យាយអឿន ត្រូវបានប្រកាសដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខណ្ឌមន្ត្រីរាជការត្រឹមឋានន្តរស័ក្តិផ្កាយ១
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាជើងចាស់ លោកស្រី សឿន សំអឿន ហៅយាយអឿន បានប្រកាសដាក់ឲ្យចូលនិវត្តន៍ក្នុងក្រមខណ្ឌជាមន្ត្រីរាជការហើយ បន្ទាប់ពីលោកស្រីបានចូលបម្រើការងារជាទាហានក្នុងកងអង្គរ័ក្សអស់រយៈពេលជាង៣០ឆ្នាំ ដោយបច្ចុប្បន្នលោកស្រីមានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ។

ក្រោយការដាក់ឲ្យចូលនិវត្តន៍នាពេលនេះ តារាកំប្លែង យាយអឿន បានប្រកាសទុកពេលវេលាចុងក្រោយសម្រាប់បន្តមើលចៅរបស់លោកស្រី ក្នុងពេលដែលបច្ចុប្បន្នលោកស្រីមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយផងដែរ ។

លោកស្រី សួន សំអឿន ហៅយាយអឿន បានបញ្ចេញរូបភាពបង្ហោះលើបណ្តាញសង្គម ដោយគ្រងឯកសណ្ឋានជាមន្ត្រីទាហាន ដែលបានបម្រើការតាំងតែមានឋានន្តរស័ក្តិតូច រហូតទទួលបានស័ក្តិផ្កាយមួយដែលមានរយៈពេល៣៤ឆ្នាំ នៅមុនពេលលោកស្រីត្រូវបានដាក់ឲ្យចូលនិវត្តន៍នាពេលនេះ ។

ជាមួយនឹងរូបភាពទាំងនេះយាយអឿន ក៏បានភ្ជាប់ជាមួយនឹងសំណេរថា ៣៤ឆ្នាំវាពិតជាលឿន ហើយក៏ដល់ពេលសម្រាកពីការងារទុកពេលជួបជុំកូនចៅចៅទួតបន្តទៀតអរគុណសន្តិភាព ។
យ៉ាងណា ក្រោយពីយាយអឿន បានបង្ហោះរូបភាព និងសំណេរខាងលើនេះ គេបានឃើញមហាជន ជាពិសេស អ្នកសិល្បៈជាច្រើនបានចូលទៅខំមិនពីក្រោម ដោយម្នាក់ៗបានជូនពរលោកស្រីមានសុខភាពល្អ និងអាយុយឺនយូរ ។

គួរបញ្ជាក់ថា លោកស្រី សួន សំអឿន ហៅយាយអឿន មានស្រុកកំណើតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយលោកស្រីបានចូលប្រឡូក្នុងវិស័យសិល្បៈក្នុងអំឡុងឆ្នាំ១៩៩១ បន្ទាប់ពីលោកស្រីបានប្រឡងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រឡងចម្រៀងអាយ៉ៃថ្នាក់ជាតិ ។
លោកស្រីក៏ធ្លាប់ជាមន្ត្រីរាជការម្នាក់នៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ដែលគ្រានោះ លោកស្រីក៏បានចាប់អាជីពមួយទៀត ជាតារាកំប្លែងដោយមានប្រធានក្រុមគឺលោក ជួង ជី ហៅនាយកុយ ខណៈរហូតមកទល់នាពេលនេះ លោកស្រីបានបន្សល់ទុកនូវស្នាដៃជាច្រើនមិនថា ចម្រៀងអាយ៉ៃ សម័យ សម្តែងភាពយន្តនិងកំប្លែងនោះឡើយ ។

យ៉ាងណា ក្នុងរយៈពេលចុងក្រោយនេះ លោកស្រី សួន សំអឿន ហៅយាយអឿន ទំនងជាមិនអាចវិលមកកាន់អាជីពសិល្បៈទៀតឡើយ ដោយសារលោកស្រីមានវ័យកាន់តែចាស់ជរា និងមានជំងឺប្រចាំកាយ ដោយធ្វើដំណើរដោយកាន់តែឈើច្រតប៉ុណ្ណោះ ក្រោយពីលោកស្រីបានរអិលដួលបាក់ឆ្អឹងត្រកៀក ។

ទោះជាយ៉ាងណា បើទោះបីជាវ័យកាន់តែជរា និងមានជំងឺនាពេលនេះក៏ដោយ ប៉ុន្តែលោកស្រី សួន សំអឿន នៅតែនឹករលឹកទៅដល់អាជីពសិល្បៈដដែល ប៉ុន្តែកូនៗរបស់លោកស្រីមិនអនុញ្ញាតឲ្យលោកស្រីវិលមកវិញឡើយ ដោយកូនៗធានាចិញ្ចឹម ព្រោះឃើញលោកស្រីមានការហត់នឿយច្រើនឆ្នាំហើយនៅក្នុងវិថីមួយនេះ៕









ចែករំលែកព័តមាននេះ