បណ្តាម៉ូដសម្លៀកបំពាក់ខ្មែរជាច្រើនឈុតត្រូវបានរំលេចឡើងដោយតារាកូរ៉េគ្រងបង្ហាញនៅលើវេទិកាលំដាប់អន្តរជាតិ ។ នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលអ្នកច្នៃម៉ូដខ្មែរត្រូវបានគេផ្តល់ឱកាសអោយសាងស្នាដៃ។
ដ្បិតថាវេទិកាអាស៊ានដែលប្រធានក្រុម BN Media អ្នកស្រី បូរ៉ានិច បានចូលរួមបង្ហាញត្រូវបាន បញ្ចប់ តាំងថ្ងៃទី១៥ មិថុនា នៅក្នុងប្រទេសកូរ៉េ ក៍គេកត់សម្គាល់ថាអ្នកស្រីនៅតែបង្ហាញមោទនភាព។

អ្នកស្រីថាសប្បាយចិត្តយ៉ាងខ្លាំង ដែលអ្នកស្រីត្រូវបានអញ្ជើញអោយតំណាងកម្ពុជា ក្នុងការច្នៃឈុត តំណាងជាតិ ដើម្បីអោយជនជាតិកូរ៉េស្លៀកបង្ហាញលើឆាកព្រឹត្តិការណ៍ ដោយជនជាតិកូរ៉េដែលគ្រងឈុត កម្ពុជាម្នាក់នោះ ក៍ទួលបានការចាប់អារម្មណ៍លើសលប់។

អ្នកស្រី បូរ៉ានិច បន្តថា គ្មានអ្វីសប្បាយចិត្តជាងបានលើកកិត្តិយសខ្មែរ លើឆាកអន្តរជាតិ ដោយអ្នកនាងប្រកាសថា ប្រសិនបើមានឱកាសចូលរួមឆ្នាំក្រោយ នោះនឹងខំច្នៃប្រឌិតស្នាដៃអោយកាន់តែល្អ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមួយ អោយអន្តរជាតិទទួលស្គាល់។

អ្នកស្រីថា កន្លងមកក្នុងនាមជាម្ចាស់ហាងកាត់សំលៀកបំពាក់នារីបូរ៉ានិច អ្នកស្រីធ្លាប់កែច្នៃសំលៀក បំពាក់ ដែលមានលក្ខណៈជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ និងក្នុងកម្មវិធីដើរម៉ូដធំៗច្រើនលើកមកហើយ ទើបអ្នកស្រីអាចផលិតស្នាដៃបានល្អ កាលទៅបង្អួតនៅកូរ៉េនោះ។ ការបង្ហាញនោះត្រូវបានធ្វើឡើងក្នុងកម្មវិធី ASEAN WeeK រំលឹកខួបអនុស្សាវរីយ៍លើក ទី30នៃកិច្ច សន្ទនាទំនាក់ទំនងគ្នារវាងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ