រាជធានីភ្នំពេញ ៖ កញ្ញាសុខ ពិសី ដែលជាតារាចំរៀងល្បីឈ្មោះមួយដួងប្រកបដោយរូបសម្បត្ដិស្រស់សោភា និងកំពុងរះភ្លឺចិញ្ចាចក្នុងពិភពសិល្បៈចំរៀងជាទីពេញនិយមរបស់យុវវ័យសម័យថ្មីនេះត្រូវបានប្រភពព័ត៌មាន
មួយបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី២៩ មីនា នាងនិងប្អូនស្រីជីដូនមួយរបស់នាងបានធ្វើដំណើរទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹង ប្ដឹងពីជនអនាមិកអគតិបាញ់ប្ល៊ូធូស៍រូបនាងកាឡៃធ្វើជារូបអាសអាភាសតាមរយៈទូរស័ព្ទដៃធ្វើឱ្យអាប់អោនដល់កេរិ៍្ដឈ្មោះរបស់នាង ។
តាមប្រភពដដែលនោះបានឱ្យដឹងទៀតថា ប៉ុន្មានថ្ងៃមកនេះមានជនអនាមិកដែលប្រើប្រាស់ទូរស័ព្ទដៃទំនើបៗបានបាញ់ប្ល៊ូធូស៍ បញ្ជូនរូបភាពផ្ញើទៅសង្សារ ឬមិត្ដភក្ដិរបស់គេ ដែលនៅក្នុងនោះគេឃើញមានរូបតារាចំរៀងម្នាក់ដែលមានមុខមាត់ដូចតារាចំរៀង សុខ ពិសី ត្រូវបានគេកាឡៃធ្វើជារូបស្រាតអាសអាភាសគួរឱ្យស្អប់ខ្ពើមជាទីបំផុត ។ ប៉ុន្ដែអ្នកដែលមានជំនាញខាងឌីហ្សាញបានបញ្ជាក់ថា រូបថតអាសអាភាសដែលពួកអ្នកលេងទូរស័ព្ទបាញ់ប្ល៊ូធូស៍ឱ្យគ្នាទៅវិញទៅមក ហើយគេនិយាយថា ជារូបកញ្ញាសុខ ពិសីនោះ គឺជារូបដែលគេកាត់តហើយការធ្វើដូច្នេះ គឺគេមានគោលបំណងធ្វើអាជីវកម្មរូបថត និងធ្វើដើម្បីសើចលេងរបស់ពពួកក្រុមជនអសីលធម៌ ។
ប្រភពដែលផ្ដល់ព័តមាននេះបាននិយាយទៀតថា ក្រោយពេលមើលឃើញរូបអាសអាភាសដែលមានដាក់ឈ្មោះថា “សុខ ពិសី” ទៀតនោះមិត្ដភក្ដិប្អូនស្រីជីដូនមួយរបស់កញ្ញាសុខ ពិសី បានយកដំណឹងនេះទៅប្រាប់ដល់នាងសុខ ពិសី ហើយថែមទាំងបានចាក់រូបភាពនោះឱ្យនាងមើលទៀតផង ។ ពេលឃើញគេកាត់យកមុខមាត់របស់នាងទៅតភ្ជាប់នឹងដងខ្លួនអាក្រាតយ៉ាងអាសអាភាសនេះភ្លាម កញ្ញាសុខ ពិសី មានការរន្ធត់ចិត្តខ្លាំងណាស់ ដោយនាងមិននឹកស្មានថា មានជនអគតិបានប្រឌិតរឿងឆ្កួតបែបនេះទេ។
ដើម្បីការពារនូវកិត្ដិយសរបស់នាងដែលកំពុងលេចធ្លោក្នុងវិស័យសិល្បៈចំរៀងសម័យនោះ កញ្ញាសុខ ពិសី អមដំណើរដោយប្អូនស្រីជីដូនមួយរបស់នាងម្នាក់បានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគររាជធានីភ្នំពេញ ដើម្បីសុំឱ្យសមត្ថកិច្ចជំនាញជួយធ្វើអន្ដរាគមន៍តាមស្រាវជ្រាវវែករកមុខជនអនាមិកអគតិនោះយកមកផ្ដន្ទាទោសតាមច្បាប់ ។ ពាក្យបណ្ដឹងរបស់តារាចំរៀងសុខ ពិសី នេះត្រូវបានសមត្ថកិច្ចទទួលជាផ្លូវការហើយ ប៉ុន្ដែត្រង់ទទួលបានជោគជ័យ ឬក៏យ៉ាងណានោះ គឺស្ថិតនៅលើការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ។
គេនៅចាំបានថា កាលពីពេលនាងមានគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិ លេខ៤រហូតដល់ម្ដាយបង្កើតជីដូនបង្កើត ទាំងខាងម្ដាយទាំងខាងឪពុក និងប្អូនស្រីជីដូនមួយរបស់នាងម្នាក់ស្លាប់បាត់បង់ជីវិត និងរូបនាងផ្ទាល់រងរបួសបាក់ភ្លៅនោះ មានស្ដ្រីម្នាក់នៅក្នុងស្រុកស្អាងបានដើរប្រាប់គេប្រាប់ឯង និងប្រាប់រហូតដល់ទស្សនាវដ្ដីថែមទៀតថា នាងសុខ ពិសីនេះជាកូនស្រីរបស់គាត់ តែគាត់បានលក់ទៅឱ្យគេក្នុងតំលៃ២០០ដុល្លារ។ តាមពិតរឿងនេះគឺជារឿងប្រឌិតសុទ្ធសាធ ពីព្រោះនាងសុខ ពិសី មិនមែនជាកូនស្រីរបស់ស្ដ្រីរូបនោះឡើយនាងគឺជាកូន របស់លោកសុខ ហេង និងម្ដាយដែលស្លាប់ដោយឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ ប្រាកដណាស់ដោយមានអ្នករស់នៅក្នុងអគារវប្បធម៌ខេត្ដកណ្ដាលធ្វើជាសាក្សីដឹងឮគ្រប់ៗគ្នា ។
ចែករំលែកព័តមាននេះ