រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអន្តរជាតិធំមួយដែលជាម៉ាកសញ្ញាលំដាប់ពិភពលោករបស់អាមេរិក និងជាក្រុមហ៊ុនមួយស្ថិតនៅក្នុងចំណោមក្រុមហ៊ុនអន្តរជាតិល្បីៗចំនួន២០ ដែលបញ្ជាទិញទំនិញវាយនភណ្ឌពីកម្ពុជាធ្លាប់បានសរសេរលិខិតជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីក្តីបារម្មណ៍ករណីប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់កម្ពុជាថាអាចត្រូវដកហូតដោយអឺរ៉ុបនោះ បានអះអាងថាខ្លួននឹងបង្កើនការបញ្ជារទិញពីកម្ពុជា ជាពិសេស បានអះអាងថានឹងធ្វើការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ទៀតផង ។
ជាមួយគ្នានោះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តថា នឹងប្រែក្លាយឱ្យកម្ពុជាទៅជា ដែនដីមួយសម្រាប់ជាចំណាប់អារម្មណ៍របស់វិនិយោគិនបរទេស ក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យនានាដែលកំពុងសក្ដានុពល ក្នុងពេលកំណើនសេដ្ឋកិច្ច បានរក្សារង្វង់ប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំ ជាពិសេសនោះគឺស្ថិរភាពនយោបាយ ។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយអនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ាក NIKE ដ៏ធំរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៥ មិថុនា ។ លោកបានប្រាប់អំពីវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។
លោក គ្រីស ហេលហ្សឺ អនុប្រធានក្រុមហ៊ុន NIKE បានអោយដឹងថា កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម នឹងអាចទាក់ទាញវិនិយោគិនបរទេសជាច្រើនទៀត មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ។ អ្នកបញ្ជារទិញដ៏ធំមួយនេះ បានបញ្ជាក់ថា «យើងពិតជាអរគុណណាស់ ចំពោះការចែករំលែកនូវព័ត៌មានសំខាន់ពីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់វិស័យឯកជន ដូចជាកាត់បន្ថយនូវថ្លៃចំណាយនានា ការបន្ធូរបន្ថយនូវបន្ទុកមួយចំនួន ដែលវិស័យឯកជនបានជួបប្រទះនៅពេលកន្លងមកជាដើម»។ លោកបន្តថា កម្ពុជា មានអនុលោមភាពខ្ពស់ទៅនឹងស្តង់ដារពលកម្មអន្តរជាតិ តាមរយៈកម្មវិធីត្រួតពិនិត្យរោងចក្រនានាដែលបានអនុវត្តជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ចំពោះក្រុមហ៊ុនដូចជា NIKE អនុលោមភាពស្ដង់ដារពលកម្មអន្តរជាតិ ជាកត្តាមួយចម្បងផងដែរក្នុងការវិនិយោគ និងធ្វើការបញ្ជាទិញ ហើយក្រុមហ៊ុន NIKE នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយយោងលើកត្តានេះ ។
លោក គ្រីស ហេលហ្សឺ អនុប្រធានក្រុមហ៊ុន NIKE បានឲ្យដឹងថា «ក្រុមហ៊ុន NIKE នឹងបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ផ្តល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា» ។
សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសស្វា គមន៍ដល់វិនិយោគិនមកពីគ្រប់ទិសទី ដែលមានបំនងវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយមន្ត្រីសំខាន់ៗរបស់កម្ពុជា ក៏នឹងរង់ចាំសហការនិងសម្រួលដល់ការវិនិយោគរបស់បរទេសនៅលើទឹកដីព្រះរាជណាចក្រកម្ពុជា ។ ការណ៍នេះបានធ្វើអោយកម្ពុជាទទួលបានទុនវិនិយោគកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក ដោយមានគម្រោងអភិវឌ្ឍន៍ចំនួន ១១៥គម្រោង ។
សូមរម្លឹកថា NIKE គឺជាក្រុមហ៊ុនអន្តរជាតិមួយក្នុងចំណោម២០ក្រុមហ៊ុនផ្សេងទៀត ដូចជាក្រុមហ៊ុន Adidas, Nike, Gap និងក្រុមហ៊ុន Levi ជាដើម ដែលជាក្រុមហ៊ុនបញ្ជាទិញទំនិញផ្នែកវាយនភណ្ឌ ដូចជាសម្លៀកបំពាក់ ស្បែកជើង និងទំនិញជាសម្ភារសម្រាប់ការធ្វើដំណើរ ដូចជាកាបូប វ៉ាលិសជាដើម គិតជាទឹកប្រាក់ប្រមាណជា៩,៥ ពាន់លានដុល្លារអាមេរិក ពីអ្នកផ្គត់ផ្គង់នៅកម្ពុជា ធ្លាប់បានស្នើ សម្តេចនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាសម្រួលកុំឲ្យបាត់បង់ EBA របស់កម្ពុជា ៕កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ