ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​តែ​បែក​ការណ៍​មិនដឹង​ថា លក់​ចេញ​បាន​ប៉ុន្មាន​ហើយ​ទេ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ បាន​ចុះ​ទៅ​ពិនិត្យ​សិប្បកម្ម​ផលិត​កាំបិត និង​ដាវ ព្រមទាំង​សាំ​ម៉ូ​រ៉ៃ តូច…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ បាន​ចុះ​ទៅ​ពិនិត្យ​សិប្បកម្ម​ផលិត​កាំបិត និង​ដាវ ព្រមទាំង​សាំ​ម៉ូ​រ៉ៃ តូច និង​ធំ​គ្រប់​ប្រភេទ​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​ដែល​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ។ ប្រតិបត្តិការ​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​សិប្បកម្ម​ផលិត​ដាវ​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​បាន​បើក​ដំណើរការ​ផលិត​យូរ​មក​ហើយ ប៉ុន្តែ​មានការ​ស្ងាត់​កំបាំង​ខ្លាំង​ណាស់ មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​បានដឹង​ឡើយ ហើយ​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ដែរ ដែល​មិនដឹង​ថា ក្រោយ​ពេល​ផលិត​បាន​សិប្បកម្ម​នេះ នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ណាខ្លះ​នោះ​ទេ ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បានដឹង​ថា មិន​ត្រឹមតែ​នាំ​ចេញ​ទៅ​លក់​ក្រៅប្រទេស​ប៉ុណ្ណោះ​ទេ គឺ​បាន​លក់​ឲ្យ​ក្រុម​ជន​ស្ទាវ ក្មេង​ទំនើង និង​ជនពាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា អ្វី​ដែល​ត្រូវ​បែក​ការណ៍​ពី​ទីតាំង​ផលិត​កាំបិត ដាវ និង​ដាវ​សា​ម៉ូ​រ៉ៃ រហូត​ដល់​ចុះ​ពិនិត្យ និង​បង្ក្រាប​បែប​នេះ គឺ​ក្រោយ​ពេល​កម្លាំង​ធ្វើការ​ស្រាវជ្រាវ ហើយ​ទទួល​បាន​ពី​អ្នក​ភូមិ​លួច​រាយការណ៍​ប្រាប់​​ដោយ​សម្ងាត់​។ បន្ទាប់​មក​កម្លាំង​បាន​ឃ្លាំមើល​បន្ត​ជា​ច្រើន​ថ្ងៃ​រហូត​កំណត់​យ៉ាង​ជាក់លាក់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សម្រេច​ចុះ​ទៅ​ពិនិត្យ និង​បង្ក្រាប​តែ​ម្ដង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​ទៅ​ដល់ទី​តាំង​នោះ​មិន​មាន​ស្លាក​យីហោ​ឡើយ ជា​សិប្បកម្ម​ខ្នាត​តូច​មួយ ហើយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ដែល​តាម​ការ​ស្រាវជ្រាវ​ទី​នេះ​ក្រោយ​ពេល​ផលិត​បាន​កាំបិត ដាវ និង​ដាវ​សា​មូ​រ៉ៃ​ទាំងនោះ​ភាគច្រើន​ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​ចំណែក​មួយ​ចំនួន​ទៀត​លក់​នៅ​ក្នុងស្រុក ហើយ​មាន​ក្រុម​បង​តូច​បងធំ និង​ជន​អន្ធពាល ក្រុម​ក្មេង​ទំនើង​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​អាក្រក់​ថែម​ទៀត​ផង​។

បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ដកហូត​យក​ដាវ កាំបិត និង​ដាវ​សា​មូ​រ៉ៃ​ទាំងនោះ​ទៅ​រក្សា​ទុក ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​ថៅកែ​សិប្បកម្ម និង​ហៅ​បុរស​អ្នកបម្រើ​ការងារ​ក្នុង​សិប្បកម្ម​នេះ ចំនួន​៤​នាក់​ទៀត​ទៅ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ