ហ្វាន ភីងភីង (Fan Bingbing) កំពូលតារាសម្តែងជនជាតិចិន មិនសូវបង្ហាញខ្លួនជាសាធារណៈទេ ក្រោយពីមានរឿងអាស្រូវគេចពន្ធកាលពីឆ្នាំមុន ទន្ទឹមនេះមានពាក្យចចាមអារ៉ាមផ្សាយក្នុងសារព័ត៌មានជាភាសាចិនថា នាងប្រហែលជាកំពុងមានផ្ទៃពោះ ។
តារាសម្តែងរូបស្រស់អាយុ៣៧ឆ្នាំរូបនេះទើបតែបើកហាងលក់គ្រឿងសំអាង «Fan Beauty Secret» កាលពីពេលថ្មីៗកន្លងមក ។ ក្នុងពេលចុងក្រោយនេះ «ETtoday» របស់តៃវ៉ាន់ និង «Oriental Daily News» របស់ហុងកុងផ្សាយថា ក្ដីស្រមៃក្លាយជាម្ដាយរបស់ ហ្វាន ភីងភីង អាចក្លាយជាការណ៍ពិត ព្រោះគេសង្កេតឃើញនាងពាក់អាវរលុងខុសប្រក្រតី និងកើនទម្ងន់ ។
កាលពីឆ្នាំ២០១៩លេចឮដំណឹងថា ហ្វាន ភីងភីង និងលោក លី ឆេន (Li Chen) គូដណ្ដឹងអាយុ៤០ឆ្នាំ ដែលសុំនាងរៀបការកាលពីឆ្នាំ២០១៧ បាននាំគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ ប៉ុន្តែពួកគេមិនបានបញ្ជាក់ ឬបដិសេធដំណឹងនេះទេ ។
ស្របពេលជាមួយគ្នានេះក៏មានដំណឹងចចាមអារ៉ាមថា ហ្វាន ភីងភីង អាចមានគភ៌ កាលពីខែមីនា ក្រោយពីនាងទៅចូលរួមបើកហាងកែសម្រស់ដោយពាក់ស្បែកជើងស្មើធម្មតាហើយលោកលី ឆេន ក៏ចូលរួមដែរ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ