ប្រទេសបារាំង ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជា ចូលរួមវេទិការបស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ដែលបានរួមចំណែកធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ។

ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ ការពង្រឹងសមត្ថភាពរបស់អង្គការវិជ្ជាជីវៈខាងនិយោជក និងកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យ ទំនាក់ទំនងវិជ្ជាជីវៈផងដែរ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ