ជំងឺទឹកនោមផ្អែមត្រូវការរបៀបនៃការតមអាហារច្រើន ហើយក៏ត្រូវគិតច្រើនដងដែរមុននឹងសម្រេចចិត្តញ៉ាំអាហារនៅលើចានបាយ។ ហើយអ្នកក៏ត្រូវការតមបន្លែ និងផ្លែឈើជាច្រើនទៀតដែរ ។ យ៉ាងណាមិញ ការបន្ថែមម្ទេសប្លោកទៅក្នុងរបបអាហារមិនត្រឹមតែអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទេ តែក៏អាចជួយបន្ថយការ ប្រឈមនឹងផលវិបាកដល់សុខភាពដែលទាក់ទងនឹងជំងឺនេះដែរ ។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំម្ទេសប្លោក៖
១-បន្ថយការរំលាយជាតិកាបូអុីដ្រាតនិងខ្លាញ់ ៖ សារធាតុ Anthocyanins ដែលមានក្នុងម្ទេសប្លោកនឹងទៅទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមពីរប្រភេទឈ្មោះថា Alpha-glucosidase និង Lipase . Alpha-glucosidase មាននាទីជួយដល់ការរំលាយកាបូអ៊ីដ្រាតទៅជាគ្លុយកូស ចំណែកឯ Lipase វិញជួយបំបែកខ្លាញ់ទៅជាអាស៊ីតខ្លាញ់ ។ បើសិនជាការរំលាយកាបូអ៊ីដ្រាត និងខ្លាញថយចុះ ដូច្នេះកំហាប់របស់ជាតិស្ករក្នុងឈាម និងខ្លាញ់ក្នុងឈាមនឹងថយចុះដែរ ដូច្នេះការប្រឈមនឹងបញ្ហាលើសជាតិស្ករក្នុងឈាមនឹងត្រូវថយចុះ ហើយក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានទៀត ។
២-ទទួលបានអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា ៖ ជាមួយនឹងការកើនចំនួនជាតិស្ករក្នុងឈាម និងលើសជាតិខ្លាញ់ក្នុងឈាម អ្នកពិតជាងាយរងបញ្ហាសម្ពាធអុកស៊ីតកម្មណាស់។ ផ្ទេសប្លោកមានសារធាតុ Phytochemicals ខ្ពស់ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ សម្រាប់កម្ចាត់ចោលនូវរ៉ាឌីកាលសេរីដែលបញ្ចេញក្នុងខ្លួនដោយសារសម្ពាធអុកស៊ីតកម្ម និងជួយបន្ថយការប្រឈមនឹងផលវិបាកដល់សុខភាពដោយសារតែជំងឺទឹកនោមផ្អែមទៀតផង ។
៣-កាឡូរីទាប ៖ បើសិនជាអ្នកជាមនុស្សធាត់ជ្រុល ហើយមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺទឹកនោមផ្អែមទៀតនោះ អ្នកនឹងប្រឈមកាន់តែខ្ពស់នឹងជំងឺនេះដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានឱ្យដឹងថា ការញ៉ាំម្ទេសប្លោក ជាមួយនឹងការហាត់ប្រាណ នឹងជួយសម្រកទម្ងន់បាន ហើយក៏ជួយគ្រប់គ្រងជាតិស្ករបានល្អដែរ ។ ម្ទេសប្លោកនឹងជួយភ្ញោចដល់ការរំលាយជាតិខ្លាញ់ និងបង្កើនអត្រានៃការរំលាយអាហារ ដូច្នេះវានឹងគ្រប់គ្រងការធាត់ជ្រុលផង និងសុខភាពល្អផង ។
ការស្រាវជ្រាវដែលបានចុះផ្សាយក្នុងសារព័ត៌មាន Journal Natural Products Research បានបង្ហាញថា ម្ទេសប្លោកពណ៌លឿងផ្តល់ការគ្រប់គ្រងកម្រិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមបានល្អជាងម្ទេសប្លោកពណ៌បៃតង ហើយក៏អាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមបានដែរ ។ ម្ទេសប្លោកឆៅមានលក្ខណៈសម្បត្តិល្អជាងម្ទេសប្លោកឆ្អិន (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ