ខេត្តកណ្ដាល ៖ ផ្ទះឈើលើថ្មក្រោមមួយខ្នងរួមជាមួយទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ចំណែកផ្ទះតៀម១ខ្នងទៀតដែលនៅជាប់គ្នានោះក៏បានរងការខូចខាតមួយផ្នែកយ៉ាងដំណំផងដែរ ដែលសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ។

គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនោះមានទំហំទទឹងប្រវែង៦ម៉ែត្រ និងបណ្ដោយប្រវែង៨ម៉ែត្រ សង់ពីថ្មខាងក្រោម និងឈើខាងលើ ដំបូលប្រក់ក្បឿង ហើយម្ចាស់ផ្ទះឈ្មោះ ឈា សាវ៉ុក ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះ មុំ សាមន អាយុ៣៥ឆ្នាំ ។ ចំណែកផ្ទះតៀមខ្នងទៀតដែលរងការខូចខាតដែរនោះ សង់ពីថ្ម ដំបូលប្រក់ស័ង្កសី មិនត្រូវបានស្គាល់ឈ្មោះម្ចាស់ឡើយ។

តាមប្រភពពីនគរបាលបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រីម្ចាស់ផ្ទះបានដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ខណៈនោះភ្លើងបានចាប់ផ្ដើមឆេះនៅខាងលើ ហើយគាត់ដេកលង់លក់មិនបានដឹងថា មានភ្លើងឆេះផ្ទះឡើយ រហូតដល់ភ្លើងឆេះពេញបន្ទុកទៅហើយ ទើបអ្នកជិតខាងឃើញក៏ស្រែកឆោឡោ និងមានការភ្ញាក់ផ្អើលតែម្តង ។

តាមប្រភពដដែលបានបន្តថា ពេលនោះអ្នកជិតខាងក៏បាននាំគ្នាស្រែកហៅស្ត្រីជាម្ចាស់ផ្ទះឲ្យក្រោករត់ចេញមកក្រៅ ទើបគ្មានគ្រោះថ្នាក់ ហើយអ្នកភូមិបាននាំគ្នាជួយពន្លត់ដែរ ប៉ុន្តែភ្លើងមិនរលត់ឡើយ រហូតដល់នគរបាលប៉ុស្តិ៍បែកចាន និងនគរបាលចរាចរស្រុកអង្គស្នួលបានចេញអន្តរាគមន៍នាំយករថយន្តពន្លត់អគ្គីភ័យ២គ្រឿងដែលប្រចាំការនៅសាលាស្រុកអង្គស្នួលនិងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ចំនួន២គ្រឿងទៀតទៅបាញ់ពន្លត់ភ្លាមៗ ហើយភ្លើងក៏បានរលត់ទាំងស្រុងផងដែរ។

តាមប្រភពដដែលបានបន្តទៀតថា ក្រៅពីផ្ទះទាំង២ខ្នងខាងលើដែលរងការខូចខាតយ៉ាងដំណំ គឺភ្លើងមិនបានឆេះរាលដាលដល់ផ្ទះផ្សេងទៀតឡើយ ចំណែកមូលហេតុដែលនាំឲ្យមានអគ្គិភ័យឆាបឆេះផ្ទះទាំង២ខ្នងនេះកើតឡើង ត្រូវបានគេសង្ស័យថាផ្ដើមចេញពីទុស្សចរន្តអគ្គីសនី៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ