ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​នគរ​បា​ជ័យ​ទី​ពេញ​និយម ថត​Pre-wedding

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ប្រាសាទ​នគរ​បា​ជ័យ ជា​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ​មួយ​នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​បាន​ប្រែ​ក្លាយជា​ទីកន្លែង​ថត Pre-wedding ដ៏​ពេញ​និយម ។ ប្រាសាទ​នគរ​បា​ជ័យ​ស្ថិត​នៅ​ឃុំ​អំពិល​ស្រុក​កំពង់សៀម…

ខេត្តកំពង់ចាម​៖ ប្រាសាទ​នគរ​បា​ជ័យ ជា​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ​មួយ​នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​បាន​ប្រែ​ក្លាយជា​ទីកន្លែង​ថត Pre-wedding ដ៏​ពេញ​និយម ។ ប្រាសាទ​នគរ​បា​ជ័យ​ស្ថិត​នៅ​ឃុំ​អំពិល​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​១២២​គីឡូម៉ែត្រ និង​ពី​ទីរួមខេត្ត​កំពង់ចាម​ប្រមាណ​២​គីឡូម៉ែត្រ ។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា​ប្រាសាទ​នគរ​បា​ជ័យ កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ព្រះរាជ​បំណង​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​សាសនា​មហាយាន ។ ក្រោយមក​ប្រាសាទ​នេះ​រង​នូវ​ការ​ដាប់​បំផ្លាញ​ព្រះពុទ្ធ​បដិមា និង​ផ្នែក​មួយ​ចំនួន​នៃ​ប្រាសាទ ដើម្បី​កែប្រែ​ប្រាសាទ​នេះ​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​វិញ ។

រហូត​ដល់​ចន្លោះ​សតវត្សរ៍​ទី​១៦-១៧ ពោល​គឺ​នៅ​អំឡុង​ចុង​សម័យ​ចតុមុខ​ក្នុង​រាជ​ព្រះបាទ​ស្រី សុគន្ធ​បទ និង​ដើម​សម័យ​លង្វែក​ក្នុង​រាជ​ព្រះបាទ​ច័ន្ទ​រាជា បុរាណ​ស្ថាន​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ទៅ​ជា​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​ហិន​យាន​វិញ ដោយ​បាន​រុះរើ​ជួសជុល​ប្រាង្គ​កណ្ដាល​ទៅ​ជា​ទម្រង់​ថ្មី​មាន​កំពូល​ស្រួច​រាង​ដូច «​ចេតិយ​»​។ បច្ចុប្បន្ន​ប្រាសាទ​នគរ​បា​ជ័យ​ក្លាយជា​រមណីយដ្ឋាន​វប្បធម៌​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ខេត្តកំពង់ចាម និង​ពី​បណ្ដា​ខេត្ត​ដទៃ​ថតរូប​មុន​ថ្ងៃ​រៀប​អា​ពា​ណ៍​ពិ​ពា​ណ៍ ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​បុរាណ ដោយ​អ្នក​ខេត្តកំពង់ចាម​ចាត់​ទុក​ប្រាសាទ​នេះ​ប្រៀប​ដូច​ជា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តកំពង់ចាម​ដែរ ។

លោក​អនុសេនីយ៍ឯក​មូល ដា​ណែ​ត នគរបាល​ទេសចរណ៍​ប្រចាំការ​នៅ​ប្រាសាទ​នគរ​បា​ជ័យ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​បច្ចុប្បន្ន​នេះ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​នគរ​បា​ជ័យ​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្រៅពី​ភ្ញៀវ​ទេសចរ លោក​សង្កេត​ឃើញ​ប្រាសាទ​នគរ​បា​ជ័យ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ទៅ​ថត Pre-wedding ច្រើន​គួរសម ។

លោក​សុខ សុ​ផា​និត្យ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម ឱ្យ​ដឹង​ថា​ប្រាសាទ​នគរ​បា​ជ័យ​កំពុង​តែ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ចូល​ទស្សនា​របស់​ភ្ញៀវ​ទេសចរ និង​អ្នក​ទៅ​ថត Pre-wedding ។ មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​តែងតែ​យកចិត្តទុកដាក់​ចំពោះ​តម្លៃ​លក់ដូរ​របស់​អាជីវករ​ជា រឿយ​ៗ ពិសេស​នៅ​ពេល​ពិធីបុណ្យ​ធំ​ៗ ដែល​មាន​អ្នកទេសចរ​ច្រើន​ទៅ​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្តកំពង់ចាម ។ មិនតែប៉ុណ្ណោះ​ក៏​បាន​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់​អំពី​បញ្ហា​អនាម័យ​ទៅ​ដល់​អាជីវករ និង​ទេសចរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ