រាជធានីភ្នំពេញ ៖ ការចូលទៅឃាត់បុរសបែកថ្នាំនេះ គឺរហូតដល់វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ កម្លាំងស្រមោចខ្មៅរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញប្រដាប់ដោយខែលនិងដំបងឆក់ បានទៅអន្តរាគមន៍ហើយឡើងទៅឃាត់ខ្លួនតែម្តង ។ ខណៈនោះ ជននេះបានស្រាតខោ ហើយយកដំបងដែកជ្រុងវាយមកលើសមត្ថកិច្ចពេលស្ទុះចូលទៅចាប់ និងបានលោតទម្លាក់ខ្លួនពីលើដំបូលកម្ពស់ប្រមាណ៨ម៉ែត្រធ្លាក់ទៅលើគំនរសំរាម និងត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធា
នីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
បគួរបញ្ជាក់ថា បុរសញៀនថ្នាំម្នាក់ដែលសង្ស័យបែកថ្នាំខ្លាំងពេក បានវាយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះហើយប្រមូលអីវ៉ាន់ដុត រួចរត់ឡើងទៅលើដំបូល ហើយត្រូវបានកម្លាំងកងអន្តរាគមន៍ ពិសេសស្រមោចខ្មៅរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រដាប់ដោយដំបងឆក់ និងខែលព័ទ្ធចាប់ ខណៈបុរសបែកថ្នាំនេះលោតទម្លាក់ខ្លួន ពីលើដំបូលផ្ទះដែលមានកម្ពស់ប្រមាណ៨ម៉ែត្រ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹករហូតដល់ម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែមិថុនា នៅភូមិអណ្តូងទី៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលពេលនោះសមត្ថកិច្ចក៏បានត្រៀមរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងដើម្បីអន្តរាគមន៍ផងដែរ ។
បុរសញៀនថ្នាំរូបនេះ ត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះ ប៉ន ស្រស់ អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ប្រពន្ធឈ្មោះ ចុង សុខលាភ អាយុ៤២ឆ្នាំ មានកូនប្រុស៣នាក់ ។តាមព័ត៌មានឲ្យដឹងថា នេះជាលើកទី២ហើយដែលជនញៀនថ្នាំនេះបានដុតផ្ទះរបស់ខ្លួនចោលដែលលើកទី១ កាលពីកំឡុងឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចដាក់ថ្នាំសណ្តំឃាត់ខ្លួនបានរហូតដល់យប់ជ្រៅ ។
តាមស្ត្រីជាប្រពន្ធបានឱ្យដឹងថា នាវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៩ ខែមិថុនា ប្តីរបស់គាត់បានវាយបំផ្លិចបំផ្លាញរបស់របរនៅក្នុងផ្ទះ ហើយគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលដើម្បីឱ្យជួយអន្តរាគមន៍ ។ នៅពេលនគរបាលទៅដល់ ប្តីគាត់បានប្រមូលអីវ៉ាន់ដាក់ក្នុងបន្ទប់ឡៅតឿដុតបំផ្លាញចោល រួចហើយរត់ឡើងទៅលើដំបូល ។
ស្ត្រីជាប្រពន្ធនិយាយទៀតថា ប្តីគាត់ជាមនុស្សញៀនថ្នាំអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយ ធ្លាប់ត្រូវចាប់ខ្លួនយកទៅដាក់នៅមណ្ឌលជាច្រើនដង ។ ជាមួយនេះ ក៏ធ្លាប់ដុតផ្ទះរួចរត់ឡើងទៅលើដំបូល ហើយត្រូវនគរបាលឃាត់ខ្លួ បញ្ជូនទៅសាលាដំបូងជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ចេញមកវិញក្នុងកំឡុងខែតុលាឆ្នាំ២០១៨ក៏បានវាយបំផ្លិចបំផ្លាញរបស់របរនិងដុតផ្ទះទៀត ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅព្រឹកនោះ បុរសញៀនថ្នាំរូបនេះ បានអង្គុយលើដំបូល ហើយយកដែកព្យួរខោអាវចាក់ខ្នងហូរឈាមពេញខ្លួន ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ