រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័តបង្ហោះលើបណ្តាញផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ មិថុនា នេះថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវលើករណីចាប់មនុស្សជំរិតទារប្រាក់ ហើយជនរងគ្រោះជានាយកក្រុមហ៊ុនហ៊ុន Pan Well (សំណង់) បានកើតឡើងកាលពីថ្ងៃទី១៨ មិថុនា វេលាម៉ោងប្រហែល០៧និង៤៣នាទីយប់ ត្រង់ចំណតរថយន្តក្រោមដីជាន់ទី២ អគារ TK RoyalOne ដីឡូត៍លេខ១៥០ ផ្លូវ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៧និង៤៣នាទី ជនរងគ្រោះឈ្មោះ Hung Chung Chou ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ មុខរបរជានាយកក្រុមហ៊ុន Pan Well (សំណង់) បានចុះពីប្រជុំនៅអគារជាន់ទី២ TK Royal One ដែលមានទីតាំង នៅដីឡូតិ៍លេខ១៥០ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ខណៈពេលនោះ ជនរងគ្រោះបាននិងកំពុងដើរទៅយករថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-5629 លុះពេលកំពុងបើកទ្វាររថយន្ត ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក Lexus470 ពណ៌ទឹកមាស ជិះមកពីខាងក្រោយ ដោយមានជនសង្ស័យ៥នាក់ (ជាជនជាតិចិននិងខ្មែរ)មកធ្វើសកម្មភាពចាប់ក្រៀក ជនរងគ្រោះរុញចូលទ្វារក្រោយរថយន្ត Lexus470 យកស្កុត ពណ៌ពងមាន់រុំមាត់ និងមុខរួចដឹកយកទៅទុកនៅក្នុងបន្ទប់មួយមិនស្គាល់ទីតាំង ដោយធ្វើសកម្មភាពបង្ខាំងឃុំខ្លួនគំរាមសម្លាប់ រួចយកទំលាក់ចូលទឹកទន្លេ ដើម្បីគំរាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែងឲ្យមានសេរីភាពវិញ ។
ប៉ុន្តែជនរងគ្រោះ មានត្រឹម២ម៉ឺនដុល្លារអាមេរិកទេ ជនសង្ស័យក៏យល់ព្រម ហើយជនរងគ្រោះ បានឆាតទៅឈ្មោះ Chen Lihsien ជានាយករងក្រុមហ៊ុនPanWell តាមប្រព័ន្ធ Wechat ឲ្យវេរលុយ តាមវីងមកលេខជនសង្ស័យ 081 217 365 ។ ពេលជនសង្ស័យទទួលបានប្រាក់ចំនួន២ម៉ឺនដុល្លារហើយ ទើបជនសង្ស័យដឹកជនរងគ្រោះទៅទម្លាក់ចោលនៅដីអភិវឌ្ឍន៍ OCIC ផ្លូវ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារវិញ ហើយពួកគេបាននាំគ្នាគេចខ្លួនបាត់អស់ ។
ក្រោយកើតហេតុចាប់មនុស្សជំរិតទារប្រាក់នោះ កម្លាំងសមត្តកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះទៅសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា នៅថ្ងៃទី២០ ខែមិថុនា ដោយសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់នៅចំណុចមុខផ្សារ Makro សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះ Tsai Wen Yueh ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិចិន ដែលជាមេក្លោង ។ ២-ឈ្មោះ ញឹម សុធន់ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ ៣-ឈ្មោះ ផុង យ៉ែង ភេទប្រុស អាយុ២៨ឆ្នាំ និង៤. ឈ្មោះ Wu Cheng En ភេទប្រុស ជាជនជាតិចិន ។ កនុងនោះសមត្តកិច្ចបានធ្វើការដកហូតវត្ថុតាងរថយន្ត១គ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G-3768 (មធ្យោបាយធ្វើសកម្មភាព) អាវុធខ្លី២ដើមម៉ាក ឡុក វិក្កយ័ប័ត្រ Wing ខ្សែខ្នោះជ័រមួយដុំ និងស្កុតរុំ ។
ទោះជាយ៉ាងណាសមត្តកិច្ចនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលជាម្ចាស់ករណីដឹកនាំបង្ក្រាបបទល្មើសជម្រិតទារប្រាក់នេះ មិនទាន់ទម្លាយព័ត៌មានពិស្តារពីកិច្ចប្រតិបត្តការនោះនៅឡើយទេ គិតមកដល់ថ្ងៃទី២២ ខែមិថុនា នេះ ។ តែជនសង្ស័យទាំង៤នាក់ សមត្តកិច្ចបាន និងកំពុងឃាត់ខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបានត្រៀមសំណុំរឿង ដើម្បីបញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
ដោយឡែក បក្សពួកម្នាក់ទៀតមាន ឈ្មោះ Wei Yixian ភេទប្រុស ជាជនជាតិចិន សមត្ថកិច្ចបាននិង កំពុងស្នើសុំដីការបស់តុលាការ ដើម្បីតាមរកចាប់ខ្លួន ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ