រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលជើងទឹក ប្រចាំការនៅគោលដៅក្រោមស្ពានព្រះមុន្នីវង្ស បានចេញអន្តរាគមន៍ជិះអូប័រតាមចាប់ឃាត់ខ្លួនពួកគេនៅលើដងទន្លេ បន្ទាប់ពីពួកគេធ្វើសកម្មភាពចែវទូវទូកទៅលួចទូកមួយទៀត ពីកំពង់ផែមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើសកម្មភាពលួចទូករបស់កំពង់ផែមួយកន្លែង មានឈ្មេាះ វេងស៊ីសរដ្ឋករទឹក មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេបាសាក់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយត្រូវបានកម្លាំងនគរបាលសហការគ្នាតាមឃាត់ខ្លួនបាន នៅចំណុចដងទន្លេបាសាក់ដដែល ខាងក្រោមស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃខែដដែល ។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ពំុត្រូវបានស្គាល់អត្តសញ្ញាណ ដោយគ្រាន់តែដឹងថា ពួកគេជាជនជាតិវៀតណាម ពំុសូវចេះនិយាយភាសាខ្មែរ ។ យោងតាមប្រភពព័ត៌មានអោយដឹងថា នៅវេលាកើតហេតុ ក្រុមជនសង្ស័យ៣មានគ្នា៣នាក់ បានចែវទូកចំនួន២ទូក សំដៅទៅផែរបស់រដ្ឋករទឹកខាងលើ ក្នុងគោលបំណងទៅលួចទូកមួយគ្រឿងទៀត ដែលចតចងខ្សែទុកចោលនៅមាត់ច្រាំងទន្លេខាងលើ ។

នៅវេលាទាបភ្លឺថ្ងៃខែដដែលនេាះ ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពលួចទូកបានសម្រេច ហើយពួកគេក៏ព្យាយាមសណ្តោងទូកដែលួចបានចាកចេញពីទីតាំងកើតហេតុ ឆ្ពេាះសំដៅទៅត្រើយខាងត្បូង លុះជិះជិតដល់ស្ពានព្រះមុន្នីវង្សចាស់ ពួកគេក៏យកទូកដែលលួចបានទុកចោលនៅមាត់ច្រាំងទន្លេសិន ហើយនាំគ្នារត់គេចខ្លួន ។

រហូតមកទល់នឹងវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃខែដដែល ជនសង្ស័យ២នាក់ ក្នុងចំណោមគ្នីគ្នាពួកគេទាំង៣នាក់ខាងលើ បានចែវទូកមកវិញដើម្បីយកទូកដែលពួកខ្លួនលួចបានយកទៅវិញ ក៏ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលជើងទឹកប្រចាំការនៅគោលដៅចំណុចក្រោមស្ពានព្រះមុន្នីវង្ស ចេញអន្តរាគមន៍ ដោយជិះអូប័រតាមចាប់ពួកបាននៅលើដងទន្លេតែម្តងទៅ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវប្រគល់ជូនកម្លាំងនគរបាលខណ្ឌចំការមន ដើម្បីយកទៅសាកសួរនាំបន្ថែមក្នុងការបន្តនីតិវិធីច្បាប់ ។ ដោយឡែកចំពេាះ ទូកចំនួន២គ្រឿង ក្នុងនេាះមួយគ្រឿងជាទូចែវធម្មតា ( របស់ក្រុមជនសង្ស័យ ) និង១គ្រឿងទៀតជាទូកមានម៉ាស៊ីន ( ជារបស់កំពង់ផែរដ្ឋករ ) ក៏ត្រូវធ្វើសំណំុឯកសារប្រគល់ជូនទៅនគរបាលខណ្ឌចំការមន ដើម្បីបន្តវិធីដូចគ្នាផងដែរ ពីព្រេាះ ដំណើររឿងហេតុខាងលើនេះ គឺកើតឡើងក្នុងទឹកដី នៃខណ្ឌចំការមន ៕




ចែករំលែកព័តមាននេះ