស និងការស្រាវជ្រាវបន្តបន្ទាប់ទៀត ។ នេះបើតាមការបញ្ជាក់របស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។
ក្រៅពីវិធានការខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះដែលស្លាប់និងរបួសក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុ ។ គិតរហូតមកដល់ពេលនេះ ជំនួយដែលទទួលបានពីសប្បុរសជនមានប្រមាណ១លាន២សែនដុល្លារអាមេរិក និង១៨០លានរៀល ។

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ