រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញដេរ ដោយឥតគិតថ្លៃ សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ តែគ្មានបទពិសោធន៍។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី១១ ខែធ្នូនេះថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗសម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន ៦ និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
លោក ស៊ុន មេសា បានឱ្យដឹងបន្តថា បងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ អាចមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដេរតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយនឹងទទួលបានអត្ថប្រយោជន៍ ដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅពេលចូលបម្រើការងារ។

អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលជំនាញដេរនេះ គឺអនុញ្ញាតឱ្យសិក្ខាកាមទាំងពីរភេទអាចចុះឈ្មោះចូលរួម ដោយត្រូវមានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ លោកថា បងប្អូនអតីតពលកររស់នៅក្នុងខេត្តណាក៏ដោយ ក៏អាចចុះឈ្មោះបានដែរ គ្រាន់តែត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនៅរោងចក្រកាត់ដេរស្ថិតក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។
លោក ស៊ុន មេសា បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ ដែលវគ្គនីមួយៗមានសិក្ខាកាម ៣៥នាក់ សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។
សម្រាប់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋ មានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងទទួលបានការងារ អាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខ ០៧៦ ៨៦៣ ៣៤៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤៣៦/ ០៧១ ៤៨៨ ៨៩០៥៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ